ភ្នំពេញៈ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart Axiata បានទទួលប្រាក់ចំណេញសុទ្ធ ៦៧,៦ លានដុល្លារ កាលពីឆ្នាំមុន ធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ ២០១៧ ដោយសារតែការខាតបង់លើការប្រែប្រួលអត្រាប្តូរប្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ស្មាត។
កាលពីឆ្នាំ ២០១៧ ស្មាតបានទទួលប្រាក់ចំណេញ ៦៨,១ លានដុល្លារ (ទឹកប្រាក់ដែលប្តូរពីលុយរីងហ្គីតម៉ាឡេស៊ី)។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group មានមូលដ្ឋាននៅប្រទេស ម៉ាឡេស៊ី ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស្មាត កាលពីឆ្នាំ ២០១៨ មានចំនួនសរុប ២៨៧,៥ លានដុល្លារ កើនឡើង ៧ ភាគរយ ខណៈប្រាក់ចំណេញមុនការបង់អត្រាការប្រាក់ មុនបង់ពន្ធ និងមុនការចំណាយលើការរំលស់ និងការសងបំណុល (EBITDA) បានកើនឡើង ៦ ភាគរយ រហូតដល់ ១៣៤,៨ លានដុល្លារ។
ទោះបីយ៉ាងនេះក្តី ប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ ២០១៧ ខណៈក្រុមហ៊ុន ស្មាត បានអះអាងថា ដោយសារការខាតបង់លើអត្រាប្តូរប្រាក់ បន្ទាប់ពីត្រូវប្តូរទៅជាប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ី ដើម្បីស្របតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ។
សេចក្តីជូនដំណឹងរបស់ ស្មាត បានបញ្ជាក់ថា៖ «បើនិយាយតែពីប្រាក់ដុល្លារវិញ (មិនមានការប្តូរទៅលុយរីងហ្គីត) ក្រុមហ៊ុន ស្មាត នៅតែធ្វើបានល្អធៀបនឹងដៃគូប្រជែង ដែលបន្តទទួលបានសមិទ្ធផលវិជ្ជមានជាប្រចាំឆ្នាំបើទោះបីជាប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងនៅក្នុងឧស្សាហកម្មនេះក្ដី»។
ចំណូលដែលកើនឡើងភាគច្រើនបានរួមចំណែកពីចំណូលបានពីការលក់ទិន្នន័យអ៊ីនធឺណិត ដែលប្រភពចំណូលនេះមានរហូតដល់ទៅ ៦០ ភាគរយនៃចំណូលសរុប។
ក្រុមហ៊ុនស្មាតគ្រោងត្រៀមកញ្ចាប់ថវិកា ៨០ លានដុល្លារនៅឆ្នាំ ២០១៩ នេះដើម្បីពង្រីកបណ្តាញរបស់ខ្លួន ដើម្បីពង្រឹងបច្ចេកវិទ្យាទូរស័ព្ទចល័តទំនើប។ វាក៏រំពឹងថានឹងពង្រឹងភាពជាអ្នកនាំមុខផ្នែកទិន្នន័យសេវាអ៊ីនធឺណិតផងដែរតាមរយៈការផ្គត់ផ្គង់ផលិតផលឌីជីថលថ្មីៗ និងសេវាកម្សាន្តនានា។
កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុន Axiata Group បានលក់ភាគហ៊ុន ១០ ភាគរយបន្ថែមទៀតនៅក្នុងក្រុមហ៊ុន Smart Axiata ឲ្យក្រុមហ៊ុនជប៉ុន Mitsui Co Ltd ដែលជាការលក់ជាលើកទី២។ តាមរយៈកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនជប៉ុនមួយនេះគ្រប់គ្រងភាគហ៊ុន Smart Axiata ២០ ភាគរយ ខណៈក្រុមហ៊ុន Axiata Group នៅតែគ្រប់គ្រងភាគហ៊ុនភាគច្រើនគឺចំនួន ៧២,៥ ភាគរយ។ ភាគហ៊ុននៅសល់ ៧,៥ ភាគរយត្រូវបានគ្រប់គ្រងដោយ Southern Coast Ventures ។
របាយការណ៍របស់ Axiata Group បង្ហាញថា ក្រុមហ៊ុននេះបានបង់ពន្ធលើប្រាក់ចំណេញ ១៦,៩ លានដុល្លារកាលពីឆ្នាំ ២០១៨ ទៅរដ្ឋាភិបាលកម្ពុជា។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា វិស័យទូរគមនាគមន៍របស់កម្ពុជា កំពុងកើនឡើង ហើយប្រាក់ចំណូលនៅក្នុងវិស័យនេះបន្តកើនឡើង ទោះបីជាមានកំណើននៃការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះក៏ដោយ។
លោកបន្ថែមថា ភាគជោគជ័យរបស់ប្រតិបត្តិករទូរគមនាគមន៍បានរួមចំណែកដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាល តាមរយៈការបង់ពន្ធ តម្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំ និងប្រាក់ចំណូលមិនមែនពន្ធផ្សេងទៀត។
លោកថ្លែងថា៖ «និន្នាការសេដ្ឋកិច្ចនៅពេលអនាគតនឹងពឹងផ្អែកលើឌីជីថល ដូច្នេះយើងជឿជាក់ថា ក្រុមហ៊ុនទូរគមនាគមន៍នឹងប្រើប្រាស់ប្រាក់ចំណេញរបស់ខ្លួនកាន់តែច្រើន ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងមានប្រយោជន៍កាន់តែច្រើនក្នុងការបង្កើនសេដ្ឋកិច្ចក្នុងស្រុក»។
កាលពីសប្ដាហ៍មុន Metfone ជាក្រុមហ៊ុនទូរគមនាគមន៍យោធារបស់វៀតណាម បានប្រារព្ធខួបប្រតិបត្តិការរយៈពេល ១០ ឆ្នាំនៅក្នុងប្រទេស កម្ពុជា ហើយបានបង្ហាញប្រាក់ចំណូលរួម ២,២ ពាន់លានដុល្លារ ក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល ៩ ឆ្នាំរបស់ខ្លួន ដែលមានប្រាក់ចំណេញសរុបចំនួន ៣០០ លានដុល្លារ។ ក្រុមហ៊ុននេះបានរាយការណ៍ថា ខ្លួនបានរួមចំណែកបង់ពន្ធសរុប ៥០០ លានដុល្លារឲ្យរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប្រតិបត្តិការនេះ៕ LA