
ភ្នំពេញ: ភេសជ្ជៈតែបៃតងទឹកដោះគោនិងកាហ្វេកំពុងទទួលបានការពេញនិយមខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា។ យើងសង្កេតឃើញមានស្លាកសញ្ញា (Brand) លំដាប់អន្តរជាតិហូរចូលមក កម្ពុជា ច្រើនក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ដែលមានដូចជា Cha Time Gong Cha Coffee Bean និង Costa Coffee ជាដើម។
អ្នកដែលនៅក្នុងវិស័យភេសជ្ជៈនិងម្ហួបអាហារនេះនិយាយថា សហគ្រិនក្នុងស្រុកគួរតែយកចិត្តទុកដាក់លើការកសាងស្លាកសញ្ញាអាជីវកម្មរបស់ខ្លួនដើម្បីឈរជើងក្នុងទីផ្សារនិងទទួលបានការទទួលស្គាល់ខណៈការប្រកួតប្រជែងពីស្លាកសញ្ញារបស់ហាងភេសជ្ជៈតែទឹកដោះគោ និងកាហ្វេក្រៅស្រុកកាន់តែមានច្រើន។
លោក ម៉ម ចាន់រតនៈ ម្ចាស់ហាងភេសជ្ជៈតែទឹកដោះគោបៃតង នស២រ និយាយថា ការយកចិត្តទុកដាក់ក្នុងការកសាងស្លាកសញ្ញាបានធ្វើឲ្យហាងរបស់លោកទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។ ទើបតែដំណើរការបានរយៈពេលជាង ៣ឆ្នាំ នស២រ បានពង្រីកខ្លួនរហូតដល់ ៨ ទីតាំងហើយបានលក់ស្លាកសញ្ញារបស់ខ្លួនឲ្យទៅដៃគូដែលចាប់អារម្មណ៍គំរូអាជីវកម្មរបស់លោក។
លោកថ្លែងថា៖ «ពេលបើកដំបូងៗមានគេចាប់អារម្មណ៍ទាក់ទងសុំយកទៅលក់បន្តឬរៀនធ្វើតាមជាដើម ខ្ញុំថាទេ ព្រោះពេលនោះការគ្រប់គ្រងយើងនៅ មិនទាន់រឹងមាំ។ តែពេលនេះ យើងបានលក់ស្លាកសញ្ញាឲ្យដៃគូចំនួន ៣នាក់ ហើយ ហើយមានហាង ៤ ទៀតដែលយកផលិតផលយើងទៅលក់បន្ត»។
លោកថា ស្លាកសញ្ញាធ្វើឲ្យអតិថិជនទុកចិត្តចំពោះផលិតផលហើយក៏ផ្តល់តម្លៃបន្ថែមដល់ផលិតផលដែរ។ លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺយើងមានផលិតផលល្អនិងមានគុណភាព។ ស្លាកសញ្ញាជួយឲ្យអតិថិជនចំណាំពីគុណភាពផលិតផលហើយអ្នកផ្សេងមិនអាចបន្លំបានទាំងគុណភាពនិងរសជាតិ»។
លោកបន្ថែមថា៖ «ការដែលរបស់យើងមានស្លាកសញ្ញាអតិថិជនគាត់ស្គាល់គាត់ចងចាំឈ្មោះយើងគ្រប់ពេល ធ្វើឲ្យអាជីវកម្មយើងអាចស្ថិតស្ថេរជាងអាជីវកម្មដែលអត់ស្លាកសញ្ញា»។
លោកបន្តឲ្យដឹងថា សហគ្រិនភាគច្រើនមិនទាន់បានយល់ដឹងពីសារៈសំខាន់នៃការកសាង ស្លាកសញ្ញាផលិតផលរបស់ខ្លួននៅឡើយទេហើយអ្នកទាំងនោះប្រឈមនឹងហានិភ័យនៃការដួលរលំនៅពេលដែលអាជីវកម្ម ស្រដៀងគាត់ដែលស្លាកសញ្ញាទទួលស្គាល់ជាអន្តរជាតិចូលមកទីផ្សារកាន់តែច្រើន។
ចំណែក លោក ចាន់ ស៊ី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈផាក កាហ្វេដែលបានដំណើរការរយៈពេល ១០ឆ្នាំ មកហើយនោះក៏បាននិយាយដែរថា ការកសាងស្លាកសញ្ញាទាមទារពេលវេលាដើមទុន និងធនធានមនុស្ស ដែលសហគ្រិនភាគច្រើននៅមើលរំលង តែផាកកាហ្វេបានគិតដល់ចំណុចនេះចាប់តាំងពីដំណើរការដំបូងក្នុង ឆ្នាំ២០០៤។
លោកថា អាជីវកម្មដែលមិនបានយកចិត្តទុកដាក់ចំពោះស្លាកសញ្ញាមានទំនោរទៅរកការបិទទ្វារព្រោះនេះបង្ហាញថា អ្នកគ្រប់គ្រងគំរូអាជីវកម្មបែបនេះមិនមានគម្រោងវែងឆ្ងាយសម្រាប់អាជីវកម្មរបស់ខ្លួនឡើយ។
លោកនិយាយថា៖ «ការទិញស្លាកសញ្ញាធ្វើឲ្យអ្នកវិនិយោគដែលមានទុនតិចអាចប្រកបអាជីវកម្មបាន។ គាត់អាចរកចំណូលបានភ្លាមដោយប្រើស្លាកសញ្ញាដែលល្បីស្រាប់។ យើងទទួលបានសំណើទិញស្លាកសញ្ញាពីយើងច្រើនតែរហូតមកទល់ពេលនេះយើងទើបតែយល់ព្រមឲ្យហាងមួយលើកស្លាកសញ្ញារបស់យើងប៉ុណ្ណោះ»។
លោក ជី សីលា ម្ចាស់ហាងកាហ្វេ T&C ជាហាងកាហ្វេទំនើបដែលមានវត្តមានមុនគេនៅ ទីក្រុងភ្នំពេញ បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះស្លាកសញ្ញា T&C បានធ្វើឲ្យហាងកាហ្វេដែលដំណើរការតាំងពី ឆ្នាំ២០០៣ អាចឈរឈ្មោះនៅក្នុងទីផ្សារបានរហូតមកដល់ពេលនេះខណៈដែលកាហ្វេកំពុងរីកដូចផ្សិតនៅក្នុងទីក្រុង។
លោកថា៖ «ពេលណាគេនឹកដល់ម្ហូបអាស៊ី និងបរិយាកាសបែបអ្នកជំនួញគេនឹកដល់ T&C។ យើងផ្តល់អ្វីដែលអតិថិជនត្រូវការ ដូច្នេះ យើងមិនបារម្ភពីការប្រកួតប្រជែងនោះទេ។ បច្ចុប្បន្ន T&C មាន ៤ សាខានៅតែបន្តកើនឡើង»។
ពាក់ព័ន្ធនឹងនិន្នាការសហគ្រិនភាព លោក ឱម សេងបូរ៉ា នាយកប្រតិបត្តិនៃគម្រោងករុណាបានឲ្យដឹងថា ការកសាងស្លាកសញ្ញានាពេលនេះគឺជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់សហគ្រិនកម្ពុជា។ លោកថ្លែងថា៖ «គាត់មានស្លាកសញ្ញារបស់ខ្លួនហើយគាត់អាចលក់បានទៀតនោះគឺជារឿងល្អ។ ការចាប់ផ្តើមគិតដល់ការលក់ស្លាកសញ្ញារបស់សហគ្រិនយើង គឺជាចំណុចចាប់ផ្តើមមួយដើម្បីត្រៀមខ្លួនប្រជែងជាមួយស្លាកសញ្ញាអន្តរជាតិចូលក្នុងទីផ្សារកាន់តែច្រើនពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន»។
លោកបន្ថែមថា ការទិញស្លាកសញ្ញាដែលមានការទទួលស្គាល់ស្រាប់កាត់បន្ថយហានិភ័យនៅពេលដែលអាជីវកម្មចាប់ផ្តើមដំបូង។ លោកបានក្រើនរំឭកដល់សហគ្រិនក្នុងស្រុកដូច្នេះថា៖ «មិនថាគាត់ ទិញដាក់ស្លាកសញ្ញាពីក្នុងស្រុកឬក្រៅស្រុកនោះទេ។ គាត់គួរពង្រឹងសមត្ថភាពដឹកនាំនិងគ្រប់គ្រងព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកផងដែរដើម្បីបានជោគជ័យ»៕