ក្រុងហាកៈ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមមន្ដ្រី​ប្រទេស​ ហូឡង់​ បាន​ប្រមូលយក​មកវិញ​នូវ​ម៉ាស់​រាប់ម៉ឺន​ដែល​បាន​នាំចូល​មកពី​ប្រទេស​ចិន​ដែល​ត្រូវបាន​គេ​ចែកចាយ​ដល់​មន្ទីរពេទ្យ​ជាច្រើន ដោយសារ​ម៉ាស់​ទាំងនោះ​មិន​ឆ្លើយតប​តាម​ស្ដង់ដា​គុណភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​វីរុស​កូរ៉ូណា​។

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ផ្ញើ​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មន្ទីរពេទ្យ​ទាំងនោះ​ទទួល​បាន​ការចែកចាយ​ម៉ាស់​ពី​ក្រុមហ៊ុន​ផលិត​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃទី​ ២១ ខែមីនា​។

ពួកគេ​ទទួល​បាន​ការចង្អុលបង្ហាញ​ជា​លើកដំបូង​ថា ម៉ាស់​ទាំងនោះ​មិនបាន​ឆ្លើយតប​ទៅតាម​ស្ដង់ដា​របស់​ពួកគេ​នោះទេ នៅពេល​ម៉ាស់​ទាំងនោះ​ត្រូវបាន​ត្រួតពិនិត្យ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្តថា ផ្នែក​មួយ​នៃ​ការដឹកជញ្ជូន​ត្រូវបាន​ចែកចាយ​ដល់​ក្រុម​អ្នកជំនាញ​សុខាភិបាល​រួចហើយ ចំណែក​ផ្នែក​នៅសល់​ពី​ការដឹកជញ្ជូន​នេះ​ភា្លមៗ​ត្រូវបាន​ផ្អាក និង​មិន​ត្រូវបាន​ចែកចាយ​នោះទេ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា​៖ «​ការធ្វើ​តេស្ដ​លើក​ទី​ ២ ​ក៏បាន​បង្ហាញថា ម៉ាស់​ទាំងនេះ​មិនបាន​ឆ្លើយតប​តាម​បទដ្ឋាន​គុណភាព​ទេ​។ នៅពេល​នេះ​ប្រទេស​ហូឡង់​ត្រូវបាន​សម្រេចចិត្ត​មិន​ប្រើប្រាស់​ការដឹកជញ្ជូន​ណាមួយ​នោះទេ​»​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា ការដឹកជញ្ជូន​នៅពេល​អនាគត​នឹង​អនុវត្ត​ការធ្វើ​តេស្ដ​បន្ថែមទៀត​។

ទូរទស្សន៍ NOS បាន​រាយការណ៍​ថា ការប្រមូល​យក​មក​វិញ​នេះ​ជាប់​ពាក់ព័ន្ធ​ជិត​ពាក់កណ្ដាល​នៃ​ការដឹកជញ្ជូន​ម៉ាស់​ចំនួន ១,៣ ​លាន​ ដែល​គេ​ស្គាល់​ថា ជា FFP2​។

បណ្ដាញ​ទូរទស្សន៍​នេះ​បាន​បន្ថែមថា បញ្ហា​ជាមួយ​ម៉ាស់​នេះ​គឺថា ម៉ាស់​ទាំងនេះ​មិន​បិទ​ផ្ទៃមុខ​ត្រឹមត្រូវ​ទេ ឬ​មាន​តម្រង​ច្រោះ​មិន​ត្រឹមត្រូវ​។

លោក Olivier Veran រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ថា លោក​បាន​បញ្ជា​ទិញ​ម៉ាស់​ជាង​ ១ ​ពាន់​លាន ភាគច្រើន​មកពី​ប្រទេស ​ចិន ដើម្បី​ជួយ​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​វីរុស​កូរ៉ូណា​៕ LA