ក្រុង​ម៉ានីលៈ ​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Go-Jek របស់​ប្រទេស ​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​អង្គារ​បាន​ចាញ់​ក្តី​នៅ​តុលាការ​ឧទ្ធរណ៍​​​ហ្វីលីពីន​​​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​ប្រទេស​ ​ហ្វីលីពីន ដែល​បដិសេធ​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ដល់​ក្រុមហ៊ុន​ខ្លួន។ នេះ​​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​បដិសេធ​មិន​ផ្តល់​អាជ្ញាប័ណ្ណ​របស់​ហ្វីលីពីន​បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ថា ក្រុមហ៊ុន​​ Go-Jek បាន​​​បរាជ័យ​​ក្នុង​ការ​ឆ្លើយ​តប​តាម​​​​​លក្ខណ​វិនិច្ឆ័យ​ស្តីពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​​ក្រុមហ៊ុន​របស់​ហ្វីលីពីន ដែល​ជាការ​វាយ​ប្រហារ​ដ៏​ខ្លាំង​​មួយ​ចំពោះ​ផែនការ​ពង្រីក​អាជីវកម្ម​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់​ខ្លួន។​

ក្រុមហ៊ុន​ Go-Jek ដែល​ទទួល​បាន​ការ​​គាំទ្រ​ដោយ​វិនិយោគិន​ធំៗ​​រួម​ទាំង​ក្រុមហ៊ុន​​ Google ដែល​​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Alphabet Inc និង​ក្រុមហ៊ុន Tencent Holdings Ltd របស់​ប្រទេស ​ចិន ​ធ្លាប់​មាន​ក្តី​​សង្ឃឹម​ថា នឹង​​​​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន Grab ​ដែល​​មាន​មូលដ្ឋាន​នៅ​ប្រទេស ​សិង្ហបុរី និង​ជា​​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​វិស័យ​ហៅ​តាក់ស៊ី​ជិះ​នៅ​​​ប្រទេស ​ហ្វីលីពីន​។​

យោង​តាម​ Reuters ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​នេះ​បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ ដើម្បី​ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​កាល​ពី​ខែ​សីហា តាមរយៈ​ក្រុមហ៊ុន​ Velox ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​គ្រប់គ្រង​ភាគហ៊ុន​​ទាំង​ស្រុង​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​កាល​ពី​ខែ​មករា បន្ទាប់​ពី​​សេវា​ហៅ​តាក់ស៊ី​ជិះ​ត្រូវ​ដាក់​​បញ្ចូល​ក្នុង​​បញ្ជី​​ឧស្សាហកម្ម​មួយ ដែល​​ចែង​ថា កម្មសិទ្ធិ​បរទេស​ត្រូវ​បាន​កម្រិត​​​មក​នៅ​ត្រឹម​ ៤០ ​ភាគរយ។​

លោក​ Martin Delgra ប្រធាន​​ក្រុម​ប្រឹក្សា​សិទ្ធិ​​​អាជីវកម្ម​ពិសេស និង​​បទប្បញ្ញត្តិ​​ដឹក​ជញ្ជូន​ផ្លូវ​គោក ​(LTFRB) ​បាន​​​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា៖ «​​ពួក​គេ​បាន​ដាក់​ញត្តិ ១ ​ដោយ​ស្នើសុំ​ឲ្យ​មាន​​ការ​ពិចារណា​ឡើង​វិញ ប៉ុន្តែ​បាន​រង​បរាជ័យ​ក្នុង​ការ​​កែប្រែ​លក្ខខណ្ឌ​តម្រូវ​ស្តីពី​ភាព​ជា​ម្ចាស់​​កម្មសិទ្ធិ​ក្នុង​ប្រទេស​ ​ហ្វីលីពីន»។​

អ្នក​នាំពាក្យ​របស់​​​ក្រុមហ៊ុន​ Go-Jek បាន​​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​​មាន​ការ​ខកចិត្ត​​ ហើយ «នៅ​ពេល​នេះ​​នឹង​ស្វែងរក​ជម្រើស​របស់​យើង​»។​

ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​មួយ​ចំនួន​​របស់​ប្រទេស ​ហ្វីលីពីន ​បាន​ចាប់​ផ្ដើម​​ប្រតិបត្តិការ​​ក្នុង​ទីក្រុង​ម៉ានីល​ និង​តាម​ខេត្ត​ធំៗ​​ជា​ច្រើន​ទៀត​ក្នុង​រយៈពេល ​២ ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែ​ភាព​ជោគជ័យ​នៅ​មាន​កម្រិត​ដោយសារ​​​ចំណែក​ទីផ្សារ​​ក្នុង​ស្រុក​ដ៏​ធំ​​របស់​ក្រុមហ៊ុន​ Grab ដែល​មាន​​ជាង ៩០ ​ភាគរយ​៕​ LA​