
ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីក្រុងពាលីសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។ រូបថត សហការី
ភ្នំពេញៈ សណ្ឋាគារផ្កាយ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដែលមានទុនវិនិយោគជិត ១៨០ លានដុល្លារ ស្ថិតនៅជិតសារមន្ទីរជាតិរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវជាផ្លូវការនៅក្នុងខែមករា ឆ្នាំក្រោយ ដើម្បីចូលរួមបម្រើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញជាមួយក្រុមហ៊ុន ហៃយ៉ាត់ ដែលមានមូលដ្ឋាននៅទីក្រុង Chicago កាលពីខែកញ្ញា ឆ្នាំ ២០១៦ និងបានបុកគ្រឹះសាងសង់កាលពីខែមីនា ឆ្នាំ ២០១៧។
លោក លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងក្នុងពិធីក្រុងពាលីកាលពីថ្ងៃទី ២៦ វិច្ឆិកានេះថា កម្មវិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខ និងភាពរីកចម្រើនឱ្យកើតមានដល់សណ្ឋាគារដែលគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ។
លោកអះអាងថា ក្នុងកាលៈទេសៈបែបណាក៏ដោយក្រុមហ៊ុន ជីប ម៉ុង មានចក្ខុវិស័យ និងយុទ្ធសាស្ត្រក្នុងការពង្រីកពាណិជ្ជកម្មរបស់ខ្លួនដោយមិនផ្លាស់ប្តូរ និងពន្យារពេលនោះទេ។
លោកថ្លែងថា៖ «ក្នុងនាមជាម្ចាស់សណ្ឋាគារ យើងមានការប្តេជ្ញាចិត្តខ្ពស់ជម្នះគ្រប់ឧបសគ្គ និងកៀរគរធនធានដើម្បីវិនិយោគលើការសាងសង់សណ្ឋាគារ និងនាំយកសណ្ឋាគារលំដាប់ពិភពលោកមកកម្ពុជា»។
លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុន ជីប ម៉ុង បានវិនិយោគលើសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ និងធុរកិច្ច ព្រមទាំងការបង្កើតឱកាសការងារ ការបណ្តុះបណ្តាលធនធានមនុស្ស ការនាំយកបច្ចេកវិទ្យា និងការអនុវត្តគំរូក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចមកប្រតិបត្តិក្នុងទីផ្សារក្នុងស្រុក។
លោកថ្លែងថា៖ «ខ្ញុំជឿថា សណ្ឋាគារនេះនឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកជំនួញធំៗមកពីគ្រប់ប្រទេសក្នុងពិភពលោកឱ្យមកកាន់ប្រទេសកម្ពុជា ដើម្បីរីករាយជាមួយវប្បធម៌ អរិយធម៌ដ៏ស្រស់ស្អាត និងសម្បូរបែបរបស់ប្រទេសកម្ពុជា»។
សណ្ឋាគារលំដាប់ផ្កាយ ៥ នេះមានបន្ទប់ចំនួន ២៤៧ ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញដែលជាតំបន់មានសក្តានុពលទេសចរណ៍ បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា សណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ដែលជាម៉ាកយីហោដ៏ល្បីលើពិភពលោកនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកប្រទេសកម្ពុជា ក្រោយពីស្ថានភាពជំងឺកូវីដ១៩ ធូរស្រាលឡើងវិញ។
លោកស្រី ស៊ីវលីន បានបញ្ជាក់ថា៖ «នេះជាដំណឹងល្អ យើងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដែលវានឹងជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ យើងមានផលិតផលទេសចរណ៍ល្អដូចនេះ ដូច្នេះភ្ញៀវទេសចរល្អនៅជុំវិញពិភពលោកក៏នឹងចូលមកស្រុកយើងច្រើនដែរ»។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បច្ចុប្បន្នក្រសួងទេសចរណ៍បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសណ្ឋាគារសរុប ២ ០៤៤ នៅកម្ពុជា ក្នុងនោះមានចំនួន ៣៤៣ កំពុងប្រតិបត្តិការនៅទីក្រុងភ្នំពេញ។
របាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ទុនវិនិយោគវិស័យសំណង់រយៈពេល ៩ ខែ មានតម្លៃ ៥ ៨៦៨ លានដុល្លារ ថយចុះ ៩,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩៕ LA