ភ្នំពេញៈ​ ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​ហ្គ្រេនធ្វីន ​របស់​តៃវ៉ាន់ ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​​ប្រាក់​​ចំណូល​​សរុប​ដល់​​ជាង ​១២០ ​​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០១៨​ កើន​ឡើង​​ ៤៨,៧៨ ​ភាគរយ​បើ​​ធៀប​នឹង​ឆ្នាំ ​២០១៧។ នេះ​បើ​យោង​​តាម​របាយការណ៍ ​ដែល​បាន​បង្ហាញ​នៅ​លើ​ផ្សារហ៊ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈ​ពេល ​១២ ​ខែ ឆ្នាំ ​២០១៨ ក្រុមហ៊ុន​ទទួល​បាន​កំណើន​ប្រាក់​ចំណេញ​​រហូត​ជាង ​១១៨ ​​ភាគរយ​​ បើ​​ធៀប​នឹង​ឆ្នាំ​ ​២០១៧​។ ​របាយការណ៍​បង្ហាញ​សម្រាប់​រយៈ​ពេល​ ​១២​ ខែ ​ឆ្នាំ២០១​៨ ​ ក្រុមហ៊ុន​ហ្គ្រេនធ្វីន​ ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ជាង ​១,៤៤ ​លាន​ដុល្លារ ​កើន​ឡើង​ ១១៨,​៦៦​ ភាគរយ​បើ​​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ​២០១៧​។ ​

សម្រាប់​ត្រីមាស​ទី៤​ ឆ្នាំ ​២០១៨​ ក្រុមហ៊ុន ហ្គ្រេនធ្វីន ​ទទួល​បាន​ចំណូល​​សរុប​ចំនួន​ជាង​ ៣៨,៩៤ ​លាន​​ដុល្លារ ​កើន​​ឡើង​ ១១៧,៩៧ ​​ភាគរយ ​ ខណៈ​​ប្រាក់​ចំណេញ​សុទ្ធ​នៅ​ក្នុង​ត្រីមាស​ទី​៤ ​នេះ​កើន​ឡើង​ ១១៣,​៩៨ ​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៧​ ដល់​ ​២៦៤ ​៥៨​៧ ​ដុល្លារ​​។

លោក ​យ៉ាង ​សាវស៊ីន ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ហ្គ្រេនធ្វីន ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ដែល​បាន​ផ្ញើ​ទៅ​កាន់​ផ្សារហ៊ុន​ថា ​ការ​កើន​ឡើង​នេះ​ដោយ​សារ​តែ​​ក្រុមហ៊ុន​បាន​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន​។

លោក​ថ្លែង​ថា៖​ «[យើង​] នឹង​បង្កើន​ពង្រីក​ទំនាក់ទំនង​ជា​មួយ​អតិថិជន​របស់​​យើង ​ពិសេស​​ក្រុមហ៊ុន​ Adidas ក្នុង​គោល​បំណង​ទទួល​បាន​ការ​កើន​ឡើង​​នៃ​ការ​បញ្ជា​ទិញ​សម្រាប់​ឆ្នាំ ​២០១៩ ​នេះ»​។

លោក​បន្ត​ថា៖​ «យើង​នឹង​សហការ​ជា​មួយ​ដៃគូ​នានា​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម តាម​រយៈ​ការ​ទទួល​ដេរ​បន្ត ​និង​វេចខ្ចប់»​។​

ហ្គ្រេនធ្វីន គឺ​ជា​ក្រុមហ៊ុន​រោងចក្រ​កាត់​​ដេរ​តែ ​១ ​គត់​នៅ​កម្ពុជា ​ដែល​បាន​​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃ​ទី ៣១ ​ខែធ្នូ​ ឆ្នាំ ​២០១៨ ​ទ្រព្យ​​សកម្ម​សរុប​របស់​ក្រុមហ៊ុន ​​មាន​ជាង ​៨៩ ​លាន​ដុល្លារ​ ខណៈ​​មូលធន​សរុប​មាន​ជាង ​៦៨ ​លាន​ដុល្លារ​។ នេះ​បើ​​យោង​តាម​របាយការណ៍។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ​ហ្គ្រេនធ្វីន​ ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​មាន​តម្លៃ​ ៤ ​៣៦០​ រៀល​ក្នុង ​១ ​ភាគហ៊ុន ​ប៉ុន្តែ​ពុំ​មាន​ការ​ ជួញដូរ​នោះ​ទេ​៕ LA