
សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅក្នុងទីក្រុងភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ (HKL) បានក្លាយជាគ្រឹះស្ថានដំបូងគេដែលត្រូវបានបង្ហាញអត្តសញ្ញាណក្នុងគម្រោងបោះផ្សាយលក់មូលបត្របំណុលនៅកម្ពុជា បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានលើកឡើងពីគម្រោងទិញមូលបត្របំណុលពីគ្រឹះស្ថាននេះក្នុងតម្លៃជាទឹកប្រាក់ ២០ លានដុល្លារ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ IFC ដែលចេញផ្សាយកាលពីសប្តាហ៍មុន។
សេចក្តីជូនដំណឹងដដែលបង្ហាញថា IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោកនឹងធ្វើការទិញមូលបត្របំណុលពី HKL ដែលបោះផ្សាយជាប្រាក់រៀល។ នេះជាលើកដំបូងដែលមានព័ត៌មានបង្ហាញពីការវិវឌ្ឍនៃទីផ្សារមូលបត្របំណុលកម្ពុជា គិតចាប់ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) បានបញ្ចប់រួចរាល់នូវបទប្បញ្ញត្តិនានាពីខែសីហា ឆ្នាំ ២០១៧ ហើយប្រកាសបើកឲ្យក្រុមហ៊ុនឯកជនដែលចង់បោះផ្សាយលក់មូលបត្របំណុលដាក់ពាក្យដើម្បីទទួលបានការអនុញ្ញាតពី SECC។
សំណើវិនិយោគរបស់ IFC តាមរយៈការទិញមូលបត្របំណុលនឹងជួយបង្កើនល្បឿនក្នុងការសម្រេចការងារបោះផ្សាយលក់មូលបត្របំណុលរបស់ HKL ដែលអាចនឹងក្លាយជាការបោះផ្សាយលក់មូលបត្របំណុលដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងរបស់ IFC បញ្ជាក់ថា៖ «ការវិនិយោគរបស់ IFC ដោយការទិញមូលបត្របំណុលជាប្រាក់រៀលនៅកម្ពុជានឹងជួយសម្រួលដល់ការបង្កើតទីផ្សារមូលបត្របំណុលក្នុងស្រុក និងរួមចំណែកគាំទ្រដល់ក្រុមហ៊ុនក្នុងការបង្កើនទុនក្នុងការផ្តល់កម្ចីបន្តទៅឲ្យអ្នកខ្ចីប្រាក់ខ្នាតតូចរួមមានកសិករ និងសហគ្រិនជាស្ត្រីនៅតាមតំបន់ជនបទ»។
គិតត្រឹមចុងឆ្នាំ ២០១៧ HKL កំពុងប្រតិបត្តិការដោយមានមូលដ្ឋានទ្រព្យសកម្មប្រហែល ៦៩១ លានដុល្លារ ដែលបម្រើអ្នកខ្ចីប្រហែល ១១៨ ០០០ នាក់។ HKL មានសាខា ១៦៨ កន្លែងនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ការងារដល់បុគ្គលិកជាង ៣ ១០០ នាក់។
លោក ហួត អៀងតុង ប្រធាន និងជាអគ្គនាយក HKL បានបញ្ជាក់កាលពីម្សិលមិញថា គ្រឹះស្ថានរបស់លោកមានផែនការបង្កើនមូលនិធិដោយការចេញមូលបត្របំណុលដោយថ្លែងថាក្រុមការងារនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មបានសហការជាមួយក្រុមការងារមកពី IFC លើការងារសម្រាប់ការចេញមូលបត្របំណុល។
ប៉ុន្តែលោក ហួត អៀងតុង បានបដិសេធផ្ដល់ព័ត៌មានលម្អិតបន្ថែមលើគម្រោងនេះ។ លោកថ្លែង ខណៈសង្ឃឹមថានិយតករនឹងអនុម័តគម្រោងនេះថា៖ «យើងសង្ឃឹមថា យើងអាច [ចេញមូលបត្របំណុល] នៅឆ្នាំនេះ»។
តំណាងមកពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ដែលជានិយតករផ្សារហ៊ុនកម្ពុជាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីសុន្ទរកថាបើកសិក្ខាសាលាបណ្ដុះបណ្ដាលអំពីការជួញដូរឧបករណ៍និស្សន្ទកាលពីចុងខែមេសាលោក ស៊ូ សុជាតិ អគ្គនាយក SECC បានថ្លែងថា មូលបត្របំណុលនឹងផ្ដល់ឱកាសថ្មីសម្រាប់ក្រុមហ៊ុនជាច្រើនក្នុងការរកមូលនិធិសម្រាប់ការបង្កើនមូលធន និងការពង្រីកពាណិជ្ជកម្ម។
លោកសង្ឃឹមថា នឹងមានក្រុមហ៊ុនឯកជនចេញមូលបត្របំណុលនៅឆ្នាំនេះ ខណៈមានក្រុមហ៊ុនមួយចំនួនកំពុងស្វែងរកការអនុម័តចំពោះការចេញមូលបត្របំណុល៕LA