ភ្នំពេញៈ ក្រុមហ៊ុនស្រាបៀរ Khmer Brewery ដែលផលិតស្រាបៀរកម្ពុជាគ្រោងនាំចេញទៅប្រទេសបារាំងនៅខែក្រោយ។
បារាំងជាប្រទេសទីបីដែលក្រុមហ៊ុនបាននាំចេញសម្រាប់ទីផ្សារក្រៅប្រទេសបន្ទាប់ពីជោគជ័យក្នុងទីផ្សារប្រទេសជប៉ុននិងម៉ាឡេស៊ី។ នេះបើតាមតំណាងក្រុមហ៊ុន។
ក្រុមហ៊ុន Khmer Brewery ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនស្រាបៀរ៦នៅកម្ពុជាហើយជាក្រុមហ៊ុនតែមួយគត់ ដែលបានវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុន៦០លានដុល្លារ។
លោក សុខ ចន្ថា នាយកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបានសហការជាមួយអ្នកចែកចាយប្រទេសបារាំងហើយគេបានចំណាយប្រហែល៦ខែលើការសិក្សាតម្រូវការទីផ្សារ។ លោកបន្តថា៖ «យើងបានចំណាយរយៈពេលដ៏យូរក្នុងការសិក្សាដើម្បីដឹងព័ត៌មានលម្អិតអំពីតម្រូវការទីផ្សារមុនពេលយើងធ្វើការសម្រេចចិត្ត។ ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានជោគជ័យលើទីផ្សារដោយសារតែការសាកល្បងរបស់យើងមិនខុសគ្នាទេបើប្រៀបធៀបនឹងស្រាបៀរមួយចំនួនទៀតនៅទីនោះព្រោះយើងបាននាំចូលវត្ថុធាតុដើមពីអឺរ៉ុប»។
លោកបន្តថា៖«យើងមានការសង្ឃឹមច្រើនលើទីផ្សារនេះដោយសារតែយើងមានប្រជាជនកម្ពុជារបស់យើងជាច្រើនកំពុងរស់នៅទីនោះ។ យើងគ្រោងនាំចេញពីរកុងតឺន័រដើម្បីសាកល្បងក្រោយពីថ្ងៃបុណ្យចូលឆ្នាំខ្មែររួច»។
លោក ម៉េង សក្ដិធារ៉ា អគ្គនាយកក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានឲ្យដឹងថាគុណភាពរបស់ស្រាបៀរកម្ពុជាអាចប្រកួតប្រជែងជាមួយស្រាបៀរដទៃទៀត។ លោកបន្តថា៖«ពេលយើងអាចធ្វើការនាំចេញទៅទីផ្សារបរទេសវាបង្ហាញថាគុណភាពរបស់យើងទទួលស្គាល់ជាអន្តរជាតិ»។
កាលពីឆ្នាំ២០១១ ការរួមចំណែករបស់ឧស្សាហកម្មអាហារនិងភេសជ្ជៈចំពោះសេដ្ឋកិច្ចកម្ពុជាមានប្រហែល១ពាន់លានដុល្លារក្នុងនោះ៤០ភាគរយបានមកពីឧស្សាហកម្មភេសជ្ជៈ។
លោកសុខ ចន្ថា បានថ្លែងថាក្រុមហ៊ុនគ្រោងនាំចេញទៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបផងដែរហើយពេលនេះក្រុមហ៊ុនកំពុងតែធ្វើការសិក្សាពីលទ្ធភាពនាំចេញនេះ។ ក្រុមហ៊ុនអាចមានលទ្ធភាពផលិតបានស្រាបៀរ៥០លានលីត្រក្នុងមួយឆ្នាំហើយនឹងកើនដល់២០០ លានលីត្រក្នុងមួយឆ្នាំនាពេលអនាគត៕PB