ភ្នំពេញៈ ​គម្រោង​អភិវឌ្ឍន៍​អគារ​​ភ្លោះ​កម្ពស់​ ៦២ ​ជាន់ ​ដែល​មាន​តម្លៃ ​២៣០ ​លាន​ដុល្លារ​​បាន​ចាប់​ផ្តើម​បើក​ការដ្ឋាន​​សាងសង់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​ ២០​២​៣​។​

គម្រោង​នេះ​ជា​វិនិ​យោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ Royal ​One ​​ ជា​បុត្រ​សម្ព័ន Royal Group របស់​លោក​ គិត​ ម៉េង ជា​មួយ​នឹង​ក្រុមហ៊ុន​អចលន​ទ្រព្យ ​និង​សំណង់​មក​ពី​​ខេត្ត​ស៊ីឈួន ​ប្រទេស ​ចិន ​Huashi Grou​p​។

អគារ​ភ្លោះ ​Royal One ​​ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​មហាវិថី​ព្រះ​មុនីវង្ស ជា​​អតីត​អគារ​នគរបាល​ចរាចរណ៍​រាជធានី​​ភ្នំពេញ ត្រូវ​​បាន​សាងសង់​​លើ​​ផ្ទៃ​ដី​ទំហំ ៤ ០៣៦​ម៉ែត្រ​​ការ៉េ និង​មាន​​កម្ពស់​សរុប ​២៣០ ​ម៉ែត្រ​។

លោក ​គិត ​ធាង ​ប្រធាន​ក្រុមហ៊ុន​ Royal One បាន​ថ្លែង​ក្នុង​ឱកាស​បើក​​ការដ្ឋាន​សាងសង់​ថា ​Royal One នឹង​​ក្លាយ​ជា​អគារ​ដ៏​ខ្ពស់​ជាង​គេ ​ស្ថិត​នៅ​​កណ្តាល​រាជ​ធានី​ភ្នំពេញ​ ហើយ​វា​នឹង​ជួយ​លើក​កម្ពស់​មុខ​មាត់​របស់​កម្ពុជា​ផង​​ដែរ​។

លោក​ថ្លែង​ថា៖ ​«​ក្រុមហ៊ុន​ Royal Group ​ជឿជាក់​ថា ​វត្តមាន​អគារ​ដ៏​ប្រណីត​នេះ​នឹង​ក្លាយ​ជា​ចំណែក​នៃ​មោទនភាព​ជាតិ​​កម្ពុជា ​ដែល​បង្ហាញ​ឲ្យ​ឃើញ​​ពី​សមត្ថភាព​ និង​​ភាព​រីក​ចម្រើន​​របស់​ប្រទេស ​កម្ពុជា ​​លើ​ឆាក​អន្តរ​ជាតិ​»​។

អគារ​ដែល​មាន​ចំណត​រថយន្ត​ក្រោម​​ដី​ចំនួន​ ៦ ​ជាន់​នេះ ​​នឹង​ត្រូវ​ប្រើប្រាស់​ជា​​​អគារ​ពាណិជ្ជកម្ម​​ចម្រុះ​ដែល​​រួម​មាន​ ខុនដូ ការិយាល័យ​ធ្វើ​ការ​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ ក្លិប​កម្សាន្ត ​និង​ក្លិប​ហាត់ប្រាណ​ ជា​ដើម​។

លោក​ ឡៅ ​ទិព្វសីហា ​រដ្ឋលេខាធិការ​​ ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ប្រាប់​ថា ការ​ចាប់​ផ្តើម​សាងសង់​នា​ពេល​នេះ​ គឺ​ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​​។ នៅ​ពេល​មាន​អគារ​ធំ​ៗ​បែប​នេះ​កាន់​តែ​ច្រើន​វា​ក៏​​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​នៅ​កម្ពុជា​ផង​ដែរ​។​

លោក​​លើក​ឡើង​ទៀត​ថា៖ ​«​អគារ​នេះ​​មិន​ត្រឹម​តែ​ជួយ​លើ​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​គម្រោង​ដ៏​ធំ​នេះវា​ក៏​នឹង​ជួយ​បង្កើត​ការងារ​ និង​​បទ​ពិសោធ​ការងារ​ល្អ​ៗ​ដល់​ប្រជាជន​ខ្មែរ​ទៀត​ផង»​​។​

តំណាង​ក្រុមហ៊ុន​ Huashi Group ​ដែល​​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​​សាងសង់​បាន​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​។

លោក ​ច្រឹក ​សុខនីម ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​បាន​និយាយ​ថា ​ប្រសិន​បើ​គម្រោង​នេះ​បញ្ចប់​តាម​ផែនការ​នោះ​ វា​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យ​សំណង់ ​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក៏​មាន​គម្រោង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ​ពេល​សាងសង់​ផង​ដែរ​។ លោក​បន្ត​ថា Royal One ជា​គម្រោង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយ​សារ​ស្ថិត​ក្នុង​ទីតាំង​ល្អ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​​។

បើ​តាម​លោក សុខនីម ដី​នៅ​ទីតាំង​របស់​គម្រោង Royal One ​មាន​តម្លៃ​ចន្លោះ​ពី ​៤ ៥០០ ​ទៅ ៦ ០០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ។

ខណៈ​មាន​មតិ​មួយ​ចំនួន​​​លើក​ឡើង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​អគារ​ធំ​ៗ​ និង​ខ្ពស់​ជា​ច្រើន​ហើយ​អត្រា​ប្រើប្រាស់​នៅ​មាន​កម្រិត​តិច​តួច​នោះ លោក សុខ​នីម​ បាន​និយាយ​​ថា វា​មិន​មាន​បញ្ហា​នោះ​ទេ ព្រោះ​កម្ពុជា​មិន​មែន​រស់​នៅ​តែ​​ឯង​ទេ។ លោក​បញ្ជាក់​ថា៖ ​«​កម្ពុជា​ជា​សមាជិក​សមាគម​អាស៊ាន​ ដូច្នេះ​ចំនួន​អ្នក​​វិនិយោគ និង​អ្នក​មក​ធ្វើ​ការ​នៅ​កម្ពុជា​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​នៅ​ពេល​អនាគត»។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់ បាន​បង្ហាញ​ថា ទុន​វិនិយោគ​វិស័យ​សំណង់​កាល​ពី​ឆ្នាំ ​២០១៨ មាន​តម្លៃ​​ប្រមាណ ៥ ២២៨ លាន​ដុល្លារ​ថយ​ចុះ​ចំនួន​ ១៨,៦៦ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧ ដែល​មាន​តម្លៃ​ជាង​​ ​៦​ ៤​២​៨ ​​​​លាន​ដុល្លារ។ ​របាយការណ៍​បង្ហាញ​ថា អគារ​ដែល​មាន​កម្ពស់​ចាប់​ពី​ ៥ ​ជាន់​​ឡើង​ទៅ​មាន​ចំនួន​ជាង​ ១ ២០០ អគារ​។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំដែន​ដី​នគរូបនីយកម្ម ​និង​​សំណង់ ​បាន​ប្រាប់​ថា លោក​​ស្វាគមន៍​រាល់​គម្រោង​ទាំង​អស់​​ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​រួច​ហើយ​ ក្នុង​ការ​ចាប់​ផ្តើម​សាងសង់​ដើម្បី​ឲ្យ​ការ​វិនិយោគ​កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ឡើង​បន្ថែម​ទៀត​។​

លោក​ថ្លែង​ថា៖​«​ការ​ចាប់​ផ្តើម​សាងសង់​នេះ​គឺ​ជា​សញ្ញា​ល្អ​​បន្ថែម​ទៀត​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា»​។​

ទោះ​បី​យ៉ាង​ណា​លោក​លើក​សំណូម​ពរ​ថា គ្រប់​ការដ្ឋាន​ទាំង​អស់​ត្រូវ​តែ​ធ្វើ​​ដោយ​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេក​ទេស និង​មាន​វិធានការ​សុវត្ថិភាព​ខ្ពស់ ដើម្បី​ធានា​​ឲ្យ​ការ​សាងសង់​ដំណើរ​ការ​ទៅ​ដោយ​រលូន​៕​​LA