
ភ្នំពេញៈ ក្រុមហ៊ុនលក់គ្រឿងអលង្ការ Luk Fook Holding (International) Limited របស់ទីក្រុងហុងកុង បានពង្រីកប្រតិបត្តិការរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីបានបើកសសម្ពោធហាងចំនួនពីរក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក Wong Wai Sheung ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Luk Fook Holding បានឲ្យដឹងថា ជាមួយនឹងការបើកដំណើរការហាងក្នុងទីក្រុងភ្នំពេញនេះ ក្រុមហ៊ុននឹង «លក់គ្រឿងអលង្ការប្រកបដោយគុណភាពរបស់យើង និងប្រកបដោយវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់លើការផ្តល់សេវាកម្មដល់ទីផ្សារ»។
បន្ទាប់ពីបើកដំណើរហាងលក់គ្រឿងអលង្ការថ្មីក្នុងទីក្រុងភ្នំពេញនេះ និងម៉ាឡេស៊ីនេះ ក្រុមហ៊ុននេះរំពឹងថានឹងពង្រីកបណ្តាញលក់រាយបន្ថែមទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារក្រុមហ៊ុនមានភាពសុទិដ្ឋិនិយមចំពោះចក្ខុវិស័យនៃទីផ្សារ
របស់តំបន់នេះ។
ការបង្កើតហាងថ្មីនៅកម្ពុជានេះនឹងធ្វើឲ្យវត្តមានបណ្តាញលក់រាយរបស់ក្រុមហ៊ុន Luk Fook Holding មាននៅក្នុងប្រទេស និងតំបន់ចំនួន១០ ដែលមានហាងលក់គ្រឿងអលង្ការជាង ១ ៦១០៕