ភ្នំពេញៈ ក្រុមហ៊ុន ហ៊ីយុនដាយ អាហ្គ្រោ​ (​ខេមបូឌា) ​ឯ.ក ដែលជា​ក្រុមហ៊ុន​របស់​កូរ៉េ​មាន​ផែនការ​នាំចេញ​ផ្លែ​ស្វាយកែវ​រមៀត​ស្រស់ ១ ០០០ ​តោន ទៅ​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំនេះ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្រុមហ៊ុន ហ៊ីយុនដាយ អាហ្គ្រោ កាលពី​ថ្ងៃទី​ ២០ ខែមករា បាន​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ចំនួន ១ ​តោន​ ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ រួចហើយ ដោយ​សង្ឃឹមថា​បរិមាណ​នាំចេញ​នេះ​នឹង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​ក្នុង​រដូវ​ប្រមូលផល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ក្រសួង​កសិកម្ម​នឹង​បន្ត​ខិតខំ​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ផលិតកម្ម​កសិកម្ម​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ធ្វើការ​នាំចេញ​ដើម្បី​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩»​។

ប្រទេស​កម្ពុជា ​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​សាធារណរដ្ឋ​កូរ៉េ​ជា​លើកដំបូង​កាលពី​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២០​។ គិត​មកដល់​ពេល​នេះ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៧៧ ​តោន ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​។ ​នេះ​បើតាម​លោក សាខុន​។

អ្នកស្រី ម៉ៅ សុធា អ្នក​គ្រប់គ្រង​ផ្នែក​លក់​ក្រុមហ៊ុន គិរីរម្យ ហ្វូដ ប្រដាក់សិន ដែល​មាន​រោងចក្រ​កែច្នៃ និង​នាំចេញ​ផលិតផល​ពី​ផ្លែស្វាយ​បាន​ឱ្យ​ដឹងថា ប្រទេស​កូរ៉េ​ នឹង​ក្លាយ​ជា​ទីផ្សារ​ឈានមុខ​គេ បន្ទាប់ពី​ប្រទេស​ចិន​ សម្រាប់​ផលិតផល​ពី​ស្វាយ និង​ស្វាយ​ស្រស់​កម្ពុជា​។

អ្នកស្រី សុធា និយាយថា​៖ «​ខ្ញុំ​នៅ​តែ​ជឿថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កូរ៉េ នៅពេល​ចូល​ជា​ធរមាន​នឹង​ធ្វើឱ្យ​ទីផ្សារ​កូរ៉េ​កាន់តែ​ធំ​សម្រាប់​ផ្លែស្វាយ​កម្ពុជា​»​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា កម្ពុជា​ភាគច្រើន​បាន​នាំចេញ​ស្វាយកែវ​រមៀត​ទៅកាន់​ទីផ្សារ​កូរ៉េ ចិន និង​វៀតណាម​។ ក្រៅពី​កូរ៉េ កម្ពុជា​នឹង​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំនេះ​។

លោក​ប្រាប់ថា​៖ «​យើង​បាន​វាយតម្លៃ​ចម្ការ​ស្វាយ និង​ក្រុមហ៊ុន​ចំនួន ៦ បានដាក់​ពាក្យស្នើសុំ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​លើក​ទី​ ១ រួចរាល់​ហើយ ដោយ​គេ​កំពុង​ត្រួតពិនិត្យ​ឯកសារ​»​។

បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃទី​ ១៦ ខែ​ធ្នូ ឆ្នាំមុន ឱ្យ​ដឹងថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​សរុប​ចំនួន ១២៤ ៣១៩ ​ហិកតា​ក្នុង​នោះ​ផ្ទៃដី​ប្រមូលផល ៩១ ៣៩៨ ហិកតា ដោយ​ទទួល​ទិន្នផល​សរុប ១ ៤៤៨ ៦៧៧ តោន និង​ជា​មធ្យម​ចំនួន ១៦ តោន​ក្នុង​ ១ ​ហិកតា​ ក្នុង​ ១ ​រដូវ​។

ក្រសួងកសិកម្ម​ឱ្យ​ដឹងថា យ៉ាង​ហោចណាស់​ក្រុមហ៊ុន ៤ នឹង​បញ្ចប់​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) និង​ចំហាយ​ទឹក​ក្តៅ (VHT) ​ក្នុងពេល​ឆាប់ៗ​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា ​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិឧស្សាហកម្ម​ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជាង ៨,៥៥ លាន​តោន ​ស្មើនឹង​តម្លៃ​ជាង ២,៣២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន នៅក្នុង​នោះ​ផ្លែស្វាយ​ស្រស់ ៩៤៥ ២៧៤,៤៤ តោន មានតម្លៃ ៤៧៣ ២០៧ ៧០០ ដុល្លារ​៕ LA