ភ្នំពេញៈ ក្រុមហ៊ុន Universal Music Group កាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដាច់មុខមួយជាមួយ Smart ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តក្នុងស្រុកដើម្បីចែកចាយ និងសិទ្ធិលក់ឡើងវិញសម្រាប់កម្មវិធីតន្រ្ដីអាមេរិកទាំងអស់នៅក្នុងប្រទេសកម្ពុជានៅលើទូរស័ព្ទចល័ត។
លោក Sandy Monteiro ប្រធានក្រុមហ៊ុន Universal Music Group ប្រចាំតំបន់អាស៊ីបូព៌ាបានថ្លែងថា កម្ពុជាគឺជាប្រទេសទី៦ ហើយដែលក្រុមហ៊ុន UMG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចគ្នា។
ខាងក្រោមនេះជាការលើកឡើងរបស់លោក ពីភាពជាដៃគូជាមួយក្រុមហ៊ុន SMART និងផែនការរបស់ក្រុមហ៊ុន UMG នៅក្នុងឧស្សាហកម្មតន្ដ្រីនៅក្នុងប្រទេសកម្ពុជា។
តើកិច្ចព្រមព្រៀងនេះនិយាយអំពីអ្វី?
កិច្ចព្រមព្រៀងនេះមានច្រើន។ ដូច្នេះយើងនឹងផ្ដល់ឲ្យពួកគេនូវសិទ្ធិផ្ដាច់មុខចំពោះកម្មវិធីតន្រ្ដីរបស់ក្រុមហ៊ុន Universal Music។ ពួកគេទទួលបានអ្វីៗគ្រប់យ៉ាងទោះបីជាវាត្រូវបានគេទាញយក សំឡេងរោទ៍ សំឡេងរោទ៍ពេលទូរស័ព្ទទៅនរណាម្នាក់វិញ។ ក្រុមហ៊ុន Smart មានសិទ្ធិគ្រប់យ៉ាងដែលមានន័យថា បើក្រុមហ៊ុន Cellcard ចង់លក់តន្ដ្រីក្រុមហ៊ុន Universal music ពួកគេត្រូវតែស្នើសុំការអនុញ្ញាតពីក្រុមហ៊ុន Smart ជាមុន។
បើនរណាម្នាក់ផ្សេងទៀតចង់ប្រើប្រាស់តន្ដ្រីក្រុមហ៊ុន Universal Music ពួកគេត្រូវតែស្នើសុំការអនុញ្ញាតពីក្រុមហ៊ុន SMART ទោះបីការស្តុក ឌីជីថល ស្តុកទាញយក សេវាអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាក៏ដោយ។ ពួកគេត្រូវតែសួរក្រុមហ៊ុន Smart ជាមុន។ វាគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ។ ពួកគេមានសិទ្ធិផ្ដាច់មុខចំពោះកម្មវិធីរបស់យើង។
ហេតុអ្វីបានជាអ្នកមានចំណាប់អារម្មណ៍ធ្វើជាដៃគូជាមួយក្រុមហ៊ុន Smart ដើម្បីលក់ផលិតផលរបស់អ្នក?
យើងកំពុងប្រតិបត្តិការក្រុមហ៊ុននៅក្នុងប្រទេសចំនួន៩។ យើងចាប់ផ្ដើមពីប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ ទីក្រុងហុងកុង កូរ៉េ និងចិន។ យើងធ្វើការងារដើម្បីធានាឲ្យមានកំណើនអាជីវកម្មរបស់យើងសម្រាប់តន្រ្ដីរបស់យើង។ យើងមានវិចិត្រករក្នុងស្រុកនៅក្នុងបណ្ដាប្រទេសទាំងនោះផងដែរ។ ដូច្នេះ ក្រុមហ៊ុន Universal Music មិនគ្រាន់តែលក់តន្ដ្រីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតន្ដ្រីក្នុងស្រុកផងដែរនៅក្នុងបណ្ដាប្រទេសជាច្រើនដែលយើងមានប្រតិបត្តិការរបស់យើង។
រហូតមកដល់ពេលនេះវាមានការខុសប្លែកគ្នាបន្តិច។ ក្រុមហ៊ុន Universal មិនមានការិយាល័យនៅកម្ពុជានោះទេ ដូច្នេះសម្រាប់ពួកយើង អ្វីដែលយើងកំពុងធ្វើកាលពីអតីតកាលគឺដើម្បីរកអាជ្ញាប័ណ្ណលើមូលដ្ឋានរយៈពេលខ្លី។ ប្រសិនបើនរណាម្នាក់ចង់លក់សំឡេងរោទ៍ពេលទូរស័ព្ទ ឬចង់ទាញយកបទចម្រៀង ពួកគេនឹងមកជួបយើង និងដាក់ពាក្យសុំអាជ្ញាប័ណ្ណរយៈពេលខ្លីសម្រាប់ការធ្វើអាជីវកម្ម រយៈពេលខ្លី ហើយនៅពេលអាជ្ញាប័ណ្ណអស់សុពលភាព ពួកគេត្រូវចរចាជាមួយពួកយើងជាថ្មីម្ដងទៀត។
ហេតុអ្វីបានជាអ្នកគិតថា តាមរយៈទូរគមនាគមន៍ ជាទីផ្សារដ៏ល្អបំផុតក្នុងការលក់ផលិតផលរបស់អ្នក?
កាលពីរយៈពេល១០ឆ្នាំមុន អាជីវកម្មទូរគមនាគមន៍មានវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនដែលយើងចូលរួមជាមួយក្រុមអ្នកគាំទ្រតន្ដ្រី។ ដូច្នេះសម្រាប់ពួកយើងត្រូវទៅរកទូរគមនាគមន៍គឺជារឿងធម្មតា។
ទី២ បញ្ហាគឺថាចាប់ពីអ្វីដែលយើងបានធ្វើជាមួយក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន ពួកគេពិតជាយល់ពីរបៀបធ្វើទីផ្សារជាមួយតន្ដ្រី។ តន្ដ្រីបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងទីផ្សាររបស់ពួកគេផងដែរ ដូច្នេះការពិតដែលថាពួកគេចង់ធ្វើការជាមួយក្រុមហ៊ុនតន្រ្ដីគឺជាការល្អមួយសម្រាប់ពួកយើង។
ទី៣ ដែលជាផ្នែកមួយដ៏សំខាន់បំផុត គឺជាបញ្ហាដែលថាយើងមាននៅក្នុងទីផ្សារនៅពេលយើងចង់ដំណើរការទីផ្សារស្របច្បាប់។
តើប្រជាជនបង់ប្រាក់សម្រាប់តន្ដ្រីដូចម្ដេច?
ក្រុមហ៊ុនទូរគមនាគមន៍មានការបង់ប្រាក់តាមផ្ទះរួចហើយជាមួយនឹងអាជីវកម្មបង់ប្រាក់ជាមុនទាំងអស់ដែលពួកគេធ្វើ ដូច្នេះការមានទូរគមនាគមន៍មួយដែលមានប្រព័ន្ធទូទាត់ប្រាក់ងាយស្រួលអនុញ្ញាតឲ្យអាជីវកម្មតន្រ្ដីស្របច្បាប់មួយនេះរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុន Smart មានការទូទាត់ប្រាក់ងាយស្រួល ហើយសម្រេចបានយ៉ាងល្អប្រសើរ។ ពួកគេមានអតិថិជនប្រហែល ៥,៨ លាននាក់។ សម្រាប់ពួកយើងវាគឺជាទីផ្សារចាប់ផ្ដើមរួចហើយ។
ប៉ុន្តែមានបញ្ហាមួយនៃការទាញយកខុសច្បាប់កំពុងកើតឡើងនៅកម្ពុជានៅពេលនេះ តើអ្នកយល់យ៉ាងណា?
វាគ្មានបញ្ហាទេ។ អ្វីដែលយើងកំពុងព្យាយាមនិយាយគឺសម្រាប់ដៃគូខុសច្បាប់ទាំងអស់ដែលយើងមាននៅពេលនេះ។ ពេលក្រោយយើងនឹងសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការជាមួយអ្នកទាំងនោះប៉ុន្តែគោលបំណងរបស់ខ្ញុំមិនបិទពួកគេទេ គោលបំណងរបស់ខ្ញុំនឹងប្រែក្លាយពួកគេទៅជាអ្នកប្រើសេវាស្របច្បាប់ ហើយនៅពេលពួកគេក្លាយជាសេវាស្របច្បាប់ពួកគេនឹងទៅទទួលយកតន្ដ្រីពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart នឹងផ្ដល់អាជ្ញាប័ណ្ណឲ្យពួកគេ។ ដូច្នេះអ្វីដែលយើងកំពុងព្យាយាមប្រាប់ប្រជាជនកម្ពុជាគឺថា អ្នកអាចទាញយកតន្រ្ដី ដូចដែលអ្នកចង់ ប៉ុន្តែអ្នកនឹងមិនទទួលបានតន្រ្ដីនោះទេលុះត្រាតែអ្នកទៅកាន់កម្មវិធីដែលគាំទ្រដោយក្រុមហ៊ុន SMART។
បាទ អ្នកអាចទាញយកបានប៉ុន្តែអ្នកនឹងមិនមានបទពិសោធពិសេសនេះទេ។ ដរាបណាអ្នកមិនមានបទពិសោធពិសេសនេះ អ្នកមិនយល់ពីអ្វីជាភាពអស្ចារ្យបំផុតអំពីតន្រ្ដីនោះទេ។
ចាប់តាំងពីឆ្នាំ២០០៩ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចគ្នានេះនៅប្រទេសចំនួន៥ ហើយកម្ពុជា ជាប្រទេសទី ៦ដែលមានកិច្ចព្រមព្រៀងដូចគ្នា។
តើវានឹងទទួលបានជោគជ័យឬទេ?
វាអាស្រ័យលើប្រជាជនកម្ពុជា។ បើពិនិត្យឲ្យសព្វគ្រប់ទៅ យើងចង់ចូលរួមជាមួយប្រជាជនកម្ពុជា និងនាំយកសេវាថ្នាក់ពិភពលោកមកឲ្យប្រជាជនកម្ពុជា។ ប៉ុន្តែប្រសិនបើប្រជាជនកម្ពុជាមិនត្រូវការវា បន្ទាប់មកយើងនឹងត្រូវតែគិតពីអ្វីផ្សេងទៀត។ ប៉ុន្តែខ្ញុំពិតជាមានទំនុកចិត្តថាវានឹងទទួលបានជោគជ័យ៕PB