ភ្នំពេញៈ តំ​ណាង​ក្រុម​ពាណិជ្ជ​ករ​ហុង​កុង ដែល​បាន​ធ្វើ​ទស្សន​កិច្ច​ពាណិជ្ជ​កម្ម​រយៈ​ពេលពីរ​ថ្ងៃ​នៅ​កម្ពុជា​ បាន​អះ​អាង កាល​ពីព្រឹកមិញ​ថា កម្ពុជា​-ហុង​កុង​ គួរ​ផ្តល់​អតិភាព​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​រវាង​អ្នក​​​ឯក​ទេស​លើ​​ជំ​នាញ​ដែល​មាន​សក្តា​នុពល​មួយ​ចំ​នួន​ បន្ថែម​លើ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ដែល​កំ​ពុង​កើន​ឡើង។

ថ្លែង​ប្រាប់​ក្រុម​​អ្នក​យក​ព័ត៌​មាន​ក្នុង​ពិ​ធី​ជួប​ជុំ​ស្វែង​យល់​ពី​ឱ​កាស​វិនិយោគ​ដែល​មាន​អ្នក​ចូល​រួមកម្ពុជា​និង​ហុង​កុង​​សរុប ៣០០ នាក់​​ លោក Edward Yau លេខា​ធិ​ការ​​​ពាណិ​ជ្ជ​កម្ម​ និង​វិនិយោគ​ហុង​កុង​​​លើក​ឡើង​ថា​​ រោង​ចក្រ​ផលិត​កម្ម​នៅ​​ហុង​កុងមួយ​ចំ​នួន​​​​កំ​ពុង​ស្វែង​រក​ទី​តាំង​វិនិយោគ​ថ្មី ស្រប​ពេល​ជា​មួយ​គ្នា​​ពាណិជ្ជ​ករ​វ័យ​ក្មេង​ដែល​​មាន​​គំ​និត​​ពាណិជ្ជ​កម្ម​ថ្មី​ៗ​មាន​សក្តា​នុពល​ច្រើន​ក៏​កំ​ពុង​ស្វែង​រក​ឱ​កាស​ពង្រីក​ការ​វិនិយោគ​​ដែរ​។​

លោក​បន្ត​ថា កម្ពុជា​គឺ​ជា​ទី​តាំង​ល្អ​មួយ ហើយ​ការ​ធ្វើ​ទស្ស​ន​កិច្ច​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​នា​ពេល​នេះជា​​ឱ​កាស​សម្រាប់​ឲ្យ​មាន​កិច្ច​សហ​ការ​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ហុង​កុង​នៅកម្ពុជា និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​ពីរ។​

ខណៈ​​​ទស្ស​ន​កិច្ច​ពាណិជ្ជ​កម្ម​បាន​បញ្ចាប់​ទៅ​ដោយ​​មិន​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ ឬ វិនិយោគ​ណា​មួយ​ លោក​ Edward Yau ​​រំ​ពឹង​ថា​​ដំ​ណើរ​ទស្ស​ន​កិច្ច​នា​ពេល​នេះ​ប្រៀប​បាន​ជា​ការ​បើក​ទ្វា​សម្រាប់​វិនិយោគិន​សក្តា​នុ​ពល​ប្រ​ទេស​ទាំង​ពីរ ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​។

លោក​ថ្លែង​ថា​៖​​ «​សេដ្ឋ​កិច្ច​កម្ពុជា​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ដែល​យើង​ឃើញ​មាន​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធកាន់​តែ​ច្រើន​ឡើង​។ ដូច្នេះ​ហើយ អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​គឺ​មិន​មែន​គ្រាន់​តែ​លំ​ហូរ​ការ​វិនិយោគ និង​ពាណិជ្ជ​កម្ម​ប៉ុណ្ណោះ​ទេ តែ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​សេវា​ជំ​នាញ​ឯក​ទេស​។ ហុង​កុង​មាន​ធន​ធាន​មនុស្សជំ​នាញ​ឯក​ទេស​ទាំង​នេះ ​ដូច្នេះ​ភាគី​ទាំង​ពីរ​អាច​ពង្រឹង​ការ​សហ​ការ​គ្នា​លើ​ផ្នែក​នេះ​ផង​ដែរ»។

កាល​ពី​ឆ្នាំ​ ២០១៧ ទំ​ហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ កម្ពុជា​-ហុង​កុង​សម្រេច​បាន ​១,២​ ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​​បាន​ទទួល​ការ​​វិនិ​យោគ​ហុង​កុង​​ ១៣​ គម្រោង​​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប ៨៥ លាន​ដុល្លារ​៕