ភ្នំពេញៈ ក្រុមហ៊ុន Papa John''s International ដែលមាន​មូលដ្ឋាន​ដើម​នៅ​សហរដ្ឋអាមេរិក​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ទាន់​ចិត្ត​បាន​អះអាង​ពី​ការពង្រីក​វត្តមាន​ហាង​របស់ខ្លួន​រហូត​ដល់​ ១៥ ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​នៅ​កម្ពុជា ស្រប​ពេល​ហាង​តំណាង​មួយ​បាន​បើក​ដំណើរការ​នៅ​ភ្នំពេញ​កាលពី​ចុងខែ​មីនា​កន្លងទៅនេះ​។

អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ស្រុក​មិន​បារម្ភ​អំពី​ការ​នាំចូល​យីហោ​ម៉ាក​ល្បីៗ​អន្តរជាតិ​នោះ​ទេ ផ្ទុយទៅវិញ​វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន និង​ទេសចរណ៍​អន្តរជាតិ​។

លោក Peter Xu ជា​អ្នក​នាំចូល​យីហោ​ពាណិជ្ជសញ្ញា Papa John''s Cambodia មក​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹងថា​៖ «​យើង​មាន​ក្ដី​រីករាយ​យ៉ាងខ្លាំង ក្នុង​ការ​នាំយក​យីហោ​ពិភពលោក Papa John''s មក​ប្រទេស​កម្ពុជា​។ ក្រុមការងារ​របស់ Papa John''s Cambodia មាន​ការពេញចិត្ត​នំភីហ្សា​ខ្លាំងណាស់​ដោយសារ​តែ​គ្រឿងផ្សំ​ដ៏ឆ្ងាញ់​របស់​យើង​»​។

លោក Xu លើកឡើង​ថា​៖ «BETTER PIZZA សន្យាថា យើង​នឹង​ផ្ដល់​ដល់​អ្នក​ចូលចិត្ត​នំ​ភីហ្សា​ក្នុងស្រុក​ជាមួយ​នឹង​ផលិតផល​ប្រកប​ដោយ​គុណភាព និង​សេវា​ឈានមុខ​គេ​»​។

លោក Xu គឺជា​អ្នក​នាំយក​យីហោ​ពាណិជ្ជសញ្ញា Papa John''s ប្រកប​ដោយ​ជោគជ័យ​ដោយ​មាន​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​មុន​ពេល​ការនាំចូល​យីហោ​ពាណិជ្ជសញ្ញា​អន្តរជាតិ​មួយ​នេះ​។ លោក​មាន​អាជីវកម្ម​ផ្សេងទៀត​រួចហើយ ដែល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ចង់​នាំយក​បទពិសោធ​ដ៏អស្ចារ្យ​របស់​លោក​ជាមួយ​នឹង​យីហោ Papa John''s មក​ប្រទេស​កម្ពុជា​។

លោក Jack Swaysland ប្រធាន​ផ្នែក​ប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា​៖ «​នេះ​ជា​ពេលវេលា​ដ៏រីករាយ​សម្រាប់​យីហោ Papa John''s ។ យើង​មានក្ដី​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការផ្ដល់​ភីហ្សា និង​អាហារ​ដ៏ឆ្ងាញ់​របស់​យើង​ដល់​អតិថិជន​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក Swaysland លើកឡើង​៖ «​បន្ទាប់ពី​កំណត់ត្រា​ការលក់ និង​កំណើន​រយៈពេល​ ១ ​ឆ្នាំ​មក យីហោ Papa John''s មាន​ទីតាំង​ល្អប្រសើរ​ជាងគេ ក្នុង​ការបង្កើន​ល្បឿន​ការអភិវឌ្ឍ​អន្តរជាតិ​ដែល​ជា​សសរស្ដម្ភ​ដ៏សំខាន់​មួយ សម្រាប់​កំណើន​រយៈពេល​វែង​របស់​យីហោ​នេះ​»​។

លោក​ ហេង សេងលី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ផាកកាហ្វេ អេនបេវើរីច ដែលជា​ម៉ាក​យីហោ​អាហារ​ក្នុងស្រុក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការនាំយក​សិទ្ធិ​ពាណិជ្ជកម្ម​ (​ហ្វេនឆាយ​) ​ម៉ាក​យីហោ Papa John''s មក​នឹងមិន​ប៉ះពាល់​ដល់​ទីផ្សារ​សម្រាប់​ម៉ាក​យីហោ​ក្នុង​ស្រុក​នោះទេ ពួកគេ​មាន​អតិថិជន​រៀងៗ​ខ្លួន​។

លោក​បញ្ជាក់​៖ «​ទីផ្សារ​វា​នៅតែ​ល្អ​សម្រាប់​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា យើង​មើលឃើញ​ថា នៅ​ស្រុក​ខ្មែរ​ម៉ាក​យីហោ​ល្បីៗ​មិនមាន​ច្រើន​ប៉ុន្មាន​នោះទេ បើ​ធៀប​នឹង​ប្រទេស​ថៃ និង​វៀតណាម ដូច្នេះ​យើង​មានឱកាស​ទីផ្សារ​ច្រើន​»​។

លោក សេងលី ឲ្យ​ដឹងថា វត្តមាន​របស់​ម៉ាក​យីហោ​នេះ​នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​មាន​ភាពធូរស្រាល​ឡើងវិញ​។

បច្ចុប្បន្ន​យីហោ Papa John''s មាននៅ​ក្នុងប្រទេស​ និង​តំបន់​នានា​ចំនួន​ ៤៨ ​ជុំវិញ​ពិភពលោក​។ ថ្មីៗ​នេះ​យីហោ​នេះ​បាន​ចូលទៅ​ក្នុងប្រទេស​ថ្មីៗ​ចំនួន​ ១២ រួមមាន​បារាំង អេស្ប៉ាញ ទុយនីស៊ី អ៊ីរ៉ាក់ ហូឡង់ កាហ្សាក់ស្ថាន ម៉ារ៉ុក កៀហ្ស៊ីស៊ីស្ថាន ប៉ូឡូញ បាហាម៉ា ប៉ាគីស្ថាន​ និង​ព័រទុយហ្គាល់​៕ LA