The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គនាយក Apple ទទួល​បាន​ចំណូល​ជាង $១៥ ​លាន​នៅ​ឆ្នាំ​មុន

អគ្គនាយក Apple ទទួល​បាន​ចំណូល​ជាង $១៥ ​លាន​នៅ​ឆ្នាំ​មុន

Content image - Phnom Penh Post
លោក Time Cook ថ្លែង​ក្នុង​កម្មវិធី​ដាក់បង្ហាញ​ផលិតផល​ថ្មី​នៅ​ទីក្រុង​ញូវយ៉កនា​ចុង​ឆ្នាំមុន។ រូបថត AFP

អគ្គនាយក Apple ទទួល​បាន​ចំណូល​ជាង $១៥ ​លាន​នៅ​ឆ្នាំ​មុន

ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Apple បាន​​ដំឡើង​ប្រាក់​ខែ​ច្រើន​​​រហូត​ដល់​ ២២ ​ភាគរយ​​កាល​ពី​ឆ្នាំ ២០១៨ ដល់​លោក Tim Cook ដែល​ជា​​ប្រធាន​ប្រតិបត្តិ​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប្រាក់​សំណង​​សរុប​​របស់​​លោក​សម្រាប់​ឆ្នាំ​មុន​មាន​ជិត​ដល់ ១៥,៧ ​លាន​ដុល្លារ។ នេះ​បើ​យោង​​​តាម​ឯកសារ​ដែល​បាន​ផ្ញើ​ទៅ​គណៈ​កម្មការ​មូលបត្រ​​អាមេរិក។​

តួលេខ​នេះ​រួម​បញ្ចូល​ប្រាក់​ខែ​​គោល​ចំនួន​ ៣​ លាន​ដុល្លារ ប្រាក់​​លើក​ទឹក​ចិត្ត (Bonus) ១២ ​លាន​ដុល្លារ និង​​ប្រាក់ ៦៨០ ០០០ ដុល្លារ​ពោល​គឺ​​ជា​អ្វី​ដែល​​ក្រុមហ៊ុន Apple ​បាន​ហៅ​ថា​ជា​ «ប្រាក់​សំណង​ផ្សេង​ទៀត​» ដែល​​រួម​​បញ្ចូល​ទាំង​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​ជា​លក្ខណៈ​ឯកជន និង​​ការ​ចំណាយ​​លើ​សន្ដិសុខ​។​

គណៈកម្មា​ធិការ​សំណង​របស់​ក្រុមហ៊ុន Apple បាន​លើក​ឡើង​ពី​​​លទ្ធផល​ប្រតិបត្តិ​ការ​លក់​ដ៏​រឹង​មាំ​របស់​​ក្រុមហ៊ុន​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ ដើម្បី​គាំទ្រ​ដល់​ការ​ផ្តល់​​​ប្រាក់​លើក​ទឹក​ចិត្ត​នេះ​។​

ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​សម្រាប់​ឆ្នាំ ២០១៨ យើង​សម្រេច​បាន​ការ​លក់​សុទ្ធ​ ២៦​៥,៦ ​ពាន់​លាន​ដុល្លារ​ និង​ប្រាក់​ចំណូល​ប្រតិបត្តិការ​ ៧០,​៩ ពាន់​លាន​ដុល្លារ​ ដែល​ចំនួន​ទឹក​​ប្រាក់​ទាំង​នេះ​តំណាង​ឲ្យ​កំណើន ១៦ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៧ និង​កើនឡើង​​លើស​​ពី​ទិស​ដៅ​កម្មវិធី​លើក​ទឹក​ចិត្ត​ជាសាច់​ប្រាក់​ប្រចាំ​ឆ្នាំ​អតិបរមា​សម្រាប់​ឆ្នាំ ២០១៨ សម្រាប់​​វិធានការ​លទ្ធផល​​ប្រតិបត្តិ​ការ​ទាំង​នោះ​»​។​

ឯកសារ​នេះ​បាន​​បន្ត​ថា​៖ «​គណៈ​កម្មាធិការ​សំណង​បាន​កំណត់​ថា មិន​មាន​ការ​កែ​តម្រូវ​ទម្លាក់​ប្រាក់​ដ៏​ច្រើន​នេះ​​​​ដែល​​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​​​ដោយ​ពឹង​ផ្អែក​លើ​លទ្ធផល​ប្រតិបត្តិការ​​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន Apple និង​ការ​រួម​ចំណែក​បុគ្គល​​របស់​​មន្ដ្រី​​ប្រតិបត្តិ​ដែល​ត្រូវ​បាន​​កំណត់​ឈ្មោះ​របស់​យើង​នោះ​ទេ​ និង​បាន​​​អនុម័ត​​​ប្រាក់​សរុប​អតិបរមា​ក្នុង​ចំនួន ៤០០​ ភាគរយ​នៃ​ប្រាក់​ខែ​គោល​ប្រចាំ​ឆ្នាំ​»​។​

វាជា​ឆ្នាំ​ទី ២ ហើយ​ដែល​​លោក Tim Cook បាន​ស្នង​​តំណែង​​ពី​លោក​ Steve Jobs ដែល​បាន​ទទួល​​ការ​ដំឡើង​ប្រាក់​​​​ដ៏​ច្រើន​​បែប​នេះ។ កាល​ពី​ឆ្នាំ ២០១៧ លោក​បាន​ទទួល​​ប្រាក់​ ១២,៨ ​លាន​ដុល្លារ ខណៈ​ដែល​ឆ្នាំ​ ២០១៦ លោក​បាន​ទទួល ​៨,៧ ​លាន​ដុល្លារ។​

ព័ត៌មាន​នេះ​បាន​ចេញ​ផ្សាយ​ ១ សប្ដាហ៍​បន្ទាប់​ពី​​ក្រុមហ៊ុន​ Apple បាន​កាត់​បន្ថយ​ចក្ខុវិស័យ​ប្រាក់​ចំណូល​របស់​ខ្លួន​នៅ​ត្រីមាស​ចុង​ក្រោយ​ ដោយ​​​លើក​ឡើង​ពី​ «​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​» ខ្លាំង​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ប្រទេស ចិន និង​ទីផ្សារ​​កំពុង​អភិវឌ្ឍន៍​។​

ព័ត៌មាន​នេះ​បាន​អង្រួន​ដល់​​​​​ក្រុម​វិនិយោគិន​ ដែល​ពួកគេ​​មួយ​ចំនួន​បាន​មើល​ឃើញ​​ការ​ព្យាករ​ដែល​ចុះ​ខ្សោយ​​នេះ​ថា​ជា​សញ្ញា​មួយ​ដែល​ថា ​​ក្រុមហ៊ុន​​ខ្វះ​នូវ​ឧបករណ៍​អេឡិចត្រូនិក​ថ្មី​សំខាន់​ៗ​ក្រៅ​ពី​ទូរស័ព្ទ iPhone ជា​ឧបករណ៍​មួយ​ដែល​​​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​​ថា ​មាន​​តម្លៃ​ខ្ពស់​ពេក​។​

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Apple បាន​ធ្លាក់​ចុះ ១០ ភាគរយ​​​ក្នុង​ការ​ជួញដូរ​នៅ​វគ្គ​ដំបូង បន្ទាប់​ពី​សេចក្ដី​​ប្រកាស​ដែល​បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់ចុះ​ដ៏​ធំ​មួយ​នៅ​ក្នុង​​ប្រតិបត្តិការ​ទីផ្សារ​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​​ឈាន​មុខ​គេ​មួយ​នេះ​​នៅ​ក្នុង​រយៈ​ពេល​ ៣ ខែ​ចុង​ក្រោយ​​។​

បើ​គិត​ពី​មូលធនូបនីយកម្ម​ទីផ្សារ បច្ចុប្បន្ន ​​ក្រុមហ៊ុន​ Apple ​​ជាប់​ចំណាត់​ថ្នាក់​ទី ៤ ​ស្ថិត​​នៅពី​ក្រោយ​ក្រុមហ៊ុន Amazon, Microsoft និង​Alphabet៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍