The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គ​នាយកដ្ឋាន​គយ​នឹង​បង្កើន​ការ​ពិនិត្យ​លម្អិត​បែប​បទ​គយ​លើ​ទំនិញ​នាំ​ចេញ

អគ្គ​នាយកដ្ឋាន​គយ​នឹង​បង្កើន​ការ​ពិនិត្យ​លម្អិត​បែប​បទ​គយ​លើ​ទំនិញ​នាំ​ចេញ

អគ្គ​នាយកដ្ឋាន​គយ​នឹង​បង្កើន​ការ​ពិនិត្យ​លម្អិត​បែប​បទ​គយ​លើ​ទំនិញ​នាំ​ចេញ

130220_11
កម្មករនៅរោងម៉ាស៊ីនកិនស្រូវ ខ្មែរហ្វូត កំពុងលីអង្ករដែលកែច្នៃរួចសម្រាប់នាំាចេញ គយនឹងពង្រឹងបន្ថែមលើនីតិវិធីនាំចេញ ហេង ជីវ័ន

ភ្នំពេញៈ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នឹង​ចាប់​ផ្តើម​សិក្សា​នីតិវិធី​និង​បែប​បទ​គយ​លើ​មុខ​ទំនិញ​នាំ​ចេញ​ខណៈ​អ្នក​ជំនាញ​រំពឹង​ថា វា​នឹង​ជួយ​កែ​លម្អ​ប្រសិទ្ធ​ភាព ពាណិជ្ជកម្ម​ឲ្យ​កាន់​តែ​ប្រសើរ។

នីតិវិធី​គឺ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ទំនិញ​បាន​មក​ដល់ រហូត​បញ្ចេញ​ពី​គយ​។

លោក ប៉ែន ស៊ី​ម៉ន ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​សិក្សា​នេះ​នឹង​ក្លាយ​ជា​ឧបករណ៍​មួយ​ដើម្បី​វាស់​វែង​ការ​សម្រួល​ពាណិជ្ជកម្ម និង​ពី​កំណែ​ទម្រង់​ដែល​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត។

លោក​បន្ត​ថា៖ «នៅ​ពេល​ដែល​ការ​សម្រួល​ពាណិជ្ជកម្ម​បាន​ក្លាយ​ជា​អាទិភាព​សម្រាប់​ប្រទេស​ការ​សិក្សា​ពី​រយៈ​ពេល​បញ្ចេញ​ទំនិញ​ពី​គយ​បាន​ក្លាយ​ជា​ឧបករណ៍​ចាំ​បាច់​និង​ល្អ​បំផុត​។ នីតិវិធី​និង​បែប​បទ​គយ នឹង​ត្រូវ​ពិនិត្យ​មើល​លម្អិត​ដើម្បី​ស្វែង​រក​ក្នុង​ករណី​មាន​ការ​រាំង​ស្ទះ​ក្នុង​ដំណើរ​ការ​បញ្ចេញ​ទំនិញ​នាំ​ចេញ​និង​ទំនិញ​នំា​ចូល​»។

ការ​សិក្សារ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​ជំនួយ​ធនាគា​អភិវឌ្ឍន៍​អាស៊ី ADB និង អង្គការ​គយ​ពិភពលោក World Custom Organization ដែល​លទ្ធផល​នៃ​ការ​សិក្សារ​នេះ​នឹង​ត្រូវ​បង្ហាញ​នៅ​អំឡុង​ខែ ឧសភា​ខាង​មុខ។

លោក Peter Brimble នាយក​រង ធនាគា​អភិវឌ្ឍន៍​អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ខណៈ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​សមាជិក​នៃ​សហគម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ដូច្នេះ​ការ​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​និង គយ មាន​សារៈ​សំខាន់​ណាស់​ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ។​លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មាន​ការ​ប្រាកដ​ណាស់​ថា​ការ​សិក្សា​នេះ​នឹង​ក្លាយ​ជា​វិធី​មួយ​ដ៏​សំខាន់​ដើម្បី​លើក​កម្ពស់​ផលិត​ភាព​ប្រកួត​ប្រជែង​នៃ​ពាណិជ្ជកម្ម​កម្ពុជា​»​។

លោក គឹម សាវុធ ប្រធាន​សម្ព័ន្ធ​អ្នក​នំា​ចេញ​អង្ករ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​គំនិត​សិក្សា​នេះ​ដែល​លោក​រំពឹង​ថា​វា​នឹង​ជួយ​សម្រួល​ដល់​វិស័យ​នំា​ចេញ​របស់​ប្រទេស​ឲ្យ​កាន់​តែ​ប្រសើរ​។

លោក​បន្ត​ថា បែប​បទ​និង​រយៈ​ពេល​រត់​ឯកសារ​សម្រាប់​នាំ​ចេញ​អង្ករ​ដែល​ធ្វើ​ឡើង​ដោយ​គយ បច្ចុប្បន្ន​នេះ​មាន​ភាព​រហ័ស​ដែល​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ដល់​ការ​នាំ​ចេញ​ឡើយ​។ តែ​យ៉ាង​ណា​ក៏​ដោយ​លោក​មិន​សូវ​សប្បាយ​ចិត្ត​ចំពោះ​នីតិវិធី​ដែល​តម្រូវ​ឲ្យ​ស្កេន Container សម្រាប់​ទំនិញ​នំា​ចេញ នៅ​កំពង់​ផែ​ដែល​នេះ​គឺ​ជា​ផល​លំបាក​របស់​លោក​ក៏​ដូច​ជា​អ្នក​នំា​ចេញ​ជា​ច្រើន​ផ្សេង​ទៀត។​លោក​បន្ត​ថា៖ «វា​ធ្វើ​ឲ្យ​ខាត​ពេល​វេលា និង​ថវិកា ដែល​ចុង​ក្រោយ​ប៉ះ​ពាល់​ដល់​ផលិតភាព​នៃ​ការ​នំា​ចេញ។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​នីតិវិធី​នេះ​តែ​លើ​ទំនិញ​នាំ​ចូល»៕ PB

អត្ថបទគួរចាប់អារម្មណ៍