ភ្នំពេញៈ ទំនិញហ្វីលីពីនត្រូវបានរំពឹងថា នឹងនាំចេញកាន់តែច្រើនមកទីផ្សារកម្ពុជា ដើម្បីពង្រឹងវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជា ខណៈអំណាចទិញរបស់ប្រជាជនកំពុងតែកើនឡើង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន។

សេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា តំណាងក្រុមហ៊ុន CYS Pharma ជាក្រុមហ៊ុនចែកចាយផលិតផលកែសម្ផស្ស និងសុខភាព របស់ប្រទេស ហ្វីលីពីន ដែលបច្ចុប្បន្នមានមូលដ្ឋាននៅកម្ពុជា ថ្មីៗនេះបានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា លោក Christopher B. Montero ថា ពួកគេគ្រោងនឹងនាំចូលទំនិញដែលផលិតនៅក្នុងប្រទេស ហ្វីលីពីន កាន់តែច្រើនមកលក់នៅទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញជីវភាពរបស់ប្រជាជនកំពុងរីកចម្រើន និងការចាយប្រាក់ក្នុងការទិញទំនិញប្រើប្រាស់កំពុងកើនឡើង។

លោក Christopher ឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ទីផ្សារកម្ពុជាបង្ហាញឱកាសសម្រាប់ក្រុមហ៊ុនហ្វីលីពីនដែលស្វែងរកការបង្កើនវត្តមានពាណិជ្ជកម្មរបស់ពួកគេ និងការទៅដល់ទីផ្សារក្នុងតំបន់នេះ។

មានក្រុមហ៊ុនហ្វីលីពីនប្រហែល ៥០ បានចុះបញ្ជីនៅកម្ពុជា ហើយប្រជាជនហ្វីលីពីនជាង ២,៥០០ នាក់កំពុងធ្វើការងារនៅកម្ពុជា ជាកម្មកររោងចក្រ គ្រូបង្រៀន កម្មករបច្ចេកទេស និងកម្មករជំនាញ អ្នកគ្រប់គ្រង អ្នកទទួលភ្ញៀវ វិស្វករ បុគ្គលិកកាន់បញ្ជី និងបុគ្គលិកសេវាផ្សេងទៀត។

លោក តេង ដឺលុច សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ ១ ក្នុងទីក្រុងភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា ការនាំចូលទំនិញប្រើប្រាស់កាន់តែច្រើនពីបរទេស នឹងផ្ដល់អត្ថប្រយោជន៍ដល់អតិថិជន ដោយសារតែពួកគេមានជម្រើសកាន់តែច្រើន ក្នុងការប្រើប្រាស់ផលិតផលមានគុណភាព។

លោកថ្លែងថា៖ «ជាមួយនឹងកំណើនចំណូលក្នុងមនុស្សម្នាក់ៗប្រចាំឆ្នាំ កម្ពុជានៅពេលនេះកំពុងក្លាយជាទីផ្សារមួយសម្រាប់បណ្ដាប្រទេស អាស៊ាន ក្នុងការពង្រីកផលិតផល និងចំណែកទីផ្សាររបស់ពួកគេ»៕ LA