ភ្នំពេញៈ ប្រទេសកម្ពុជា និងចិនទើបបានចុះហត្ថលេខាលើពិធីសារភូតគាមអនាម័យរួមគ្នាមួយដើម្បីនាំចេញផ្លែចេក ជាវិធានការមួយដែលនឹងបើកទ្វារចំហសម្រាប់កម្ពុជាក្នុងការនាំចេញផ្លែចេកទៅចិន។
Longmate Agriculture Co.,Ltd ជាក្រុមហ៊ុនវិនិយោគរួមមួយរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនចិន និងហុងកុងបានវិនិយោគរាប់លានដុល្លារលើការដាំដុះចេកនៅស្រុកឈូក ខេត្តកំពតដើម្បីទាញយកសក្ដានុពលនៃដំណាំកសិកម្មមួយនេះ។
អ្នកយកព័ត៌មានកាសែត ភ្នំពេញ- ប៉ុស្ដិ៍ ចេង សុខហ័ង បានជួបសម្ភាសលោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដើម្បីនិយាយអំពីសក្ដានុពលថ្មីនៃដំណាំចេក និងថា តើវិស័យនេះផ្ដល់អត្ថប្រយោជន៍ដូចម្ដេចដល់កសិករ?
តើហេតុអ្វីបានជាអ្នកសម្រេចចិត្តវិនិយោគលើការដាំដុះចេក?
ទាក់ទងនឹងវិស័យកសិកម្ម កម្ពុជា កំពុងឈានមុខក្នុងឧស្សាហកម្មអង្ករ ហើយការនាំចេញអង្កររបស់យើង ល្បីឈ្មោះរួចហើយ។ ក្រសួងកសិកម្មកំពុងលើកកម្ពស់ការនាំចេញផ្លែឈើមានសក្ដានុពល ដូចជា ផ្លែមៀន ផ្លែស្រកានាគ ផ្លែទុរេន ផ្លែស្វាយ ផ្លែចេក និងផ្លែឈើផ្សេងទៀត។ ដូច្នេះចេកគឺជាផ្លែឈើមួយដែលមានសក្ដានុពលជាច្រើន និងមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ។
ខណៈយើងមានអ្នកបចេ្ចកទេស និងពូជមកពីបរទេស (ពូជ Musa Cavendishil ឬ គេស្គាល់ថា Botanical) ដូច្នេះយើងសម្រេចចិត្តក្នុងការដាំដុះចេក នៅតំបន់របស់យើងព្រមទាំងមានបំណងចង់បង្ហាញដល់ទីផ្សារអន្តរជាតិថា យើងមានសមត្ថភាពក្នុងការផលិតចេកមានគុណភាព ដើម្បីផ្គត់ផ្គត់ទីផ្សារពិភពលោក។
តើក្រុមហ៊ុនលោកវិនិយោគច្រើនប៉ុនណាលើការដាំដុះចេក?
យើងបានចំណាយពេលជាង ១ ឆ្នាំក្នុងការសិក្សាលើដីដាំដុះមុនពេលយើងចាប់ផ្ដើមការដាំដុះ។ យើងមានដី ១០០០ ហិកតាសម្រាប់ដាំដុះចេកដោយវិនិយោគ ៣២ លានដុល្លារ។ នៅក្នុងដំណាក់កាលដំបូង យើងរៀបចំផែនការដាំដុះលើផ្ទៃដី ៤០០ ហិកតា។ ក្នុងមួយហិកតា យើងដាំដើមចេក ២ ៥០០ ដើមដែលត្រូវការរយៈពេល ១០ ខែសម្រាប់ការប្រមូលផល។
តើអ្នករំពឹងថានឹងអាចនាំចេញទៅចិននៅពេលណា?
កម្ពុជាទទួលបានទីផ្សារទៅចិនរួចហើយ ដូច្នេះពេលនេះយើងកំពុងរៀបចំឯកសារ ដើម្បីសម្រេចបានលក្ខខណ្ឌ សម្រាប់ការនាំចេញលើកដំបូងត្រឹមខែមករាឆ្នាំក្រោយដែលជាការនាំចេញផ្លែចេកកម្ពុជាលើកដំបូង។ ដោយសារតែទិសដៅរបស់យើង យើងចង់នាំចេញផ្លែចេកពី ៤ ទៅ ៥ កុងតឺន័រ ហើយបន្ទាប់មកយើងបន្តជំរុញការផលិតរបស់យើងដើម្បីឈានដល់ការនាំចេញប្រចាំថ្ងៃ។
តើអ្វីជាភាពខុសគ្នារវាងពូជផ្លែចេកក្នុងស្រុក និងពូជនាំចូល?
ចេករបស់យើងមានរសជាតិឆ្ងាញ់ ប៉ុន្តែបញ្ហាគឺថា វាមិនអាចរក្សាបានក្នុងរយៈពេលវែង និងឆាប់ខូច ឬជាំ ដូច្នេះបច្ចុប្បន្នយើងមិនអាចនាំចេញផ្លែចេកផ្ទាល់របស់យើងបានទេ ប៉ុន្តែយើងសហការជាមួយនាយកដ្ឋានទីពិសោធន៍កសិកម្មក្នុងការសិក្សាអំពីពូជថ្មីសម្រាប់ការសម្រេចបានការនាំចេញ ហើយយើងនឹងផលិតកូនចេកកាន់តែច្រើន។ ពូជចេកដែលបាននាំចូលមានការទទួលស្គាល់រួចហើយនៅលើទីផ្សារ ចំពោះភាពពិសេសរបស់វាគឺទុកបានយូរ និងស្រួលនាំចូល។
អ៊ីចឹង តើវាផ្តល់ប្រយោជន៍អ្វីខ្លះដល់កសិករក្នុងស្រុក?
ដោយសារជាការចាប់ផ្ដើមដំបូង យើងត្រូវមានការចូលមករបស់វិនិយោគិនសំខាន់ៗ ដើម្បីដឹកនាំការនាំចេញលើកដំបូងរហូតយើងអាចបង្កើតទំនុកចិត្តទីផ្សារលើគុណភាពផ្លែចេក ហើយបន្ទាប់មកកសិករខ្នាតតូច ឬមធ្យមអាចធ្វើតាមគំរូនៃការដាំដុះ និងប្រើប្រាស់បច្ចេកវិទ្យារបស់យើង។
នៅពេលយើងទទួលបានទីផ្សាររឹងមាំនៅក្នុងដៃឧស្សាហកម្មផ្លែចេក និងរីកចម្រើនដោយខ្លួនឯងហើយនាំយកអត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល។
កសិករមានដើមទុនតូចគួរតែបង្កើតសហករណ៍ និងប្រមូលគ្នាធ្វើជាសមាជិកដ៏ធំ ដើម្បីផ្គត់ផ្គង់ទ្រង់ទ្រាយធំដល់តម្រូវការទីផ្សារ។ យើងរៀបចំផែនការផលិតកូនចេក ហើយក្នុងពេលឆាប់ៗ យើងនឹងផ្ដល់ដល់កសិករសម្រាប់ការដាំដុះតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។
ក្រុមហ៊ុនយើងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋ ៥០០ នាក់រួចហើយ ហើយនៅចុងឆ្នាំនេះ យើងនឹងផ្ដល់ការងារ ១ ពាន់នាក់ទៀត។ ប្រជាជនយើង មិនចាំបាច់ទៅធ្វើការងារនៅប្រទេសផ្សេងទៀតនោះទេ ខណៈពួកគេអាចមានការងារនៅក្នុងស្រុក ព្រមទាំងជួយដល់គ្រួសារផងដែរ៕LA