
រូបភាព 3D នៃស្ពានអាកាសចោមចៅដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃនេះ។ រូបថត សាលារាជធានីភ្នំពេញ
ភ្នំពេញៈ ស្ពានអាកាស និងផ្លូវក្រោមដីទី ៦ ដែលមានតម្លៃ ២២ លានដុល្លារត្រូវបានប្រកាសបើកដំណើរការសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ពានអាកាសដែលស្ថិតនៅចំណុចរង្វង់មូលចោមចៅ និងជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
ការសាងសង់នឹងត្រូវប្រើរយៈពេល ៣០ ខែ ហើយនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២០។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នោះក្នុងរាជធានីភ្នំពេញ។ រង្វង់មូលចោមចៅតែងតែមានការកកស្ទះជារៀងរាល់ថ្ងៃ បើទោះបីជាពេលកន្លងមកអាជ្ញាធរបានដាក់ពង្រាយកម្លាំងដើម្បីសម្រួលចរាចរណ៍យ៉ាងណាក៏ដោយ»។
លោកថ្លែងថា៖ «ការដោះស្រាយការកកស្ទះចរាចរណ៍នៅចំណុចរង្វង់មូលគឺសំខាន់ណាស់ ព្រោះវាជាផ្លូវដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា»។
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបនឹងបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៣ ដែលជាច្រកដឹកទំនិញមួយដ៏សំខាន់ ខណៈផែនការនៃការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុត្រូវបានគ្រោងនៅចុងឆ្នាំនេះផងដែរ។
លោក ទូច សំណាង អគ្គនាយកក្រុមហ៊ុន OCIC ដែលទទួលអភិវឌ្ឍការសាងសង់នេះមិនអាចទាក់ទងតាមទូរស័ព្ទបានទេកាលពីថ្ងៃម្សិលមិញ។
នៅរាជធានីភ្នំពេញ នាបច្ចុប្បន្នមានស្ពានអាកាសចំនួន ៥ ក្នុងនោះស្ពានអាកាសចំនួន ៤ ត្រូវបានចំណាយថវិកាសាងសង់សរុបជិត ៤៨ លានដុល្លារ ខណៈគម្រោងស្ពានអាកាសទី ៥ មិនត្រូវបានបញ្ជាក់ពីតម្លៃ៕LA