ភ្នំពេញៈ ហាង​លក់​ទំនិញ​របស់​អាមេរិក Circle K កាលពី​ម្សិលមិញ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា​ដោយ​មាន​សាខា​ដំបូង​ ៣​​ សាខា មុន​នឹង​ពង្រីក​ប្រតិបត្តិការ​ដល់​​ ៤០ សាខា​នៅ​ឆ្នាំ ២០១៨ នេះ​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ទិញ​សិទ្ធិ​ប្រតិបត្តិការ​យីហោ​ហាង Circle K នៅ​កម្ពុជា។

លោក ណម តុង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន TH CVS គ្រុប ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​សិទិ្ធ​ប្រតិបត្តិការ​ហាង​លក់​ទំនិញ Circle K នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ដំណើរ​ការ​ហាង​ជា​បឋម ​៣ ​សាខា កាលពី​ម្សិលមិញ ក្រុមហ៊ុន​លោក​បាន​រៀបចំ​រួច​រាល់​ដើម្បី​ដំណើរ​ការ​ហាង​ ២ ​បន្ថែម​ទៀត ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​។

ហាង​ ៣ ​ដែល​កំពុង​ដំណើរការ​សុទ្ធ​តែ​មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន​តាម​បណ្តោយ​វិថី​កម្ពុជា​ក្រោម​ជិត​សាកល​វិទ្យាល័យ​វេស្ទើន ទីតាំង​ជិត​វិទ្យាល័យ​បាក់​ទូក និង​ទីតាំង​ជិត​វត្ត​ឧណ្ណាលោម​។

លោក ណម តុង បាន​លើក​ឡើង​ថា​៖ «​នៅ​ឆ្នាំ ​២០១៨ នេះ​យើង​នឹង​បើក​ហាង​លក់​ទំនិញ Circle K ចំនួន ៤០ ហាង​បន្ថែម​ទៀត​។ យើង​មាន​គម្រោង​បើក​ហាង​លក់​ទំនិញ Circle K នេះ​ចំនួន ៣០០ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ ដោយ​ប្រើ​ទុនវិនិយោគ ២០ លាន​ដុល្លារ​»​។

យោង​តាម​លោក តុង ដើម្បី​ដំណើរការ​ហាង Circle K មួយ​ត្រូវ​ចំណាយ​ទុន​ប្រមាណ​១០ ម៉ឺន​ដុល្លារ​។ លោក​សុំ​មិន​បញ្ជាក់​ពី​នីតិវិធី និង​ លក្ខខណ្ឌ​នានា ​ដើម្បី​បាន​ទទួល​សិទ្ធិ​ប្រតិបត្តិការ​ម៉ាក​យីហោ​ហាង​នេះ​នៅ​កម្ពុជា​។

TH CVS គឺជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​នាំ​យក​សិទ្ធិ​ប្រតិបត្តិការ​ផលិតផល និង​ហាង​លក់​អាហារ​ពី​សហរដ្ឋ​អាមេរិក​។

បច្ចុប្បន្ន ​ក្រុមហ៊ុន​នេះ​ បាន​ទទួល​សិទ្ធិ​ចែក​ចាយ​រថយន្ត Charlotte របស់​អាមេរិក​នៅ​កម្ពុជា ប្រតិបត្តិការ​លើ​ហាង​លក់​អាហារ Carls & Jr និង ហាង​ការ៉េម Cold Stone៕