The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហត្ថាកសិករ ចាប់​ដំណើរ​ការ​ម៉ាស៊ីន ATM




ហត្ថាកសិករ ចាប់​ដំណើរ​ការ​ម៉ាស៊ីន ATM

ហត្ថាកសិករ ចាប់​ដំណើរ​ការ​ម៉ាស៊ីន ATM

121227_12
បុគ្គលិកហត្ថាកសិករ កំពុងបម្រើអតិថិជន

ភ្នំពេញៈ ហត្ថាកសិករ លីមីតធីត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា​ថ្ងៃ​នេះ​បាន​បើក​ដំណើរ​ការ​សេវាកម្ម​អេធីអឹម (ATM) ចំនួន​១៥​កន្លែង​ជា​ផ្លូវ​ការ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អតិថិជន​ដែល​កំពុង​តែ​កើន​ឡើង​។​ការ​បើក​បម្រើ​សេវាកម្ម​អេធីអឹម​នេះ​គឺជា​លើក​ទីពីរ​ហើយ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បន្ទាប់​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​បាន​បើក​សេវាកម្ម​នេះ​បម្រើ​អតិថិជន​របស់​ខ្លួន​។

នៅ​ដើម​ខែ​សីហា ប្រាសាក់​បាន​បើក​ដំណើរ​ការ​សេវាកម្ម​អេធីអឹម​ចំនួន​៣០​កន្លែង​ដែល​ក្នុង​នោះ​១៥​កន្លែង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​១៥​កន្លែង​ទៀត​នៅ​តាម​បណ្តា​ខេត្ត​។

លោក ហួត អៀងតុង ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថាកសិករ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា គ្រឹះស្ថាន​របស់​លោក នឹង​ដំឡើង​ម៉ាស៊ីន​អេធីអឹម​ចំនួន​១៥​កន្លែង​សម្រាប់​ឆ្នាំ​នេះ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ឆ្នាំ​នេះ​យើង​នឹង​ដំឡើង​ម៉ាស៊ីន​អេធីអឹម​ប្រហែល​ជា​៧​ទៅ​៨​គ្រឿង​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្រៅពី​នេះ​នឹង​ដំឡើង​នៅ​តាម​ខេត្ត​។ តាម​ពិត​ទៅ​វា​ថ្លៃ​ខ្លាំង​ណាស់​ដែល​ជំរុញ​តម្លៃ​ប្រតិបត្តិ​ការ​របស់​យើង​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន។ ប៉ុន្តែ​ពេល​នេះ​យើង​ចង់​ផ្តល់​ជូន​សេវាកម្ម​ដ៏​ងាយ​ស្រួល​ដល់​អតិថិជន​របស់​យើង​»។

លោក​បាន​បន្ត​ថា៖ «​យើង​នឹង​ដំឡើង​ម៉ាស៊ីន​អេធីអឹម​ចំនួន​២០​កន្លែង​ផ្សេង​ទៀត​នៅ​តាម​សាខា​ទាំង​អស់​ក្នុង​២៤​ខេត្ត-ក្រុង​»។

ទិន្នន័យ​របស់​ហត្ថាកសិករ​បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​កញ្ញា ទំហំ​ប្រាក់​កម្ចី​បាន​កើន​ឡើង​ប្រហែល​៣៥​ភាគ​រយ​ដល់​៩៥​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​ឲ្យ​អតិថិជន​ចំនួន​៧១ ១៩៤​នាក់ ខណៈ​ពេល​ទឹក​ប្រាក់​បញ្ញើ​មាន​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក​ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន ១០១ ៦៩៣​នាក់​។

លោក ហ៊ួត អៀងតុង បាន​បន្ថែម​ថា ម៉ាស៊ីន​អេធីអឹម​ទាំង​អស់ ត្រូវ​បាន​នាំ​យក​មក​ពី​ប្រទេស​អាល្លឺម៉ង់។ អតិថិជន​អាច​ដក​ប្រាក់ ផ្ទេរ​ប្រាក់ ដាក់​ប្រាក់ និង​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ជា​មួយ​នឹង​ម៉ាស៊ីន​នេះ​ផង​ដែរ។

ទិន្នន័យ​ផ្លូវ​ការ​ទទួល​បាន​ពី​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​(CMA)​បាន​បង្ហាញ​ថា ចំនួន​ប្រាក់​កម្ចី​សរុប​បាន​កើន​ឡើង​២៥​ភាគរយ​គិត​ត្រឹម​ខែ​កញ្ញា​ដល់​៨០៨​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​ទៅ​ឲ្យ​អតិថិជន​ចំនួន​១ ២៦៨ ៤៧៥​នាក់​ធៀប​នឹង​ទឹក​ប្រាក់​ចំនួន​៦៤៤,៦៤​លាន​ដុល្លារ​អាមេរិក​ដែល​ផ្តល់​ទៅ​ឲ្យ​អតិថិជន​ចំនួន​១ ១៥១ ៣៤០​នាក់​គិត​ត្រឹម​ចុង​ខែ​ធ្នូ​កាល​ពី​ឆ្នាំ​មុន។ ដោយ​ឡែក​ក្នុង​រយៈ​ពេល​ដូចគ្នា​នេះ​ដែរ​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន​២២៥​លាន​ដុល្លារ​អាមេរិក ដែល​ទទួល​បាន​មក​ពី​អតិថិជន​ចំនួន​៤៨០ ៩៩៤​នាក់ ធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​១១៤,៦១​លាន​ដុល្លារ​អាមេរិក ដែល​ទទួល​បាន​ពី​អតិថិជន​ចំនួន ២៨០ ៥៣៨​នាក់៕ CC

អត្ថបទគួរចាប់អារម្មណ៍