ភ្នំពេញៈ ហត្ថាកសិករ លីមីតធីត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី​ ២ ​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​ការប្រែក្លាយ​ខ្លួន​ដោយ​ជោគជ័យ​ទៅជា​ធនាគារពាណិជ្ជ​នៅ​ក្រោម​ឈ្មោះថា ធនាគារ ហត្ថា ម.ក ជាមួយ​នឹង​ស្លាកសញ្ញា​ថ្មី​ជា​ផ្លូវការ ដែល​នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការពង្រីក​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ខ្លួន​ត្រូវបាន​ទិញ​ដោយ​ធនាគារ​ក្រុង​ស្រ៊ី (Bank of Ayudhya PCL) របស់​ថៃ​រយៈពេល​ជិត ៤ ​ឆ្នាំ​រួចមក​។

កាលពី​ខែ​តុលា ឆ្នាំ​ ២០១៦ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាន​បញ្ចប់​ការទិញ​ភាគហ៊ុន ១០០ ​ភាគរយ​ ដោយ​ធនាគារ​ក្រុង​ស្រ៊ី ជា​សមាជិក​របស់ Mitsubishi UFJ Financial Group (MUFG) ដែលជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​ពិភពលោក​។ លុះដល់​ខែ​មិថុនា ឆ្នាំ​ ២០១៨ ធនាគារ​ក្រុង​ស្រ៊ី​បាន​ចាក់បញ្ចូល​មូលធន​បន្ថែម​ចំនួន ៤៥ ​លាន​ដុល្លារ​ទៅក្នុង​ធនាគារ​ហត្ថា​។

ការប្រែ​ក្លាយ​នាពេល​នេះ​គឺ​បាន​ដើរ​ស្រប​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន​អាណាព្យាបាល​របស់​ធនាគារ​ហត្ថា ដើម្បី​សម្រេច​បាន​ការពង្រីក​អាជីវកម្ម​ក្នុង​តំបន់ និង​ចាប់យក​ចំណែក​ទីផ្សារ​ថ្មីៗ​នៅក្នុង​ក្រុម​ប្រទេស​រួមមាន កម្ពុជា វៀតណាម និង​ឡាវ​តាមរយៈ​បទពិសោធ​អាជីវកម្ម​ដ៏សម្បូរបែប ការបង្កើត​នូវ​ទម្រង់​អាជីវកម្ម​ថ្មីៗ និង​ការពង្រីក​បណ្ដាញ​ប្រតិបត្តិការ​របស់ខ្លួន​។

លោក ហួត អៀងតុង ប្រធាន​អគ្គនាយក​នៃ​ធនាគារ​ហត្ថា​បាន​ឲ្យ​ដឹងថា ការប្រែ​ក្លាយ​នេះ​បាន​បង្ហាញ​ព្រឹត្តិការណ៍​ដ៏សំខាន់​ថ្មី​មួយ​របស់​ធនាគារ​ដែល​កំពុង​ប្រតិបត្តិការ និង​រីកចម្រើន​ក្នុង​ការរួម​ចំណែក​ដល់​ការអភិវឌ្ឍ​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​សេចក្ដី​សោមនស្ស​រីករាយ​ឥតឧបមា​ដែល​ធនាគារ ហត្ថា បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត​។ នេះ​ជា​ការអភិវឌ្ឍ​ដែល​ចង្អុលបង្ហាញ​យ៉ាង​ច្បាស់លាស់​ថា ពួកយើង​កំពុង​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពជឿជាក់ ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​សេចក្ដី​ត្រូវការ​របស់​អ្នកប្រើប្រាស់ ដែល​ជា​លទ្ធផល​អាជីវកម្ម​របស់​យើង បន្ត​រីកចម្រើន​ឥត​ឈប់ឈរ​ពី​ ១ ​ថ្ងៃ​ ទៅ​ ១ ​ថ្ងៃ​»​។

លោក​លើកឡើង​ទៀតថា​៖ «​ធនាគារហត្ថា បាន​ប្ដេជ្ញាចិត្ត​ប្រកប​ដោយ​ភាពជឿជាក់ និង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ប្រកប​ដោយ​ភាពល្អ​ឥតខ្ចោះ មាន​ភាពសាមញ្ញ ងាយស្រួល និង​ទំនុកចិត្ត​ខ្ពស់ តាមរយៈ​បុគ្គលិក​ដែល​មាន​បទពិសោធ ចំណេះ​ជំនាញ​ហិរញ្ញវត្ថុ ​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​»​។

លោក​បាន​បញ្ជាក់ថា លើស​ពី​នេះ​ធនាគារ ហត្ថា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​អាជីវកម្ម ធនធាន​មនុស្ស ដើមទុន ប្រព័ន្ធ​ធនាគារ​ស្នូល ការគ្រប់គ្រង​ហានិភ័យ និង​ប្រតិបត្តិការ​អាជីវកម្ម​ដើម្បី​ក្លាយជា​ធនាគារ​ឈាន​មុខ​គេ​មួយ​ដែល​ជួយ​គាំទ្រ​អតិថិជន​ឲ្យ​មាន​អនាគត​ល្អ​។

ធនាគារហត្ថា មាន​បទពិសោធ​ជាង ២៦ ​ឆ្នាំ ​ក្នុង​ការផ្ដល់​សេវា​ហិរញ្ញវត្ថុ​​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ​ធនាគារហត្ថា​មាន​ដើមទុន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ចំនួន​ ១១៥ ​លាន​ដុល្លារ​អាមេរិក​មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​ដល់​អតិថិជន​ដូចជា សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​អេធីអឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ធនាគារ​ចល័ត និង​ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានារ៉ាប់រង និង​ត្រៀម​ដាក់ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ថ្មីៗ​បន្ថែមទៀត និង​សេវាកម្ម​ជាមួយ​ម៉ាស៊ីន​អេធីអឹម​ចំនួន​ ១៣៧ នៅក្នុង ២៥ ទីក្រុង-ខេត្ត​ទូទាំង​ប្រទេស​៕LA