
គម្រោង 3D របស់ស្ពានអាកាសរង្វង់មូលចោមចៅ ដែលគ្រោងនឹងសាងសង់នាចុងសប្ដាហ៍នេះ។ សាលាក្រុង រាជធានីភ្នំពេញ
ភ្នំពេញៈ តំណាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍគម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅបានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការឈូសឆាយរង្វង់មូលហើយកាលថ្ងៃម្សិលមិញ បន្ទាប់បានជួបជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការងារនេះឲ្យបញ្ចប់តាមពេលកំណត់នៅចុងឆ្នាំ ២០២០ ខាងមុខ។
ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះបានបើកការដ្ឋានកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ កន្លងមកដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ក្នុងតម្លៃ ២២ លានដុល្លារដោយត្រូវប្រើរយៈពេល ៣០ ខែ។
រង្វង់មូលចោមចៅជាចំណុចតភ្ជាប់រវាងផ្លូវគោកដែលចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ដែលជាច្រកនាំចេញនាំចូលទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវទឹក។ ចំណុចនេះតែងស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ហើយត្រូវបានសាលារាជធានីភ្នំពេញសម្រេចឈូសរង្វង់មូលចោលដើម្បីសង់ស្ពានអាកាស និងផ្លូវក្រោមដីជំនួសវិញ។
លោក ឌី វណ្ណដូ អ្នកតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោកបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធដែលមានបណ្តាញកប់នៅក្រោមដីមានដូចជា ខ្សែកាប ខ្សែទូរស័ព្ទ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត ជាដើមដើម្បីឲ្យពួកគេយកប្លង់ទីតាំងកប់នៅក្រោមដីមកដាក់រួមគ្នាមុនពេលក្រុមការងាររបស់ OCIC ចាប់ផ្តើមជីកដីដាក់លូ និងកប់បណ្តាញឡើងវិញ។
លោកបានថ្លែងថា៖ «បើតាមផែនការ ការកាយដីដាក់លូនៅកន្លែងត្រូវសាងសង់នៅចំណុចរង្វង់ចោមចៅនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែធ្នូនេះ»។
លោក វណ្ណដូ ប្រាប់ទៀតថាផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនឹងត្រូវសាងសង់ ២ ជាន់នៅក្រោមដី ដែលមាន ២ ខ្សែដោយត្រូវជីកដីជម្រៅ ១៣ ម៉ែត្រ។
បើទោះបីជាការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនឹងមានភាពស្មុគស្មាញខ្លាំងក៏ដោយ ក៏លោក វណ្ណដូ បញ្ជាក់ថា គម្រោងនេះនឹងបញ្ចប់តាមកាលកំណត់ក្នុងរយៈពេល ៣០ ខែបន្ទាប់ពីបើកការដ្ឋាន។
បើតាមលោក វណ្ណដូ ការពង្រីកផ្លូវដើម្បីកាត់បន្ថយការកកស្ទះនៅពេលការដ្ឋានសាងសង់បានបញ្ចប់រួចរាល់តាំងពីថ្ងៃទី ៣០ ខែតុលាមកម្ល៉េះ។ ទោះយ៉ាងនេះក្តីលោកបញ្ជាក់ថារហូតមកដល់ពេលនេះនៅមានលំនៅឋានប្រជាពលរដ្ឋប្រមាណ ១៧ ខ្នង និងស្ថានីយប្រេងឥន្ធនៈ ២ កន្លែងមិនទាន់ដោះស្រាយរួចរាល់ទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញបានប្រាប់ថា លោកមិនមានព័ត៌មានលម្អិតថ្មីៗទាក់ទងនឹងគម្រោងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចចោមចៅទេ ដោយលោកគ្រាន់តែដឹងថាការសាងសង់កំពុងដំណើរទៅមុខជាប្រចាំ៕ LA