The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហត្ថា​កសិករ​ទទួល​កម្ចី $១០ លាន​ពី DEG

ហត្ថា​កសិករ​ទទួល​កម្ចី $១០ លាន​ពី DEG

ហត្ថា​កសិករ​ទទួល​កម្ចី $១០ លាន​ពី DEG

140110_11
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និង DEC កាលពីថ្ងៃព្រហស្បតិ៍ ម៉ៃ វីរៈ

ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ (HKL) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ប្រាក់​កម្ចី ១០ លាន​ដុល្លារ​អាមេរិក​ពី​ស្ថាប័ន​សាជីវកម្ម វិនិយោគ និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ (DEG) កាល​ពី​ម្សិលមិញ។

ប្រាក់​កម្ចី​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​ផ្តល់​ជា​ទុន​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហួត អៀងតុង អគ្គ​នាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ។

ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម​នៅ​កម្ពុជា​លោក ហួត អៀងតុង បាន​និយាយ​ថា គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​របស់​លោក​ផ្តោត​លើ​ការ​លើក​កម្ពស់ វិស័យ SME តាម​រយៈ​ការ​ពង្រីក​ការ​ផ្ដល់​កម្ចី​ទៅ​ក្នុង​វិស័យ​នេះ។

លោក​បន្ត​ថា៖ «ប្រាក់​កម្ចី ១០ លាន​ដុល្លារ​នេះ​នឹង​ចូល​ជា​ផ្នែក​មួយ នៃ​ទុន​វិនិយោគ​របស់​យើង។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ការ​វិស័យ SME រីក​ចម្រើន​ស្រប​គ្នា។​ យើង​សង្ឃឹម​ថា ការ​ផ្ដល់​កម្ចី​កាន់​តែ​ច្រើន​ដល់​វិស័យ SME នឹង​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច»។

ខណៈ​ដែល​ការ​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​បរទេស​ចំ​ពេល​អស្ថិរភាព​ផ្នែក​នយោបាយ លោក ហួត អៀងតុង និយាយ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្ថិរភាព​របស់​សេដ្ឋកិច្ច​កម្ពុជា។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ថា​យើង​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តាម​ការ​ព្យាករ​របស់ ADB ធនាគារ​ពិភពលោក និង MFI»។

ជា​អ្នក​ផ្ដល់​ហិរញ្ញប្បទាន​វិនិយោគ​របស់​ក្រុមហ៊ុន​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​ទីផ្សារ​កំពុង​ងើប​ឡើង​វិញ​អស់​រយៈ​ពេល​ជាង ៥០ ឆ្នាំ​មក​ហើយ DEG ដែល​ជា​បុត្រសម្ព័ន​នៃ​ធនាគារ​អភិវឌ្ឍន៍​របស់ អាល្លឺម៉ង់ KFW មាន​ជំនឿ​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត។

លោក Herbert Jaeger អគ្គ​នាយក​រង​ការិយាល័យ​តំណាង​របស់ DEG ប្រចាំ​នៅ​ទីក្រុង បាងកក បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្ដល់​កម្ចី​នេះ​ដល់​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ហត្ថា​កសិករ ជា​ការ​សម្រេច​ចិត្ត​រយៈ​ពេល​វែង។

លោក​បាន​បន្ត​ថា៖ «យើង​មិន​បាន​ផ្តោត​សំខាន់​ពី​បញ្ហា​នយោបាយ និង​ការ​អភិវឌ្ឍ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​ទេ។ យើង​មាន​ទំនុក​ចិត្ត​ថា បញ្ហា​នយោបាយ​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ ហើយ​ថា កម្ពុជា​នឹង​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន»។

លោក​បាន​បញ្ជាក់​ថា៖ «ពិត​ណាស់​ខ្ញុំ​មើល​ឃើញ​ពី​សក្ដានុពល​នៅ​កម្ពុជា»។

លោក តែ តាំងប៉ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ SME។ លោក​និយាយ​សំដៅ​ដោយ​ដល់​អត្រា​ការ​ប្រាក់​កម្ចី​បច្ចុប្បន្ន​ដែល​មាន​ចំនួន ១២ ភាគរយ។ លោក​បន្ត​ថា វា​អាច​ជា​ដំណឹង​ល្អ​សម្រាប់​វិស័យ SME ប្រសិន​បើ MFI គ្រោង​នឹង​ផ្ដល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង ១០ ភាគរយ។

លោក ហួត អៀងតុង បាន​អះអាង​ថា នឹង​អាច​ផ្ដល់​អត្រា​ការ​ប្រាក់​ដែល​មាន​ភាព​ប្រកួត​ប្រជែង។ លោក​បញ្ជាក់​ថា៖ «យើង​នឹង​ផ្ដល់​អត្រា​ការ​ប្រាក់​ដែល​ប្រកួត​ប្រជែង​តាម​តម្លៃ​ទីផ្សារ​ដល់​វិស័យ SME។ វា​អាស្រ័យ​លើ​ការ​ចរចា​និង​ស្ថានភាព​អាជីវកម្ម​របស់​ពួក​គេ។

អាជីវកម្ម​ដែល​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​អត្រា​ការ​ប្រាក់​ក៏​នឹង​ខ្ពស់​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍