ភ្នំពេញៈ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេនធ្វីន​អ៊ីនធើណេសិនណល​របស់​តៃវ៉ាន់ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​បង្ហាញ​ពី​ការខាតបង់​ជិត​ ៩០ ​ម៉ឺន​ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅក្នុង​ផ្សារហ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ​។

ការខាតបង់​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ដោយសារ​តែ​ការកើនឡើង​តម្លៃ​ឈ្នួល​ពលកម្ម ការនាំចេញ​សម្លៀកបំពាក់​រដូវក្តៅ​ច្រើន​ដែល​មាន​តម្លៃ​ទាប​ទៅ​បណ្តា​ប្រទេស​អាស៊ី​ច្រើន​ជាង​អឺរ៉ុប និង​ការ​កើនឡើង​លើ​ការចំណាយ​រដ្ឋបាល​។ នេះ​បើ​តាម​របាយការណ៍​។

របាយការណ៍​បង្ហាញ​ថា​ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ប្រមាណ ៨៦៧ ១៤៣ ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ ធ្លាក់​ចុះ​ជិត ២០០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧ ដែល​ទទួល​បាន​ប្រាក់​ចំណេញ ១,១៧ ​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ជិត​ ១ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨​។

ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ ហ្គ្រេនធ្វីន​ទទួល​បាន​ចំណូល​សរុប ២៣,៧៧ ​លាន​ដុល្លារ ខណៈ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៧ ទទួល​បាន​ ២៥ ​លាន​ដុល្លារ​។

លោក យ៉ាង សាវស៊ីន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហ្គ្រេនធ្វីន បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា លទ្ធផល​ដែល​ទទួល​បាន​ពី​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ នេះ​មាន​ការ​ធ្លាក់​ចុះ​ជាង​ត្រីមាស​​ទី​ ២ នៃ​ឆ្នាំ​ ២០១៧ ទោះបី​ជា​ក្រុមហ៊ុន​បាន​ពង្រីក​ខ្សែចង្វាក់​ផលិតកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដារ​របស់​អតិថិជន​ក៏ដោយ​។ លោក​បន្ត​ថា​៖ «​ហ្គ្រេនធ្វីន នឹង​ខិតខំ​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​អតិថិជន​ខ្លួន ពិសេស​ជាមួយ Adidas»៕LA