ភ្នំពេញៈ ហ្គ្រិនត្រេដ ជាក្រុមហ៊ុននាំចេញអង្កររបស់រដ្ឋបានចុះលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ដ្រជាមួយក្រុមហ៊ុន Meijing Rice Co.,Ltd នៅខេត្ត សានតុង របស់ចិនពីការនាំចូលអង្ករ ១០០ ០០០ តោនពីប្រទេសកម្ពុជា។
លោក ធន់ វីរៈ អគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ក្នុងខែ កញ្ញា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន។ លោកបន្តថា៖ «អនុលោមតាមកិច្ចព្រមព្រៀងនេះយើងនឹងផ្គត់ផ្គង់អង្ករឲ្យពួកគេចំនួន ១០០ ០០០ តោនក្នុងមួយឆ្នាំ។ ខ្ញុំគិតថាយើងនឹងមិនមានបញ្ហាក្នុងការផ្គត់ផ្គង់ឲ្យដល់ពួកគេនោះទេដោយសារតែខ្ញុំសហការជាមួយនឹងរោងម៉ាស៊ីនកិន ស្រូវក្នុងស្រុកចំនួន ៦ ផ្សេងទៀត»។
លោកបន្តថា៖ «ខ្ញុំមិនមានការបារម្ភលើការស្វែងរកអង្ករឲ្យបានគ្រប់គ្រាន់សម្រាប់ពួកគេ និងអំពីគុណភាពនោះទេដោយសារយើងបានព្រមព្រៀងលើតម្លៃរួចហើយ ហើយយើងអាចកែច្នៃសម្រាប់ពួកគេបានពួកគេនឹងត្រួតពិនិត្យពីគុណភាពដោយខ្លួនគេផ្ទាល់។ ប៉ុន្តែការបារម្ភរបស់ខ្ញុំគឺថា ថាតើក្រុមហ៊ុននេះអាចស្វែងរកកូតាពីភាគីរបស់ខ្លួនក្នុងការនាំចូលពីយើងដែរឬទេ»។ លោក ធន់ វីរៈ និយាយថា ក្រុមហ៊ុននេះនឹងចាប់ផ្ដើមនាំចេញទៅក្រុមហ៊ុនចិននៅដើមខែ តុលា ហើយរំពឹងថា អាចមានលទ្ធភាពក្នុងការនាំចេញប្រហែល ៣០ ០០០ តោនត្រឹមចុងឆ្នាំនេះ។ លោកនិយាយថា គណៈប្រតិភូបានជួបជាមួយក្រុមហ៊ុនរបស់លោកកាលពីថ្ងៃសុក្រមុន ដើម្បីចរចាអំពីកិច្ចព្រមព្រៀងនេះឲ្យបានលម្អិត លោកបន្ថែមថា លោកនឹងនាំដៃគូរបស់លោកទៅទស្សនាខេត្ត សានតុង ក្នុងពេលឆាប់ៗនេះ។
កាលពីឆ្នាំមុនក្រុមហ៊ុន ហ្គ្រីនត្រេដ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករ ១០០ ០០០ តោនជាមួយ ឥណ្ឌូនេស៊ី ប៉ុន្តែមកដល់ពេលនេះមិនទាន់បាននាំចេញទេ៕ PB