The Phnom Penh Post Search

Search form

ស្ពាន​លុយ​ ជា​គេហ​ទំព័រ​ប្រៀប​ធៀប​កម្ចី​ដំបូង​នៅ​កម្ពុជា

Content image - Phnom Penh Post
អតិថិជន​កំពុង​ទទួល​ប្រាក់​ពី​បុគ្គលិក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​នៅ​សាខា​ក្រុង​ភ្នំពេញ​​។ ហុង មិនា

ស្ពាន​លុយ​ ជា​គេហ​ទំព័រ​ប្រៀប​ធៀប​កម្ចី​ដំបូង​នៅ​កម្ពុជា

ភ្នំពេញៈ ស្ពាន​លុយ (Spean Luy) ដែល​ជា​គេហ​ទំព័រ​ទីមួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រៀប​ធៀប​រយៈពេល​កម្ចី និង​អត្រា​ការ​ប្រាក់​របស់​ផលិតផល​កម្ចី​ពី​គ្រឹះស្ថាន​ផ្ដល់​ឥណទាន​នានា​នៅ​កម្ពុជា កំពុង​ជួយ​អ្នក​ខ្ចី​ប្រាក់​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ទីផ្សារ​ឥណទាន​។

អាជីវកម្ម​បង្កើត​ថ្មី​នេះ​ដែល​បច្ចុប្បន្ន បាន​ដំណើរការ​កម្មវិធី​ប្រៀប​ធៀប​កម្ចី​តាម​គេហ​ទំព័រ​របស់​ខ្លួន​នេះ អនុញ្ញាត​ឲ្យ​អ្នក​ខ្ចី​ប្រាក់​ដែល​មាន​សក្ដានុពល​ស្វែងរក​ជម្រើស​កម្ចី​ផ្សេងៗ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​(MFI) ធំ​បំផុត​នានា​របស់​កម្ពុជា​។

បុគ្គល​និង​អាជីវកម្ម​តូចៗ​អាច​ប្រៀប​ធៀប​កម្ចី​តាម​រយៈ​អត្រា​ការ​ប្រាក់​របស់​កម្ចី​ទាំង​នោះ និង​ស្រាវជ្រាវ​រក​ផលិត​ជាក់​លាក់​អាស្រ័យ​តាម​ទំហំ រយៈពេល​កម្ចី ឬ​គោល​បំណង​។

លោក Yuta Nagano មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ស្ថាបនិក​គេហ​ទំព័រ​នេះ បាន​ឲ្យ​ដឹង​ថា គោល​បំណង​របស់​លោក​គឺ​បង្កើត​ចក្ខុ​វិស័យ «​បរិយាប័ន្ន​ហិរញ្ញវត្ថុ ២,០ (Financial Inclusion 2.0)» ជា​អ្វី​ដែល​ប្រជាជន​មាន​ផលិតផល​ហិរញ្ញវត្ថុ​ជា​ច្រើន​ត្រូវ​ជ្រើសរើស​ដើម្បី​កែ​លម្អ​គុណភាព​ជីវិត​របស់​ពួក​គេ និង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​កាន់​តែ​ទាប​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ឲ្យ​គេហទំព័រ​នេះ​ក្លាយ​ជា​ស្ពាន​តភ្ជាប់​រវាង​អ្នក​ខ្ចី​ប្រាក់ និង​ធនាគារ​»​។ លោក​បាន​បន្ថែម​ថា​៖ «​បេសកកម្ម​ដ៏​សំខាន់​សម្រាប់​គេហ​ទំព័រ​នេះ​គឺថា ខ្ញុំ​ចង់​លើក​កម្ពស់​ឧស្សាហកម្ម​ធនាគារ ជា​ពិសេស​ភាព​ស័ក្ដិសិទ្ធិ​របស់​ធនាគារ និង​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​។ អ្វីៗ​ផ្សេង​ទៀត​គឺថា ខ្ញុំ​ចង់​លើក​កម្ពស់​អក្ខរ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​ខ្ចី​ប្រាក់​»​។

បច្ចុប្បន្ន គេហទំព័រ​នេះ​គ្រាន់​តែ​ចុះ​បញ្ជី​ព័ត៌មាន​អំពី​កម្ចី​ប៉ុណ្ណោះ ប៉ុន្តែ​លោក Nagano រំពឹង​ថា នឹង​ទទួល​បាន​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពី ៤​ដល់​៦​គ្រឹះស្ថាន​ក្នុង​រយៈពេល​ពីរ​ខែ​ខាង​មុខ​ទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​ពាក្យ​សុំ​កម្ចី​ដោយ​ផ្ទាល់​តាម​គេហទំព័រ Spean Luy នេះ​។ លោក​ក៏​គ្រោង​នឹង​បង្កើន​ចំនួន​គ្រឹះស្ថាន MFI ទៅ​ក្នុង​គេហទំព័រ​នេះ​ផង​ដែរ ហើយ​ជា​ចុង​ក្រោយ​នឹង​បន្ថែម​ធនាគារ​ទៀត​ផង​។

លោក Nagano បាន​ពន្យល់​ថា គេហ​ទំព័រ​មិន​គិត​ថ្លៃ​នេះ​ប្រមូល​ផ្ដុំ និង​បង្ហាញ​ព័ត៌មាន​កម្ចី​ជា​លក្ខណៈ​ប្រៀបធៀប ដែល​ពី​មុន​ព័ត៌មាន​បែប​នេះ​អាច​ទទួល​បាន​តែ​តាម​រយៈ​ការ​ទៅ​សាខា ឬ​គេហ​ទំព័រ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នីមួយៗ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ហេតុ​អ្វី​បាន​ជា​អ្នក​ខ្ចី​ប្រាក់​ចូល​មក​កាន់​គេហទំព័រ​របស់​ខ្ញុំ​? ដោយ​សារ​តែ​វា​ងាយ​ស្រួល សុវត្ថិភាព និង​មិន​គិត​ប្រាក់​»​។ លោក​បន្ត​ថា​៖ «[​សម្រាប់​ធនាគារ និង MFI] មិន​មាន​ហេតុ​ផល​មិន​ចូលរួម​នោះ​ទេ ដោយ​សារ​តែ​ការ​ចុះ​បញ្ជី​មិន​គិត​ប្រាក់ ហើយ​ខ្ញុំ​យក​កម្រៃ​ជើង​សា​នៅ​ពេល​ដែល​កម្ចី​ត្រូវ​បាន​អនុម័ត​ប៉ុណ្ណោះ​។

តាម​រយៈ​គេហទំព័រ និង​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន លោក Nagano គ្រោង​នឹង​ផ្ដល់​ព័ត៌មាន​អប់រំ​ជា​វីដេអូ និង​អត្ថបទ​ស្ដីពី​ផលិតផល​ហិរញ្ញវត្ថុ និង​ទម្លាប់​ប្រាក់ (money habit) ជា​ទូទៅ​ដើម្បី​បង្កើន​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​។

លោក​ថា​៖ «​ការ​ផ្ដោត​ជា​ដំបូង​របស់​ខ្ញុំ​គឺ​យុវវ័យ​កម្ពុជា អ្នក​មាន​ប្រាក់​ចំណូល​ថ្នាក់​កណ្ដាល ដែល​មាន​អាយុ​ចន្លោះ​ពី​២០ ដល់​៤០​ឆ្នាំ អតិថិជន​ដែល​ចង់​ទិញ​រថយន្ត ឬ​បុរី ដោយ​ប្រើ​ប្រាស់​កម្ចី ព្រម​ទាំង​អតិថិជន​ដែល​ចង់​ពង្រីក​អាជីវកម្ម​ផ្ទាល់​របស់​ពួក​គេ​»​។

អង្គការ​នានា​ដែល​ស្វែងរក​ការ​លើក​កម្ពស់​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ជំរុញ​ឲ្យ​មាន​អនុវត្ត​ការ​ផ្ដល់​កម្ចី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​បាន​ឲ្យ​ដឹង​ថា គេហ​ទំព័រ​ដូច​ជា Spean Luy នេះ អាច​មាន​អត្ថ​ប្រយោជន៍​ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា ជាទី​ដែល​វិស័យ​ធនាគារ​ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​វិស័យ​ដែល​មាន​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ទាប និង​ការ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ខ្លាំង​ពេក​។

លោក Shane Nichols អគ្គនាយក អង្គការ Good Return ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី ដែល​ជំរុញ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ការ​ផ្ដល់​កម្ចី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​លទ្ធភាព​កាន់​តែ​ធំ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ផលិតផល​ហិរញ្ញវត្ថុ នឹង​ជួយ​ដោះស្រាយ​គម្លាត​ចំណេះ​ដឹង ដែល​អតិថិជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ទាក់ទង​កម្ចី និង​ប្រាក់​។

លោក​បន្ត​ថា​៖ «​មាន​ព័ត៌មាន​មិន​ត្រឹម​ត្រូវ និង​ការ​យល់​ច្រឡំ​ជាច្រើន​ជុំវិញ​ផលិតផល​ជា​ច្រើន ហើយ​ដូច្នេះ​ខ្ញុំ​គិត​ថា គេហ​ទំព័រ​ឬ​យន្តការ​ស្រដៀង​គ្នា​ណា​មួយ​ដែល​កំពុង​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់ និង​អាច​ប្រៀប​ធៀប​បាន គឺជា​កត្តា​ជំរុញ​ពិត​ប្រាកដ​មួយ​សម្រាប់​វិស័យ​នេះ​»​។

លោក Nichols បាន​ឲ្យ​ដឹងថា ផ្នែក​មួយ​នៃ​បញ្ហា​នៅ​កម្ពុជា​គឺថា មិនមាន​មធ្យោបាយ​ដែល​ឯកភាព​គ្នា​មួយ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​កម្ចី ដែល​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​យល់​ច្រឡំ​នៅ​ពេល​ដាក់​ពាក្យ​សុំ​ផលិតផល​ហិរញ្ញវត្ថុ​។

លោក​បាន​បញ្ជាក់​ថា គេហទំព័រ​មួយ ដូចជា Spean Luy នេះ អាច​មាន​ប្រយោជន៍​ខ្លាំង ប្រសិន​បើ​វា​បង្ហាញ​ព័ត៌មាន​កម្ចី​ច្បាស់​លាស់​នៅ​ក្នុង​របៀប​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផលិតផល​នីមួយៗ​អាច​ប្រៀបធៀប​គ្នា​បាន​ដោយ​ងាយ​ស្រួល​នោះ​។

លោក​ថ្លែង​ថា​៖ «​អតិថិជន​មាន​របៀប​ផ្សេងៗ​គ្នា​ក្នុង​ការ​ដក​ស្រង់​អត្រា​ការ​ប្រាក់ ហើយ​ជារឿយៗ​អតិថិជន​ផ្ដោត​លើ​អត្រា​ការ​ប្រាក់ ប៉ុន្តែ​ពួកគេ​មិន​អើពើ​នឹង​កម្រៃ និង​ការ​យក​ថ្លៃ ដែល​ជួន​កាល​ត្រូវ​បាន​លាក់​កំបាំង​ច្រើន​នោះ​ទេ​»​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ញឹក​ញាប់​ណាស់ ដោយ​សារ [​ផលិតផល​កម្ចី​] ត្រូវ​បាន​បង្ហាញ​តាម​របៀប​ផ្សេងៗ​គ្នា​ដោយ​ក្រុមហ៊ុន​ផ្សេងៗ វា​មាន​ការ​លំបាក​ក្នុង​ការ​ប្រៀបធៀប​ផលិតផល​មួយ​ជាមួយ​នឹង​ផលិតផល​ផ្សេង​ទៀត ហើយ​ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ខ្លាំង​សម្រាប់​អតិថិជន​ក្នុង​ការ​យល់​ដឹង និង​ប្រៀប​ធៀប​»៕ LA

អត្ថបទគួរចាប់អារម្មណ៍