ក្រុងសៀមរាប: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ បន្តខិតខំប្រឹងប្រែងក្នុងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីពង្រឹងនិង អភិវឌ្ឍវិស័យទេសចរណ៍និងវប្បធម៌ក្នុងបំណងអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោក។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសនៃការបើកពិធីសន្និសីទទេសចរណ៍និងវប្បធម៌ពិភពលោកលើកទីមួយដែលត្រូវប្រារព្ធឡើងក្នុងទឹកដីអង្គរដែលមានការចូលរួមពី ៩៩ ប្រទេសជុំវិញពិភពលោកសម្រាប់រយៈពេលបីថ្ងៃ។
លោក ថ្លែងថា «សន្និសីទដែលត្រូវបានប្រារព្ធឡើងជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្លួននាពេលនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូ ក្នុងបុព្វហេតុរួមតែមួយគត់គឺរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រៀមខ្លួនសម្រេចឲ្យបាននូវគោលដៅក្រោយ ឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិតាមរយៈការផ្សារភ្ជាប់វប្បធម៌ និងការអភិវឌ្ឍវិស័យទេសចរណ៍នេះ»។
លោកស្រី Irina Bokavo អគ្គនាយកអង្គការយូណេស្កូ បានថ្លែងថា អង្គការយូណេស្កូប្ដេជា្ញចិត្តយ៉ាងខ្លាំងថា នឹងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌និងទេសចរណ៍។ គោលបំណងរបស់អង្គការនឹងបង្កើតថាមពលវិជ្ជមានរវាងថាមពលទាំងពីរដែលកំពុងពង្រឹងទៅវិញទៅមកដែលធ្វើការងារសម្រាប់និរន្តរភាពនិងអត្ថប្រយោជន៍សហគមន៍មូលដ្ឋាន។
លោកស្រីនិយាយថា កំណើនទេសចរណ៍បានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ការរត់ពន្ធវត្ថុបុរាណដែលចាំបាច់ត្រូវតែមានការដោះស្រាយ។
លោកស្រីលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងធ្វើការងារជាមួយគ្នាលើបញ្ហានេះ»។
លោក ហ៊ុន សែន ក៏បានលើកឡើងនូវការប្រឈមមួយចំនួនដែលបង្កការរាំងស្ទះដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍វប្បធម៌នេះ ក្នុងនោះរួមមាន កង្វះនៃកិច្ចសហការ និងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាន កង្វះនូវការរៀបចំផែនការអភិវឌ្ឍន៍ និងការគ្រប់គ្រងដោយហ្មត់ចត់ កង្វះធនធានវប្បធម៌ ធនធានមនុស្ស កង្វះនូវការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ និងវប្បធម៌ជាដើម។
លោកថ្លែងថា «ចំពោះមុខដើម្បីឲ្យមានការផ្សារភ្ជាប់រវាងវប្បធម៌ និងទេសចរណ៍ដើម្បីកសាងឲ្យបានក្លាយទៅជាដៃគូថ្មីមួយនិងក្លាយទៅជាសសរស្តម្ភចូលរួមសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ក្រោយ ឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិនោះ យើងត្រូវមានគោលការណ៍សំខាន់ពីរដែលត្រូវដើរទន្ទឹមគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍វប្បធម៌ និងការធានាឲ្យបាននៃចីរភាពដែលកើតចេញពីការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌នេះ»។
លោកបន្តថា៖ «ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវស្វែងយល់អំពីកាលានុវត្តភាព និងបញ្ហាប្រឈមរវាងវប្បធម៌ និងទេសចរណ៍ ការបង្កើតគំរូថ្មីៗនៃភាពជាដៃគូ និងអភិបាលកិច្ច និងការដាក់ចេញនូវអនុសាសន៍កម្រិតនយោបាយ ក្នុងក្របខ័ណ្ឌអន្តរវិស័យដើម្បីជំរុញការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ដែលជាកម្មវត្ថុនៃអង្គសន្និសីទរបស់យើងនាពេលនេះ»។
ក្នុង ឆ្នាំ២០១៤ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរក្នុងអត្រា ៥,២ ភាគរយ កើនមកដល់ប្រមាណជា ៤,៥ លាននាក់ និងនាំមកនូវប្រាក់ចំណូលប្រមាណជាង ៣ ពាន់លានដុល្លារ។ តាមការព្យាករកំណើនភ្ញៀវទេសចរអន្តរជាតិនឹងបន្តកើនឡើងរហូតដល់ ៥ លាននាក់ក្នុង ២០១៥ និងប្រមាណជា ៧,៥ លាននាក់ ឆ្នាំ២០២០ នឹងនាំមកនូវចំណូលសរុបប្រមាណ ៥ ពាន់លានដុល្លារ ដែលអាចបង្កើតនូវឱកាសការងារប្រមាណ ៨០០ ០០០ នាក់៕