ភ្នំពេញៈ ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​មាន​អានុភាព​ ៣០ ​មេហ្គាវ៉ាត់ ​ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​ឱ្យ​សាងសង់​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ នោះ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​សាកល្បង​ហើយ ខណៈ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែន​ការតភ្ជាប់​ថាមពល​ស្អាត​ទៅក្នុង​បណ្តាញ​ជាតិ​ឱ្យបាន ៤៥០ ​មេហ្គាវ៉ាត់​ នៅមុន​ដំណាច់ឆ្នាំ​ ២០២២​។

អគ្គនាយក​អគ្គិសនី​កម្ពុជា​លោក កែវ រតនៈ កាលពី​ថ្ងៃ​អង្គារ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Fresh News ថា ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​កម្លាំង ៣០ ​មេហ្គាវ៉ាត់​នេះ ​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ដែល​ស្ថិតក្នុង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ​។

លោក​បាន​ថ្លែងថា​៖ «​ស្ថានីយ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ៣០ ​មេហ្គាវ៉ាត់​ថ្មី​នេះ​ ស្ថិត​ក្នុង​ចំណោម​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ២០០ ​មេហ្គាវ៉ាត់ ដែល​នឹង​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ពី​ឆ្នាំ​ ២០២០ ដល់​ទៅ​ឆ្នាំ​ ២០២២​។ នេះ​ជា​ផែនការ​ដែល​ត្រៀម​ផលិត​ថាមពល​ឱ្យបាន​ច្រើន​ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​នៅ​ឆ្នាំ​ខាងមុខ ជាពិសេស​ក្នុង​រដូវប្រាំង ហើយ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​អគ្គិសនី​កម្ពុជា​ក្នុង​ការបង្កើន​ភាគរយ​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ស្អាត​ (​ពន្លឺព្រះអាទិត្យ​) ​ឱ្យ​ដល់​យ៉ាងតិច ៤៥០ ​មេហ្គាវ៉ាត់​មុន​ដាច់​ឆ្នាំ​ ២០២២»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​អង្គារ​ថា ការដាក់​បញ្ចូល​ទៅក្នុង​បណ្តាញ​ជាតិ​នៅពេល​នេះ​ (​ក្នុង​សប្តាហ៍​នេះ​) គឺ​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​តែប៉ុណ្ណោះ ខណៈ​ការសាងសង់​ទើប​បញ្ចប់​កាលពី​ពាក់កណ្តាល​ខែកញ្ញា​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ការដាក់បញ្ចូល​នូវ​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ថ្មី​បន្ថែម​ទៅក្នុង​បណ្តាញ​ជាតិ និង​ផ្តល់ឱ្យ​អគ្គិសនី​កម្ពុជា​នូវ​ឧត្តមភាព​កាន់តែខ្លាំង​ក្នុង​វិស័យ​ថាមពល​»​។

លោក​បន្ថែមទៀត​ថា ជាមួយ​នឹង​កិច្ចខិតខំ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅពេល​នេះ លោក​រំពឹងថា នឹង​មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ថ្មីៗ​បន្ថែមទៀត​ដាក់ឱ្យ​ដំណើរការ​នៅពេល​ខាងមុខ​ដែល​មាន​ដូចជា ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​នៅ​កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ​។

តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ចន្លោះ​ពី​ ១៦ ទៅ ១៨ ភាគរយ​ ក្នុង ១ ​ឆ្នាំ លើកលែង​តែ​នៅក្នុង​ឆ្នាំ​ ២០១៨-២០១៩ ដែលមាន​កំណើន​ជា​គំហុក​រហូត​ទៅដល់ ២៥ ​ភាគរយ​។ បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចន្លោះ​ពី ៧០ ទៅ ៨០ ​ភាគរយ​នៃ​តម្រូវការ​ប្រើប្រាស់​សរុប ខណៈ​ចំណែក​នៅសល់​ត្រូវបាន​បំពេញ​ដោយ​ការទិញ​ពី​ប្រទេស​ជិតខាង​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ដំណាច់ឆ្នាំ​ ២០១៩ ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​មាន​តម្លៃ​សរុប ៦,១ ​ពាន់​លាន​ដុល្លារ​ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការកើនឡើង​នៃ​វិស័យ​ថាមពល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

របាយការណ៍​ប្រចាំឆ្នាំ​ ២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បង្ហាញ​ឱ្យ​ឃើញថា ប្រទេស​កម្ពុជា​បាន​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់ ២ ៨៧០, ៦៥ មេហ្គាវ៉ាត់​ នៅ​ឆ្នាំ​ ២០១៩ កើនឡើង​ពី ២ ៦៥០,២៦ មេហ្គាវ៉ាត់​នៅក្នុង​ឆ្នាំ​ ២០១៨៕ LA