ភ្នំពេញៈ ​​អគារ​ Gold​ Tower​ 42 ដែល​វិនិយោគ​ក្នុង​តម្លៃ​ប្រមាណ​ ​២៤០ ​លាន​ដុល្លារ​បាន​បញ្ចប់​ការ​សាងសង់​សំណង់​​អគារ​​ហើយ​ បន្ទាប់​ពី​ទុក​ចោល​ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ ​២០០៨​។

អគារ ​៤២ ​ជាន់​ជា​និមិត្ត​រូប​ដំបូង​​បង្អស់​នៃ​អគារ​ខ្ពស់​ជាង​គេ​​នៅ​ចំកណ្តាល​ទីក្រុង​ភ្នំពេញ ​ដែល​​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង ​Yon Woo Cambodia Co., Ltd។

វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ ២០០៨ ​បាន​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍ​អគារ ​Gold Tower 42 ត្រូវ​បាន​ទុក​ចោល​ត្រឹម​កម្ពស់ ​៣០ ​ជាន់​ ប្រហែល​ ១០ ​ឆ្នាំ ​បន្ទាប់​មក​ចាប់​ផ្តើម​ដំណើរ​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៨​។

ការ​ចាប់​ផ្តើម​ដំណើរ​ការ​គម្រោង​នេះ​ឡើង​វិញ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ ​Yon ​Woo ​Cambodia ​Co.,Ltd បាន​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​​ជា​មួយ​ក្រុមហ៊ុន​​មក​ពី​ប្រទេស ​ចិន ​ចំនួន​ ២ គឺ​ក្រុមហ៊ុន ​Shenzhen Hongtao Decoration Co.,Ltd និង​​ក្រុមហ៊ុន ​WAIMAN Construction & Engineering (Macao China) ​កាល​ពី​​ខែ​វិច្ឆិកា ឆ្នាំ ​២០១៧។

តំណាង​​ក្រុមហ៊ុន ​Shenzhen Hongtao Decoration Co.,Ltd បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បិទ​បញ្ចប់​ការ​សាងសង់​សំណង់​អគារ​​កាល​​ពី​ថ្ងៃ​ម្សិលមិញ​ថា ​អគារ​​នេះ​នឹង​ដាក់​ឲ្យ​បើក​ដំណើរការ​ជា​ផ្លូវ​ការ​​​នៅ​ដើម​ឆ្នាំ​ ២០២​០ ខណៈ​ការ​បើក​លក់​បន្ទប់​ខុនដូ ​នឹង​ចាប់​ផ្តើម​ក្នុង​ខែ​ឧសភា​ខាង​មុខ​។

ក្នុង​ពិធី​ប្រកាស​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ Gold Tower 42 កាល​ពី​​ម្សិលមិញ លោក Samuel វិស្វករ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Shenzhen Hongtao Decoration Co.,Ltd បាន​និយាយ​ថា ដោយ​សារ​​​​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​រួចរាល់​នោះ ​ដូច្នេះ​សម្រាប់​ការ​រចនា​ផ្នែក​ខាង​ក្នុង និង​ខាង​ក្រៅ​​អគារ​ទាំង​មូល​​នឹង​ត្រូវ​ការ​ពេល​ត្រឹម​តែ​ ១​ ឆ្នាំ​ទៀត​​ប៉ុណ្ណោះ​​​។ លោក​ថ្លែង​ថា៖​ «​អតិថិជន​អាច​នឹង​ចូល​ទៅ​រស់​នៅ​ នា​ពេល​ដើម​ឆ្នាំ​ផង​ដែរ​»។​​

តាម​លោក ​Samuel ​អគារ​នេះ​នឹង​ត្រូវ​ប្តូរ​ឈ្មោះ ​ប៉ុន្តែ​មិន​ទាន់​​បញ្ជាក់​ពី​ឈ្មោះ​ថ្មី​​របស់​អគារ​​នេះ​នៅ​ឡើយ​ទេ។​​លោក​បន្ត​ថា៖​ «​ឈ្មោះ​ថ្មី​ អាច​​នឹង​ត្រូវ​បញ្ចេញ​នៅ​ពេល​ការ​បើក​លក់​ចាប់​ផ្តើម​»។​

យោង​តាម​សេចក្តី​រាយការណ៍​កន្លង​មក បន្ទប់​ខុនដូ​របស់ Gold Tower 42 នេះ​ត្រូវ​បាន​គេ​អះអាង​​ថា ​លក់​បាន ​៥០ ​ភាគរយ​រួច​​ទៅ​ហើយ​បន្ទាប់​ពី​ការ​​ប្រកាស​លក់​ដំបូង​ក្នុង​ឆ្នាំ ​២០០៨​។

បើ​តាម​លោក Samuel បច្ចុប្បន្ន​មាន​អតិថិជន​ជា​ច្រើន​កំពុង​​ចាប់ អារម្មណ៍​ទិញ​គម្រោង​នេះ ​ដែល​ភាគ​ច្រើន ​គឺ​ជនជាតិ​ចិន កូរ៉េ និង​ជប៉ុន​។

អគារ​ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះសីហនុ នេះ​មាន​ចំណត​យាន​យន្ត​ក្រោម​ដី​ចំនួន ៥​ ជាន់។ ​​ចាប់​ពី​ជាន់​ទី​១​ ដល់ទី​៣ គឺ​ជា​ផ្សារ​ទំនើប ​ពី​ជាន់​ទី​៤ ដល់​ជាន់​ទី​១២ ជា​អគារ​ការិយាល័យ ​ជាន់​ទី​១៣ ជា​ក្លិប​កម្សាន្ត ភោជនីយដ្ឋាន និង​កន្លែង​ហាត់​ប្រាណ ចំណែក​​​ចាប់​ពី​​​ជាន់​ទី១៤ ដល់​ជាន់​ទី​៤២ ​ជា​ខុនដូ​ដែល​មាន​ ៣៩៩ ​យូនីត​។ អគារ​ទាំង​មូល​មាន​ផ្ទៃ​ក្រឡា​សរុប​ជាង ​១៤ ​ម៉ឺន​ម៉ែត្រ​ការ៉េ​។​

អគារ Gold Tower 42 ជាន់ដែលបានបិទបញ្ចប់ការសាងសង់សំណង់អគារកាលពីថ្ងៃម្សិលមិញ។ហេង ជីវ័ន

លោក លាង ​មុនីរិទ្ធ​ រដ្ឋ​លេខាធិ​ការ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​របស់​គម្រោង Gold Tower 42 ​ពេល​នេះ​ គឺ​ដោយ​សារ​តែ​មាន​ការ​សហការ​ល្អ​រវាង​ក្រុមហ៊ុន​​ទាំង​ ៣ នោះ។ លោក​បាន​ថ្លែង​ថា៖​ «ដំណើរការ​សាងសង់​​​នេះ​​ពិត​ជា​​​ឆាប់​រហ័ស ដោយ​​​ចាប់​ពី​ពេល​ចាប់​ផ្តើម​សាង​សង់​ឡើង​វិញ​រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ត្រឹម​តែ​​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​»​។​

លោក ​ឈួន​ ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា គម្រោង​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​​សម្រាប់​ប្រទេស ​កម្ពុជា។ ដោយ​សារ​ក្រុមហ៊ុន​ដែល​ចូល​មក​វិនិយោគ​នៅ​ពេល​នេះ​មាន​ប្រាក់​គ្រប់គ្រាន់ ដូច្នេះ​ការ​សាងសង់​ នឹង​អាច​បញ្ចប់​តាម​ផែនការ​។ ​លោកថ្លែង​​ថា៖ ​«​​អតិថិជន​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​ដូច​ពេល​មុន​ទៀត​នោះ​​ទេ ព្រោះ​ក្រុមហ៊ុន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ការ​វិនិយោគ​»​។

លោក ច្រឹក ​សុខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​​អចលន​វត្ថុ​កម្ពុជា ​បាន​​និយាយ​ថា កន្លង​មក​មាន​ព័ត៌មាន​អវិជ្ជមាន​ជា​ច្រើន​ពី​​​សំណង់​​ដែល​ត្រូវ​គេ​ទុក​ចោល​បែប​នេះ។ បើ​អគារ​​នៅ​កណ្តាល​ក្រុង​បែប​នេះ ​ត្រូវ​គេ​ទុក​ចោល​​​យូរ​ទៅ​ទៀត​នោះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​​សម្រាប់​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​។

លោក​បាន​​​អះអាង​ថា៖​ «​​ការ​បញ្ចប់​គ្រោង​អគារ​ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​បង្កើន​ទំនុក​ចិត្ត​ទៅ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​វិនិយោគ​ថ្មី​ៗ​នៅ​កម្ពុជា​»។

ដោយ​សារ​អគារ​នោះ​ស្ថិត​នៅ​​​ក្នុង​​ទីតាំង​ដ៏​ល្អ​នោះ​ លោក ​សុខ​​នីម បាន​និយាយ​ថា បើ​តម្លៃ​សម​ស្រប ការ​លក់​នឹង​អាច​ទទួល​​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​ខ្លី៕​LA

ពិធីប្រកាសបិទបញ្ចប់ការសាងសង់គ្រោងអគារ Gold Tower 42 កាលពីថ្ងៃម្សិលមិញ។ រូបថត ហ៊ឹន ពិសី