ភ្នំពេញៈ ប្រាក់​ចំណេញ​សុទ្ធ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ​ ដែល​​ចុះ​បញ្ជី​បោះ​លក់​មូលបត្រ​បំណុល​​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (​CSX) ​បាន​បង្ហាញ​ពី​កំណើន ​៤៩,២៨ ​ភាគរយ ​នៅ​ក្នុង​ត្រីមាសទី​១​ ឆ្នាំ ​២០១៩​។​ នេះ​បើ​យោង​​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ផ្សារហ៊ុន​កម្ពុជា។​

នេះ​ជា​ការ​បង្ហាញ​របាយការណ៍​ជា​សាធារណៈ​លើក​ដំបូង​របស់​ហត្ថាកសិករ​ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ​បាន​ឡើង​ផ្សារហ៊ុន​កាល​ពី​ចុង​ឆ្នាំ ​២០១៨​។​​

របាយការណ៍​បង្ហាញ​ថា ​ហត្ថាកសិករ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ជាង ​៦ ​លាន​​ដុល្លារ​នៅ​ត្រីមាស​ទី១​ ឆ្នាំ ​២០១៩ ​កើន​​​ពី​ជាង ​៤ ​លាន​ដុល្លារ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។ ​

លោក ​ហ៊ឹម ​វិបុល អគ្គនាយក​ហិរញ្ញវត្ថុ​របស់​ហត្ថាកសិករ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ​ប្រាក់​ចំណេញ​សុទ្ធ​កើន​ឡើង​ដោយសារ​កម្ចី​របស់​អតិថិជន​កើន​ឡើង ​និង​ប្រាក់​បញ្ញើ​សន្សំ​ក៏​កើន​​ឡើង​។ លោក​បញ្ជាក់​ថា៖​ «​និយាយ​​រួម​កម្ចី​កើន​ឡើង ​ប្រាក់​សន្សំ​ក៏​កើន​ឡើង​ដោយ​អតិថិជន​ជឿជាក់​នេះ​ជា​កត្តា​នំា​ឲ្យ​ប្រាក់​ចំណេញ​សុទ្ធ​កើន​ឡើង​​»។

របាយការណ៍​បង្ហាញ​ថា ​ប្រាក់​ចំណេញ​​មុន​បង់​ពន្ធ​ក៏​កើន​ឡើង​ប្រមាណ ​៥២,៨​០ ​ភាគរយ ​​ដល់ ​៧,៧ ​លាន​ដុល្លារ ​នៅ​​​ត្រីមាសទី​១ ​ឆ្នាំ​នេះ ​កើន​ពី​ ៥ ​លាន​ដុល្លារ ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០១៨​​។

ទ្រព្យ​សកម្ម​សរុប​បាន​កើន​​​ពី ​៩២៥ ​លាន​ដុល្លារ ​គិត​ត្រឹម​ថ្ងៃ​ទី​ ​៣១​ ធ្នូ​ ឆ្នាំ​ ២០១៨ ​​ដល់​ ​៩៨៦ ​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី ​៣១ ​ខែ មីនា ​ឆ្នាំ ​២០១៩។

ហត្ថាកសិករ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ដំបូង​នៅ​កម្ពុជា​ដែល​បាន​បោះ​លក់​មូលបត្រ​បំណុល​ក្នុង​ផ្សារហ៊ុន​កម្ពុជា​៕LA