
ភ្នំពេញៈ ប្រទេសឡាវ គ្រោងបើកអគ្គកុងស៊ុលប្រចាំនៅ ខេត្តសៀមរាប ក្នុងបំណងជំរុញសហប្រតិបត្តិការជាមួយ កម្ពុជា តាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះបើតាមមន្ត្រីជាន់ខ្ពស់ពីក្រសួង ការបរទេស កម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា បានប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសឡាវ គ្រោងនឹងបើកអគ្គកុងស៊ុលនៅ ខេត្តសៀមរាប ខណៈភ្ញៀវទេសចរឡាវចូលមកកម្ពុជាកាន់តែកើន។
លោកថ្លែងថា៖ «ភ្ញៀវទេសចរ ឡាវ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសកាលពី ឆ្នាំ២០១៣ កន្លងទៅដូច្នេះហើយ ឡាវ នឹងធ្វើស្ថានអគ្គកុងស៊ុលមួយទៀតនៅ ខេត្តសៀមរាប ដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងការដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ថែមទៀត»។ លោកបន្ថែមថា ឡាវ ក៏មានគម្រោងពង្រីកជើងហោះហើរ របស់ខ្លួនមក កម្ពុជា ផងដែរ។
មន្រ្តីពីស្ថានទូត ឡាវ ប្រចាំនៅ កម្ពុជា កាលពីម្សិលមិញបានឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា អ្នកជំនាញកំពុងសិក្សារកទីតាំងសមស្របនៅ ខេត្តសៀមរាប សម្រាប់ដំណើរការអគ្គកុងស៊ុល។
លោកបន្តថា៖ «ពេលវេលាជាក់ស្តែងពេលណាយើងមិនទាន់ដឹងទេ។ ក្នុងពេលបច្ចុប្បន្ននេះ យើងកំពុងសិក្សាមើលទីតាំង។ ខាងបច្ចេកទេសគេចុះពិនិត្យហើយ គេបញ្ជូនឲ្យថ្នាក់ដឹកនាំនៅ ឡាវ ថា នឹងយកកន្លែងណាហើយយើងកំពុងរៀបចំលិខិតស្នាមបញ្ជូនទៅក្រសួង ការបរទេសដែរ ដើម្បីក្រសួងអនុញ្ញាត»។
លោកបញ្ជាក់ដែរថា គោលបំណងនៃការបើកអគ្គកុងស៊ុលនៅ សៀមរាប គឺដើម្បីជំរុញការងារខាងទេសចរនិងការងារផ្សេងៗដើម្បីរឹតចំណងសាមគ្គីភាព ឡាវ-កម្ពុជា។
លោកបន្តថា៖ «បើយើងដាក់កុងស៊ុលនៅទីនោះបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ពីប្រទេសទីបីចង់ទៅទស្សនកិច្ចនៅ ឡាវ គឺយើងមានជម្រើសច្រើនអាចយកទិដ្ឋាការនៅទីនោះក៏បានអាចយកទិដ្ឋាការនៅច្រកក៏បានធ្វើយ៉ាងណាបង្កការងាយស្រួលដល់ការងារទេសចរ និងការងារផ្សេងៗ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ការបង្កើតអគ្គកុងស៊ុល ឡាវ នៅ ខេត្តសៀមរាប នឹងជួយសម្រួលដល់ការទទួលបានទិដ្ឋាការរបស់ភ្ញៀវទេសចរដែលធ្វើដំណើរដោយការហោះហើរ។
លោកថ្លែងថា៖ «យើងដឹងហើយថា ជើងហោះហើរពី ឡាវ មក កម្ពុជា មានតែមួយទេ ហើយចុះនៅ សៀមរាប ដូច្នេះអ្នកទេសចរអាចទៅយកទិដ្ឋាការនៅទីនោះបាន»។
លោកបន្ថែមថា ប្រទេសក្នុងតំបន់កាន់តែចូលកៀកនឹងភាពគ្មានព្រំដែនរវាងគ្នាដូច្នេះការបន្ថែមអគ្គកុងស៊ុលដែលគ្រោងនឹងធ្វើឡើងនេះជារឿងល្អសម្រាប់ កម្ពុជា។
លោក កៅ ស៊ីវន ប្រធានផ្នែកការហោះហើរនៃអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា បច្ចុប្បន្នមានតែក្រុមហ៊ុន ឡាវ អ៊ែរឡាញ មួយប៉ុណ្ណោះដែលដំណើរការហោះហើរពី សៀមរាប ទៅ ប៉ាកសេ និងពី សៀមរាប ទៅ វៀងចន្ទន៍។
លោកបន្តថា ការបើកអគ្គកុងស៊ុល ស្មើនឹងការពង្រីកកិច្ចទំនាក់ទំនងកាន់តែស្រួលនិងជិតស្និត។ លោកបានបន្តថា៖ «សម្រាប់អាកាសចរស៊ីវិលធម្មតាបើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធខាងអាកាសចរស៊ីវិលយើងក៏មានការជិតដិតដែរ»។
កាលពីពេលថ្មីៗនេះដែរ កម្ពុជា និង ឡាវ បានព្រមព្រៀងលើការបើកច្រកព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ក្នុងបំណងបង្កើនភាពសហការគ្នាផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។
ក្នុង ឆ្នាំ២០១៣ ភ្នំពេញ ប៉ុស្តិ៍ រាយការណ៍អំពីសំណើរបស់ប្រតិភូ ឡាវ ក្នុងការប្រើប្រាស់ ទិដ្ឋាការរួមជាមួយ កម្ពុជា។ កិច្ចព្រមព្រៀងទិដ្ឋាការរួម ដែលហៅកាត់ថា «Acmecs» បង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងប្រទេសដែលជាសមាជិកមានដូចជា ថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម តាំងពី ឆ្នាំ២០១៣។
តួលេខពីក្រសួង ទេសចរណ៍ បង្ហាញថា ភ្ញៀវទេសចរជនជាតិ ឡាវ សរុបក្នុង ឆ្នាំ២០១៣ មាន ៤១៤ ៥១៣ នាក់ កើន ៦៣ ភាគរយធៀបនឹងពី ឆ្នាំ២០១២ ដែលពេលនោះមានចំនួនត្រឹមតែ ២៥៤ ០២២ នាក់ប៉ុណ្ណោះ៕