ក្រុងកូឡុំបូៈ ប្រទេស​ ស្រីលង្កា​ កាលពី​ថ្ងៃ​ពុធ​បាន​កាត់​បន្ថយពន្ធ​ជិត​ពាក់កណ្តាល​ក្នុង​គោលបំណង​ជំរុញ​សេដ្ឋកិច្ច​ដែល​នៅតែ​ជួប​ការលំបាក បន្ទាប់ពី​កើតមាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃបុណ្យ Easter Sunday ដែល​បាន​បង្ក​ឲ្យ​មាន​ស្លាប់​យ៉ាងច្រើន និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​។

កំណើន​សេដ្ឋកិច្ច​របស់​ស្រីលង្កា​បាន​ថមថយ​មក​នៅត្រឹម ១,៦ ​ភាគរយ​ នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ​បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ដែល​បាន​សម្លាប់​មនុស្ស ២៦៩ ​នាក់​នេះ​។

លោក Gotabaya Rajapaksa ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា​បាន​ប្តេជ្ញា​ថា​នឹង​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​មកវិញ​តាមរយៈ​ការផ្លាស់ប្តូរ​ពន្ធ​មុនពេល​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅ​ខែ​នេះ​។

លោក Bandula Gunawardena អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ស្រីលង្កា​បាន​ថ្លែងថា ពន្ធ​លើ​តម្លៃបន្ថែម (VAT) ១៥ ភាគរយ​ ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម ៨ ​ភាគរយ​ ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ ខណៈ​ដែល​ពន្ធ​មួយ​ផ្សេងទៀត​គឺ​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម ២ ​ភាគរយ​ នឹង​ត្រូវ​បាន​លុបចោល​ទាំងស្រុង​។

ឧស្សាហកម្ម​សាងសង់​ដែល​បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ឆ្នាំនេះ ក៏​នឹង​មើលឃើញ​ការកាត់បន្ថយ​បន្ទុក​ពន្ធ​សាជីវកម្ម​ផងដែរ​ពី ២៨ ​ភាគរយ​ មក​នៅត្រឹម ១៤ ​ភាគរយ​។

លោក Gunawardena បាន​អះអាង​ថា វិធានការ​ទាំអស់​នេះ​នឹងមិន​ប៉ះពាល់​ដល់​ថវិកាជាតិ​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​រំពឹងថា បរិមាណ​ប្រាក់ចំណូល​នឹង​កើនឡើង​នៅពេល​ដែល​បន្ទុក​ពន្ធ​រួម​កាន់តែ​តូច​។ មាន​ការអនុវត្ត​កាន់តែ​ប្រសើរ​ជាង​មុន​»​។

រដ្ឋាភិបាល​របស់​ប្រទេស ស្រីលង្កា​ បាន​ឲ្យ​ដឹងថា វិធានការ​ទាំងនេះ​ត្រូវបាន​ព្យាករ​ថា​នឹង​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​នៅ​ត្រឹម​ខែ​មេសា ឆ្នាំ​ក្រោយ​ជា​ពេល​ដែល​មាន​ការបោះឆ្នោត​សភា​៕ KC