
សាខាមួយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករក្នុងទីក្រុងភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត (hkl) ដែលនឹងក្លាយជាក្រុមហ៊ុនដំបូងគេធ្វើការបោះផ្សាយលក់មូលបត្របំណុលនៅកម្ពុជាគ្រោងនឹងប្រមូលទុនពីការលក់បណ្ណបំណុលឲ្យបាន ៨០ ពាន់លានរៀល (១៩,៧ លានដុល្លារ) ដើម្បីធ្វើជាប្រភពទុនថ្មីមួយសម្រាប់បង្កើនកម្ចីអាជីវកម្មទៅអតិថិជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ HKL។
មូលបត្របំណុលប្រភេទសញ្ញាបណ្ណសាជីវកម្មរបស់ HKL នឹងធ្វើការបោះផ្សាយជាប្រាក់រៀល ហើយ HKL ក៏បានបញ្ជាក់ថានឹងអាចបង្កើនការបោះផ្សាយលក់មូលបត្របំណុលបន្ថែមដោយមានតម្លៃជាទឹកប្រាក់ ៤០ ពាន់លានរៀលទៀត (ជិត ១០ លានដុល្លារ) ក្នុងករណីមានតម្រូវការខ្លាំងពីវិនិយោគិន។
យោងតាមសេចក្តីជូនដំណឹងរបស់ HKL មូលបត្របំណុលជាប្រភេទសញ្ញាបណ្ណសាជីវកម្មរបស់ HKL មានរយៈពេល ៣ ឆ្នាំដោយមានអត្រាគូប៉ុងប្រចាំឆ្នាំពី ៧,៥០ ភាគរយ ទៅ ៨,៥០ ភាគរយ។
លោក ហួត អៀងតុង ប្រធានអគ្គនាយក HKL បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រថា សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាប្រភេទសញ្ញាបណ្ណសាជីវកម្មរបស់ HKL ត្រូវបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា (NBC) រួចហើយ ដែលមានន័យថា HKL នឹងក្លាយជាក្រុមហ៊ុនទី ១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការ។
លោក អៀងតុង បានថ្លែងថា៖ «ហត្ថាកសិករ លីមីតធីត មានបំណងប្រើប្រាស់សាច់ប្រាក់សុទ្ធ [ពីការលក់មូលបត្របំណុល] ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទានរួមទាំងជាទុនបង្វិល និងសម្រាប់គោលបំណងទូទៅផ្សេងទៀតរបស់ក្រុមហ៊ុន»។
លោកបន្តថាប្រភពទុនថ្មីនេះនឹងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត និងខ្នាតមធ្យមនៅតាមជនបទ និងទីប្រជុំជននៃកម្ពុជា។
ការទទួលបានការអនុញ្ញាតពី NBC នាពេលនេះបានបើកផ្លូវឲ្យ HKL អាចដំណើរការនីតិវិធីបន្តដើម្បីអាចបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការនាឆ្នាំនេះ។
HKL នឹងត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនទៀតរួមមានការដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពចុះបញ្ជីសម្រាប់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា (CSX) និងការដាក់ទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មានទៅគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីទទួលបានការអនុញ្ញាត និងយល់ព្រមលើការបោះផ្សាយ និងចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មរបស់ហត្ថាកសិករក្នុងក្របខ័ណ្ឌ AMBIF (ASEAN+3 Multi-currency Bond Issuance Framework)។
ក្រុមហ៊ុនធានាទិញមូលបត្រ SBI ROYAL SECURITIES គឺជាក្រុមហ៊ុនភ្នាក់ងារធានាទិញមូលបត្របំណុលរបស់ HKL។ គម្រោងពេលរំពឹងទុកនៃការធ្វើបរិវិសកម្មសញ្ញាបណ្ណសាជីវកម្មរបស់ HKL គឺចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៨ ដោយរង់ចាំការអនុញ្ញាតលើការបោះផ្សាយពីគណៈកម្មការមូលបត្រកម្ពុជា។
កាលពីខែឧសភាឆ្នាំ ២០១៨ នេះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកបានបង្ហាញពីគម្រោងវិនិយោគទិញសញ្ញាបណ្ណអាជីវកម្មពី HKL នេះដោយស្នើវិនិយោគរហូតដល់ ២០ លានដុល្លារ។
លោក សេង ចាន់ធឿន នាយកគ្រប់គ្រងប្រចាំក្រុមហ៊ុន SBI Royal Securities បានថ្លែងថា សញ្ញាបណ្ណសាជីវកម្មរបស់ HKL គឺជាអត្ថប្រយោជន៍ដ៏ធំចំពោះកម្ពុជា។
លោកមានប្រសាសន៍ថា៖ «វានឹងផ្ដល់អត្ថប្រយោជន៍ដល់វិនិយោគិនក្នុងស្រុក ក្រុមហ៊ុនក្នុងស្រុក និងសេដ្ឋកិច្ចជាទូទៅ។ វិនិយោគិនក្នុងស្រុកនឹងមានជម្រើសវិនិយោគកាន់តែច្រើន ខណៈនៅពេលនេះមានតែភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីជួញដូរនៅ CSX ប៉ុណ្ណោះ»។
លោកឲ្យដឹងទៀតថាក្រុមហ៊ុនក្នុងស្រុកទូទៅជាច្រើនទៀតនៅពេលនេះនឹងមានជម្រើសថ្មីមួយដើម្បីផ្ដល់មូលនិធិសម្រាប់កំណើនក្រុមហ៊ុនរបស់ពួកគេ ដែលនឹងជួយពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបន្តថាមូលបត្របំណុលនេះ អាចផ្ដល់ប្រភពមូលនិធិតម្លៃទាបប្រកបដោយស្ថិរភាព ដែលពីមុនក្រុមហ៊ុនត្រូវតែពឹងផ្អែកជាចម្បងលើកម្ចីធនាគារ និងការចាក់បញ្ចូលសាច់ប្រាក់ពីភាគទុនិក។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍបន្ថែមទៀតនៃទីផ្សារមូលធនកម្ពុជា។
បើយោងតាមលោក ចាន់ធឿន ការបោះផ្សាយជាលើកដំបូងនេះបាននាំមករួមគ្នានូវវិនិយោគិនក្នុងស្រុក និងក្នុងតំបន់ជាច្រើន។ ដោយសារនេះជាមូលបត្របំណុលលើកដំបូងមិនធ្លាប់មានដែលនឹងត្រូវបានចុះបញ្ជីនៅផ្សារហ៊ុន នីតិវិធីបោះផ្សាយត្រូវបានបង្កើតឡើងចាប់ពីចំណុចសូន្យ។ ដើម្បីជម្នះបញ្ហាប្រឈមជាច្រើន ក្រុមហ៊ុន SBIR បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាជីវកម្ម IFC ធនាគារ ADB និង CGIF។
HKL គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើ (MDI) ឈានមុខគេទី ៣ នៅកម្ពុជាទាក់ទងនឹងទ្រព្យសកម្ម ផលបត្រកម្ចី និងប្រាក់ចំណេញសុទ្ធ ហើយបានជាប់ចំណាត់ថ្នាក់ទី ២ ទាក់ទងនឹងប្រាក់បញ្ញើពីអតិថិជនគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ ផលបត្រកម្ចីដុលរបស់ HKL កើនដល់ ៥៧៦,៨ លានដុល្លារ ហើយប្រាក់បញ្ញើពីអតិថិជនកើនដល់ ៣៦៧,៤ លានដុល្លារ។ ទ្រព្យសកម្មសរុបកើនដល់ ៦៩១ លានដុល្លារ ហើយនៅឆ្នាំ ២០១៧ ប្រាក់ចំណេញសុទ្ធបានកើនដល់ ១៥,៣ លានដុល្លារ៕ LA