ភ្នំពេញ៖ ផ្លែ​ស្វាយ​ស្រស់​កម្ពុជា​ជាង ១០០ តោន បាន​ទៅ​ដល់​ទីផ្សារ​ប្រទេស​ចិន ហើយ បន្ទាប់​ពី​កម្ពុជា-ចិន បាន​រៀបចំ​កម្មវិធី​ទទួល​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា​ចូល​ទៅ​ទីផ្សារ​ប្រទេស​ចិន ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី ២១ ឧសភា។

អនុព័ន្ធ​ពាណិជ្ជកម្ម​ប្រចាំ​នៅ​ទីក្រុង​ណាននីង លោក តាំង លីសេង បាន​ឲ្យ​ដឹង​ថា កម្មពិធី​ទទួល​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា​ចូល​មក​កាន់​ប្រទេស​ចិន ​ជា​លើក​ដំបូង​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី ទីក្រុង Qinzhou នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី។

លោក លីសេង បន្ថែម​ថា កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់ (កែវរមៀត) ជា​លើក​ដំបូង​នៅ​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ ហើយ​បាន​មក​ដល់​កំពង់ផែ​ទីក្រុង Qinzhou នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី នៅ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១។

លោក​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ជំរុញ​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន គណៈកម្មាធិការ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង Qinzhou នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី​បាន​រៀបចំ​កម្មពិធី​ទទួល​ផ្លែ​ស្វាយ​កម្ពុជា​នៅ​ព្រឹក ថ្ងៃទី ២១ ខែ​ ឧសភា ឆ្នាំ ២០២១។ កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​នេះ មាន​ចំនួន ១៧០ តោន ស្មើ​នឹង ៨ កុងតឺន័រ។

កម្មវិធី​ទទួល​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រុង Qinzhou លោកស្រី អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ណាននីង ថ្នាក់​ដឹកនាំ​គ្រប់គ្រង​កំពង់ផែ​តំបន់​ពាណិជ្ជកម្ម​សេរី​ទីក្រុង Qinzhou មន្ទីរ​ការិយាល័យ​ការបរទេស Beibu Gulf នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី។

ព្រម​ទាំង ថ្នាក់​ដឹកនាំ​នៃ​នាយកដ្ឋាន​រដ្ឋបាល​គយ នៃ​ទីក្រុង​ណាននីង គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ក្រុង ការិយាល័យ​ពាណិជ្ជកម្ម និង​ថ្នាក់​ដឹកនាំ នៃ​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម និង​មន្ត្រី​នៃ​ក្រុមហ៊ុន​នានា​សរុប​មាន​ចំនួន​ជាង ១០០ រូប។

កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​នេះ រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ទទួល​ស្គាល់​ជា​ផ្លូវការ​បញ្ជី​ឈ្មោះច​ម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៥ អាច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន។

គិត​ត្រឹម​ឆ្នាំ ២០២០ ស្វាយ​ត្រូវ​បាន​ដាំដុះ​លើ​ផ្ទៃដី ១៣ ម៉ឺន​ហិកតា ក្នុង​នោះ ៩១ ១០៤ ហិកតា កំពុង​ប្រមូលផល។ ទិន្នផល​ជា​មធ្យម ១,៣៨ លាន​តោន ក្នុង ១ រដូវ៕