ជឺចូវៈ ស្រាគីវីនឹងក្លាយជាផលិតផលនាំចេញធំមួយទៀតប្រចាំខេត្តជឺចូវរបស់ប្រទេសចិន បន្ទាប់ពីស្រា Baijiu ដែលជាម៉ាកយីហោល្បីបំផុតរបស់ប្រទេសនេះដែលផលិតដោយក្រុមហ៊ុន Maotai ដែលជាក្រុមហ៊ុនផលិតស្រាមានមូលធននីយកម្មទីផ្សារច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ ២០១៧។
ក្រុមហ៊ុនផលិតស្រាម៉ាកយីហោក្នុងស្រុក Cool City Minihong បច្ចុប្បន្នកំពុងប្រើប្រាស់ផ្លែគីវីពណ៌ក្រហមដែលដាំដុះក្នុងខេត្តនេះ ដើម្បីផលិតស្រាប្រភេទថ្មីមួយដែលមានកម្រិតអាល់កុលផ្សេងៗគឺ ៦ ភាគរយ ១២ ភាគរយ និង ១៤ ភាគរយ។ ស្រានេះមានរសជាតិផ្អែមមុត និងក្លិនល្អបន្ទាប់ពីភ្លក្សរួច។
ក្រុមហ៊ុននេះកំពុងជួយកាត់បន្ថយភាពក្រីក្រក្នុងប្រទេសចិនតាមរយៈការបង្កើតការងារដែលជួយឲ្យមានកំណើនអត្រាមានការងារធ្វើក្នុងមូលដ្ឋាន។
លោក Yang Zhengyu អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្មក្នុងនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន Cool City Minihong ថ្លែងថា ក្រុមហ៊ុនមាននិយោជិតប្រហែល ៣០០ នាក់។
លោកថ្លែងថា៖ «បច្ចុប្បន្នយើងមានមូលដ្ឋានផ្ទៃដីដាំដុះផ្លែគីវីក្រហមជាង ៣ ម៉ឺនហិកតាដែលជួយមេគ្រួសារដែលក្រីក្រឲ្យបង្កើនប្រាក់ចំណូលប្រចាំខែរបស់ពួកគេដល់ជាង ៣ ៥០០ យន់ (ប្រហែល ៥០០ ដុល្លារ)»។
ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មស្រានេះក្នុងឆ្នាំ ២០១៤ ហើយបាននាំចេញរួចហើយទៅកាន់ប្រទេសកាណាដាដោយលក់បានជិត ៥ សែនដបកាលពីឆ្នាំមុន។ នៅឆ្នាំនេះក្រុមហ៊ុននឹងចាប់ផ្តើមនាំចេញទៅកាន់ប្រទេសជប៉ុន រុស្ស៊ី និងអាមេរិក។
លោក Yang បានថ្លែងថាស្រានេះជួយឲ្យមានសុខភាពល្អជាងស្រា baijiu ដោយសារផ្លែគីវីដាំដុះនៅក្នុងស្រុក ស្រស់ល្អ និងពោរពេញដោយអត្ថប្រយោជន៍សុខភាព។
លោកបន្ថែមថាបន្ទាប់ពីក្រុមហ៊ុន Maotai ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនផលិតស្រាទី ២ នៅក្នុងខេត្តជីចូវ ដែលបានជាប់វិញ្ញាបនបត្រ FDA របស់អាមេរិកដែលមានន័យថាមនុស្សកាន់តែច្រើនថែមទៀតនឹងទទួលបានភាពរីករាយពីការភ្លក្សរសជាតិស្រាគីវីស្រស់ក្នុងពេលឆាប់ៗនេះ៕ P.Daily/KC