ភ្នំពេញ: ក្រុមហ៊ុន Pestech International Bhd របស់​ម៉ាឡេស៊ី​បាន​សម្រេច​កិច្ចសន្យា​តបណ្តាញ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០ ​គីឡូវ៉ុល​ ចូលទៅ​កាន់​តំបន់​រុករក​រ៉ែ​ជាមួយ​ក្រុមហ៊ុន Renaissance Minerals (Cambodia)Ltd ដែលជា​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​រុក​រ៉ែ​នៅ​តំបន់​អូរខ្វាវ ស្រុក​មណ្ឌលសីមា ខេត្តមណ្ឌលគិរី​នៅ​ភាគ​ខាង​ឦសាន​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់ The Edge Market​។

សេចក្តី​រាយការណ៍​បន្ត​ថា ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជី​នៅ​ប្រទេស​អូស្ដ្រាលី​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែល​រំពឹង​ថា​នឹង​ទាញយក​រ៉ែ​មាស​ពី​គម្រោង​រ៉ែ​មាស​អូរខ្វាវ នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​។

កិច្ចសន្យា​តភ្ជាប់​អគ្គិសនី​មានតម្លៃ​ ៧,៣៤ ​លាន​ដុល្លារ​ក្រោយ Pestech (Cambodia) PLC (PCL) បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ក្នុង​ប្រទេស​អូស្ត្រាលី​គឺ​ក្រុមហ៊ុន Emerald Resources NL ​កាលពី​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២០​។ នេះ​បាន​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី The Edge Market ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុមហ៊ុន Pestech បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន The Edge Market ថា គម្រោង​នេះ​គឺជា​ទ្រព្យសកម្ម​ក្នុងការ​សាងសង់​អនុស្ថានីយ​បញ្ជូន​អគ្គិសនី​ទៅកាន់​តំបន់​រ៉ែ​មាស​លើកដំបូង​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន Pestech (Cambodia) Plc ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន និង​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី​ ១ ខែមីនា ហើយ​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ ១២ ​ខែ​បន្ទាប់ពី​ចាប់ផ្ដើម​។

ក្រុមហ៊ុន​ឲ្យ​ដឹងថា​៖ «​គម្រោង​នេះ​នឹង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ប្រាក់ចំណូល និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Pestech ទៅតាម​ដំណាក់កាល​នៃ​ការរីកចម្រើន​។ គម្រោង​នេះ​ត្រូវ​ទទួល​ស្គាល់​នៅ​ឆ្នាំ​ហិរញ្ញវត្ថុ​ដែល​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ​ ២០២១»​។

ក្រុមហ៊ុន Pestech បាន​បន្ថែមថា ខ្លួន​បន្ត​បម្រើ​តម្រូវការ​សម្រាប់​អគ្គិសនី​ដែល​អាច​ទុកចិត្ត​បាន​នៅក្នុង​តំបន់​នេះ​ដែល​មាន​សារៈសំខាន់​ជាពិសេស​ចំពេល​ការរីក​រាលដាល​កូវីដ​ ១៩​ នៅពេល​បច្ចុប្បន្ន​។

កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Emerald Resources NL ក៏បាន​ចុះកិច្ចសន្យា​ក្នុងតម្លៃ ២៣០ ​លាន​ដុល្លារ​ ជាមួយ​ក្រុមហ៊ុន Mining and Civil Australia (Maca) ​លើ​គម្រោង​រ៉ែមាស​អូរខ្វាវ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​នេះ​បាន​ចុះកិច្ចសន្យា​មាន​រយៈពេល​ជាង ៧ ​ឆ្នាំ​ រួម​មានការ​ផ្គត់ផ្គង់​ឧបករណ៍​ធ្វើ​រ៉ែ និង​សេវាកម្ម​លើ​គម្រោង​រ៉ែ​មាស​នៅ​កម្ពុជា​។ វិសាលភាព​ការងារ​នៃ​កិច្ចសន្យា​នេះ​នឹង​គ្របដណ្តប់​លើ​សេវាកម្ម ដឹកជញ្ជូន ការទាញយក​រ៉ែ ខួង និង​ការ​បំផ្ទុះ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការរៀបចំ​ឧបករណ៍​គម្រោង​អូរខ្វាវ​ត្រូវ​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ខែ​សីហា​ហើយ​គ្រោង​នឹង​ប្រតិបត្តិការ​នៅ​ខែតុលា​។

ក្រុមហ៊ុន​នេះ​បានចេញ​ផ្សាយ​ការសិក្សា​លទ្ធភាព​ច្បាស់លាស់​របស់​ខ្លួន​កាលពី​ខែឧសភា ឆ្នាំ​ ២០១៧ ដែល​បង្ហាញថា គម្រោង​រ៉ែ​មាស​អូរខ្វាវ​អាច​ផលិត​បាន​មាស ១០៦ ០០០ ​អោនស៍​ ក្នុង​ ១ ​ឆ្នាំ​ជា​មធ្យម​។

ក្រុមហ៊ុន​បាន​ប៉ាន់ប្រមាណ​ថា ការទាញយក​រ៉ែ​ដំបូង​នឹងមាន​សកម្មភាព​រយៈពេល ៧ ​ឆ្នាំ​ជាមួយ​នឹង​ទុនវិនិយោគ ៩៨ ​លាន​ដុល្លារ​អូស្ត្រាលី​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឲ្យ​ក្រុមហ៊ុន​នេះ​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៨ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ១១,៥ គីឡូម៉ែត្រ​ការ៉េ​ លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ក្នុងស្រុក​មណ្ឌលសីមា ខេត្តមណ្ឌលគិរី​។

លោក​បន្តថា អាជ្ញាប័ណ្ណ​នេះ​នឹង​មាន​រយៈពេល ១៥ ​ឆ្នាំ​ ហើយ​អាច​នឹង​បន្ត​ជាថ្មី​បាន​ ២ ​ដង​ទៀត​ដែល​មាន​រយៈពេល​ ១០ ​ឆ្នាំ​ម្តង​។

បច្ចុប្បន្ន​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ប្រមាណ​ ៣៧ កំពុង​រុករក​នៅ​ខេត្ត​សំខាន់ៗ​ចំនួន​ ៤ រួមមាន​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង​៕ LA