សិង្ហបុរីៈ ហាង​មាស​ជួបប្រទះ​នូវ​ការធ្លាក់ចុះ​អតិថិជន​យ៉ាងហោច​ណាស់​ ៣០ ​ភាគរយ​ក្នុង​ពេល​ថ្មីៗ​នេះ ពេល​តម្លៃ​មាស​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​។

អ្នកលក់​គ្រឿងអលង្ការ​ក្នុង​ហាង​ឥណ្ឌា​មួយ​បាន​និយាយ​ថា ពេលនេះ​ជា​ចំនួន​អតិថិជន​ទាប​បំផុត​សម្រាប់​ហាង​លក់​គ្រឿងអលង្ការ​ក្នុង​ ២៥ ​ឆ្នាំ​។

លោក Ramanathan Palaniappan ប្រធាន​នៃ​ហាង​គ្រឿងអលង្ការ APJ Abiraame បាន​និយាយថា​​ «​ចំនួន​អតិថិជន​ដើរចូល​មើល​បាន​ធ្លាក់​ច្រើនណាស់ ហើយ​សូម្បីតែ​ពួកគេ​ដើរចូល​មើល​ហើយ គេ​ទិញ​មាស​តិចតួច​ឧទាហរណ៍​ត្រឹម​ ៥ ​ជី​»​។

លោក​បន្ថែមថា​៖ «​តម្លៃ​មាស​ហក់​ឡើង​ខ្ពស់​ខ្លាំងណាស់ ដូចនេះ​អតិថិជន​ទិញ​អ្វីដែល​គេ​ត្រូវការ​ប៉ុណ្ណោះ សម្រាប់​រៀបការ ឬ​ក៏​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​»​។

តម្លៃមាស​បាន​កើនឡើង​ខ្ពស់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​គិត​ត្រឹម​ថ្ងៃទី​ ៤ សីហា​កន្លងទៅ ពេល​មាន​ការកើនឡើង​កូវីដ​១៩ ក្នុង​សហរដ្ឋអាមេរិក​ដែល​បំផ្លាញ​ក្តីសង្ឃឹម​ចំពោះ​ការងើប​ឡើងវិញ​ផ្នែក​សេដ្ឋកិច្ច​អាមេរិក​ដ៏ឆាប់រហ័ស​នោះ​។

តម្លៃ​មាស​ខ្ពស់​ក្នុង​កំណត់ត្រា​នេះ​បាន​ជំរុញ​ដោយ​ក្តី​ព្រួយបារម្ភ​ចំពោះ​ភាពតានតឹង​រវាង​ចិន និង​អាមេរិក​។

តាំងពី​បុរាណ​រៀងមក​មាស​ត្រូវបាន​គេ​ចាត់ទុក​ជា​ទ្រព្យសម្បត្តិ​មាន​សុវត្ថិភាព​ដោយ​អ្នកវិនិយោគ​ក្នុង​ពេល​នៃ​ភាពមិន​ច្បាស់លាស់ និង​វិបត្តិ​ដូចជា​ការរីករាលដាល​ដែល​នៅតែ​បន្ត​នេះ​ជាដើម​។

ប៉ុន្តែ​លោក Palaniappan និយាយថា​៖ «​ក្រុម​អ្នកវិនិយោគ​ប្រហែល​ជា​ទិញ​មាស​ច្រើនជាង ប៉ុន្តែ​អ្នកដើរ​ផ្សារ​ធម្មតា យល់​ថា​មាស​កំពុង​ឡើងថ្លៃ​ខ្ពស់​។ សម្រាប់​យើង​ជា​ម្ចាស់​អាជីវកម្ម វា​ជា​ការប្រឈម​ផងដែរ ព្រោះ​តម្លៃ​មាស​កើនឡើង​ភ្លាមៗ ដែល​វា​លំបាក​ក្នុង​ការធ្វើ​គម្រោង​អាជីវកម្ម​។ វា​លំបាក​ក្នុង​ការប្រាប់ថា​តើ​ត្រូវ​ទិញ​ស្តុក​ប៉ុន្មាន​»​។

លោក Dheeraj Gottimukkala ប្រធាន​អភិវឌ្ឍន៍​អាជីវកម្ម​សម្រាប់​ហាង the Malabar Gold & Diamonds នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយថា ហាង​ទាំង​ ២ ​របស់ខ្លួន​ទទួល​បាន​អតិថិជន​ប្រហែល​ត្រឹមតែ​ ១ ​ភាគ​ ៣ ​នៃ​ចំនួន​ធម្មតា​ពេលមុន​កើតមាន​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​ពិតណាស់ សេដ្ឋកិច្ច​មិន​ដំណើរការ​ល្អ​ទេ ដូចនេះ​ប្រជាជន​មិន​ចេញ​ក្រៅ និង​ដើរ​ផ្សារ​នោះទេ ហើយ​ពេលនេះ​តម្លៃ​មាស​ក៏​ឡើង​ខ្ពស់​ខ្លាំង​ទៀត​។ អតិថិជន​ស្ទើរតែ​ ១០០ ​ភាគរយ រអ៊ូរទាំ​ថា មាស​ថ្លៃ​ណាស់​»​។

លោក​បន្ថែម​៖ «​ពិតណាស់​អ្នក​ដែល​មាន​មាស​ពេលនេះ​អាច​ដើរតួនាទី​​ជា​អ្នកកំណត់​តម្លៃ​នៅ​ហាង​បញ្ចាំ​នានា​»​។ Straitstimes_ANN/RR