
សន្និសីទស្តីពីការប្រកាសលក់សិទ្ធិអាជីវកម្មហាងបញ្ចាំ របស់ក្រុមហ៊ុន Chash-U-Up កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនហាងបញ្ចាំ Cash-U-Up កាលពីថ្ងៃម្សិលមិញបានប្រកាសលក់សិទ្ធិធ្វើអាជីវកម្មបន្ត ខណៈបច្ចុប្បន្ននិន្នាការនៃការប្រើប្រាស់សេវាកម្មបញ្ចាំនៅកម្ពុជាកំពុងបង្ហាញពីការកើនឡើង។ នេះបើយោងតាមនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំ Cash-U-Up ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនដ៏ធំកំពុងវិនិយោគលើអគារ The Bridge និង The PEAK បានដំណើរការអាជីវកម្មនេះរយៈពេល ៨ ឆ្នាំ មកហើយ និងពង្រីកសាខាបាន ១៥ កន្លែងនាពេលបច្ចុប្បន្ន។
លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Cash-U-Up បានឲ្យដឹងថាប្រហែល ៩០ ភាគរយនៃកន្លែងទទួលបញ្ចាំទាំងអស់ស្ថិតក្នុងរាជធានីភ្នំពេញ ដូច្នេះការលក់សិទ្ធិធ្វើអាជីវកម្មបន្តនេះនឹងជួយធ្វើឲ្យទីផ្សារនេះមានវិសាលភាពកាន់តែរីកធំទៅកាន់បណ្តាខេត្ត។
បច្ចុប្បន្នទស្សនៈទាក់ទងនឹងការប្រើប្រាស់សេវាកម្មបញ្ចាំនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងច្រើន ព្រោះការបញ្ចាំមិនមែនជារឿងដែលអាក្រក់នោះទេ តែវាអាចជួយឲ្យអ្នកមានតម្រូវការប្រាក់ អាចទទួលប្រាក់យកមកប្រើប្រាស់បានភ្លាមៗ។
លោក សេដ្ឋា បានថ្លែងថា៖ «ក្នុងរយៈពេល ២ ឆ្នាំខាងមុខក្រុមហ៊ុនមានផែនការពង្រីកសាខាឲ្យបាន ៣០ កន្លែង ដោយមិនរាប់បញ្ចូលពីការលក់សិទ្ធិធ្វើអាជីវកម្មនោះទេ។ ចំណែកការលក់សិទ្ធិអាជីវកម្មក្រុមហ៊ុនគ្រោងនឹងបង្កើតឲ្យបាន ១០ ទីតាំង»។
តាមផែនការសម្រាប់ឆ្នាំ ២០១៩ ក្រុមហ៊ុននឹងផ្តល់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុនត្រឹមតែ ៥ ប៉ុណ្ណោះ ខណៈបច្ចុប្បន្នមានអតិថិជនចំនួន ១០ ក្រុមហ៊ុន បានទាក់ទងមកក្រុមហ៊ុនដើម្បីទិញយកសិទ្ធិធ្វើអាជីវកម្មបន្ត។
លោក សេដ្ឋា បាននិយាយថា ដើម្បីឲ្យអាជីវកម្មបញ្ចាំទទួលជោគជ័យគេត្រូវប្រកាន់នូវគោលការណ៍សំខាន់ចំនួន ២ គឺការធ្វើការងារប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារនៃការថែរក្សាវត្ថុប្រចាំឲ្យមានលក្ខណៈដូចដើម។
ក្នុងការប្រតិបត្តិទទួលបញ្ចាំកន្លងមកការខូចខាតនៃសេវាកម្មរបស់ក្រុមហ៊ុន Cash-U-Up ស្ថិតក្នុងរង្វង់ក្រោម ៥ ភាគរយ។ នេះបើតាមលោក សេដ្ឋា។
លោក កែវ និមិត្ត ទីប្រឹក្សាយុទ្ធសាស្រ្តក្រុមហ៊ុន Cash-U-Up និងជាតំណាងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានលើកឡើងថា ទីផ្សារបញ្ចាំនៅកម្ពុជាមានទំហំធំ ប៉ុន្តែបច្ចុប្បន្នវិស័យនេះមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងបានទេ។ បច្ចុប្បន្ន Cash-U-Up មានអតិថិជនប្រហែល ៥,០០០ នាក់។
លោក នង ពិសិដ្ឋ ប្រធាន នាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថាទីផ្សារបញ្ចាំ កំពុងមានតម្រូវការច្រើននៅកម្ពុជា។ លោកបន្តថា ក្រសួងតែងចុះទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ដើម្បីធានាឲ្យអាជីវកម្មនេះអាចប្រព្រឹត្តទៅដោយរលូន និងមានភាពរឹងមាំ។
លោកថ្លែងថា៖ «កាលពីពេលថ្មីៗនេះខ្ញុំ និង មន្ត្រីជំនាញបានសហការជាមួយក្រសួងមហាផ្ទៃ ចុះទៅពិនិត្យតាមក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មទទួលបញ្ចាំបានមួយចំនួន។ ជាលទ្ធផល ក្រុមហ៊ុន ៩០ ភាគរយបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួង ខណៈប្រហែល ១០ ភាគរយទៀតមានបញ្ហាបន្តិចបន្តួចចំពោះការលើកស្លាកសញ្ញាហាង»។
ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុបានឲ្យដឹងថា រហូតមកដល់ពេលនេះក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនអាជីវកម្មទទួលបញ្ចាំសរុបចំនួន ៥០៩ ក្រុមហ៊ុន៕LA