The Phnom Penh Post Search

Search form

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ ពាក់​កណ្តាល​មាន​គុណ​ភាព​អន់

Content image - Phnom Penh Post
កម្មការិនី​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​លើ​ផ្លូវ​ជាតិ​លេខ ៦ កាល​ពី​សប្តាហ៍​មុន។ ហេង ជីវ័ន

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ ពាក់​កណ្តាល​មាន​គុណ​ភាព​អន់

ភ្នំពេញៈ ផ្លូវ​ជាង​ពាក់​កណ្ដាល​ក្នុង​ចំណោម​ផ្លូវ​ប្រវែង ៦ ០០០ ​គីឡូម៉ែត្រ​របស់​កម្ពុជា​ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន (MPWT) ចាត់​ថ្នាក់​ជា​ផ្លូវ​មាន​គុណ​ភាព​អន់ ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការវិនិយោគ​ក្នុង​គម្រោង​សាងសង់​និង​ថែទាំ​ប្រកប​ដោយ​គុណភាព​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​អង្គារ​ស្ដីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​រឹងមាំ លោក Sam Chow ទីប្រឹក្សា​ផ្នែក​ដឹកជញ្ជូន​អាស៊ី​ខាងកើត​នៅ​ក្រុមហ៊ុន Arup បាន​មាន​ប្រសាសន៍​ថា ខណៈ​ប្រទេស​កម្ពុជា​ ត្រូវ​ការ​ផ្លូវ​ជាតិ​កាន់​តែ​ច្រើន មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​រារាំង​ផ្លូវ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​ប្រកប​ដោយ​គុណភាព​។

លោក​ថ្លែងថា​៖ «​ក្នុង​ករណី​ជាច្រើន ក្រុមហ៊ុន​សាងសង់​មិន​មាន​បច្ចេកវិទ្យា​ទំនើប ហើយ​ផ្លូវថ្នល់​ជាច្រើន​ជារឿយៗ​ត្រូវ​បាន​សាងសង់​ដោយ​កម្មករ​មិន​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ដែល​ខ្វះ​ការ​ត្រួត​ពិនិត្យ​»​។

លោក​បន្ត​ថា​៖ «​សម្រាប់​ផ្លូវ​ថ្នល់​ភាគ​ច្រើន​បំផុត គុណភាព​មិនល្អ​គឺ​ដោយ​សារ​តែ​ការ​ផ្ដល់​មូលនិធិ​មិន​បាន​ល្អ​»​។

លោក​ថ្លែង​ថា ការ​សាងសង់​ផ្លូវ​ថ្នល់​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​តម្រូវការ​គម្រោង​វិនិយោគ​ជា​ផ្លូវការ​កាន់​តែ​ច្រើន​។ លោក​បន្ដថា រដ្ឋាភិបាល​អាច​បង្កើន​ប្រាក់ចំណូល​ដើម្បី​ចំណាយ​លើ​ការថែទាំ​ដែល​មាន​តម្លៃ​ខ្ពស់​នៃ​កំណើន​ការ​សឹក និង​ការ​ប្រេះ​បែក តាម​រយៈ​ផ្លូវ​បង់​លុយ ដោយ​ស្វែងរក​ក្រុម​វិនិយោគិន​វិស័យ​ឯកជន​។

លោក​បាន​ថ្លែងថា​៖ «​ខណៈ​ដែល​អាជីវកម្ម​រីកចម្រើន អ្នកបើក​បរបាន​ដឹកទំនិញ​លើស​ទម្ងន់ ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុវត្ថិភាព និង​បង្កើន​ទម្ងន់​លើផ្លូវ​ថ្នល់​ផងដែរ​»​។ លោក​បន្តថា​៖ «​សេដ្ឋកិច្ច​រីក​ចម្រើន​រហ័ស​ដូច​ជា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ធម្មតា​ធ្វើ​ឲ្យ​មាន​កំណើន​ការ​ដឹក​ជញ្ជូន ដែល​នឹងធ្វើ​ឲ្យ​មានការ​ខូច​ផ្លូវ​ថ្នល់​ធ្ងន់ធ្ងរ​»​។

លោក​បាន​ថ្លែងថា លើស​ពី​នេះ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ការវិភាគ​លើ អត្ថ​ប្រយោជន៍​នៃ​ការ​ចំណាយ នៅ​ពេល​ជ្រើសរើស​ទំហំ​នៃ​ការ​វិនិយោគ​ដំបូង​ក្នុង​គម្រោង​ផ្លូវ​ថ្នល់ ដើម្បី​ឲ្យ​ដឹងថា តើ​វា​មាន​លទ្ធភាព និង​ទទួល​បាន​ប្រាក់​ចំណេញ​ឬ​អត់​? លោក​បន្ថែមថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ជ្រើសរើស​រវាង​ការ​វិនិយោគ​លើផ្លូវ​ថ្នល់​មិនល្អ ដែល​ត្រូវការ​ការផ្ដល់​មូលនិធិ​បន្តិចបន្តួច ប៉ុន្តែ​មាន​កម្រិត​ថែទាំ​កាន់​តែ​ខ្ពស់ ឬ​ការវិនិយោគ​លើ​ផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ ដែល​ចំណាយ​ច្រើន ប៉ុន្តែ​តម្រូវ​ការ​ជួសជុល​កាន់តែ​តិច​។

លោក​ថ្លែងថា​៖ «​អ្នក​អាច​យល់​យ៉ាង​ច្បាស់​ថា ការ​ចំណាយ​ខ្ពស់​នៅពេល​ដំបូង​គឺមាន​ប្រយោជន៍​»​។

បច្ចុប្បន្ន ផ្លូវ​ថ្នល់​កម្ពុជា​ ៧០ ​ភាគរយ​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​ប្រទេស​ ចិន ហើយ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ដែលជា​រឿយៗ​ប្រើប្រាស់​វិធីសាស្ដ្រ​សាងសង់​តម្លៃ​ទាប​ដោយ​ចាក់​ស្រទាប់​កម្ទេច​ថ្ម​ស្ដើង​ហើយ​ក្រាល​កៅស៊ូ​ពីលើ​។

លោក ថូ សំណាង អនុប្រធាន​មជ្ឈមណ្ឌល​ឧបករណ៍​ធុន​ធ្ងន់​នៃ MPWT បាន​ពន្យល់​ថា ការ​ផ្ដោត​សំខាន់​របស់​ក្រសួង​គឺ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ផ្លូវ​ថ្នល់ ដែល​ជា​ការ​ថែទាំ និង​ធ្វើ​ឲ្យ​ផ្លូវ​ដែល​មាន​ស្រាប់​របស់​ប្រទេស​កម្ពុជា​មាន​ភាព​រលូន​។

លោក​ថ្លែងថា​៖«​រដ្ឋាភិបាល​កំពុង​ចំណាយ​ពេលវេលា​ច្រើន​លើ​ការថែរក្សា​ផ្លូវ​ថ្នល់ ដោយ​សារ​តែ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​យើង​មិន​អាច​បំភ្លេច​ការ​ថែ​ទាំ​នោះទេ ដោយ​សារ​នៅ​កម្ពុជា​ជាពិសេស​កន្លែង​ដែល​មាន​រដូវភ្លៀង​រយៈ​ពេល​វែង ទឹក​អាចធ្វើ​ឲ្យ​ខូច​គ្រឹះ​ផ្លូវ​»​។ លោក​បន្តថា​៖ «​ការ​ជួស​ជុល​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​និរន្តរភាព​»​។

លោក នូ វឌ្ឍនៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស MPWT បាន​យល់​ស្រប​ថា កម្ពុ​ជាមាន​តម្រូវការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រយៈពេល​វែង និង​ការ​វិនិយោគ​កាន់​តែ​ធំ ប៉ុន្តែ​លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ​ថា​តើ​រដ្ឋាភិបាល​នឹង​ធានា​ការផ្ដល់​មូលនិធិ​ត្រឹមត្រូវ​ដូចម្ដេច​នោះ​?

លោក​ថ្លែង​ថា​៖ «​យើង​ត្រូវការ​ផ្លូវថ្នល់​មានគុណ​ភាពល្អ ហើយ​ភាគច្រើន​អ្វីដែល​យើង​ត្រូវការ​នៅ​ពេល​នេះ​គឺ​ការវិនិយោគ​។ គោលបំណង​របស់​រដ្ឋា​ភិ​បាល​នឹង​ទាក់ទាញ​វិស័យ​ឯកជន​ឲ្យ​ចូលរួម [​ប៉ុន្តែ​យើង​] ជា​ធម្មតា​មាន​គម្រោង​ផ្លូវ​ថ្នល់​ដែល​បានផ្ដល់​មូលនិធិ​ដោយ​ប្រទេស​ផ្សេង​ទៀត​»៕ LA

អត្ថបទគួរចាប់អារម្មណ៍