
លោក Johnson ផ្តល់សម្ភាសដល់អ្នកកាសែតបន្ទាប់ពីមកដល់ទីក្រុងប៊ីអារីត្ស។ រូត AFP
ក្រុងប៊ីអារីត្សៈ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាលពីថ្ងៃសៅរ៍បានជំរុញឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជម្រុះចោល «របាំងដ៏ធំ» ចំពោះក្រុមហ៊ុនចក្រភពអង់គ្លេសដែលស្វែងរកការនាំចេញទៅកាន់ទីផ្សារអាមេរិក ដោយនិយាយថាក្រុមហ៊ុនទាំងនោះប្រឈមហានិភ័យនៃការពន្យារពេលបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit)។
ថ្លែងក្នុងពេលដែលក្រុមប្រទេស G7 កំពុងស្ថិតក្នុងទីក្រុងប៊ីអារីត្ស លោក Johnson ចង្អុលបង្ហាញទៅកាន់ផលិតផលជាច្រើនរបស់ចក្រភពអង់គ្លេស ដែលមានចាប់ពីកម្រាលងូតទឹកក្នុងបន្ទប់ទឹករហូតដល់នំ សាច់ជ្រូកដែលគួរឲ្យឆ្ងាញ់ដែលលោកបាននិយាយថាមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអាមេរិក។
លោក Johnson បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថា មានឱកាសដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស ប៉ុន្តែយើងត្រូវយល់ថា វាមិនមែនថាធ្វើដំណើរទៅដោយរលូននោះទេ»។
លោកថ្លែងថា៖ «នៅមានរបាំងដ៏ធំខ្លាំងនៅសហរដ្ឋអាមេរិកចំពោះក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសដែលមិនត្រូវបានគេយល់ទូលំទូលាយ»។ លោកបានបន្ថែមថា លោកបានលើកឡើងបញ្ហានេះនៅក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយនឹងនិយាយម្តងទៀតនៅពេលមេដឹកនាំទាំង ២ ជួបគ្នាសម្រាប់កិច្ចពិភាក្សាទ្វេភាគីនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ។
លោកបន្ថែមថា៖ «វាមានសារៈសំខាន់ខ្លាំង ប្រសិនបើយើងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏អស្ចារ្យមួយ។ វាជាពាណិជ្ជកម្មសេរីមួយដែលធ្វើការដើម្បីប្រយោជន៍របស់ក្រុមហ៊ុនអង់គ្លេស»។
លោក Johnson និងអ្នកគាំទ្រ Brexit ផ្សេងទៀតមើលឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយសហរដ្ឋអាមេរិកថាជាគន្លឹះឆ្ពោះទៅរកការបង្កើតភាពជោគជ័យរបស់ Brexit តាមរយៈការបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនអង់គ្លេស។
បញ្ហានេះអាចក្លាយជាបញ្ហាមិនចុះសម្រុងគ្នាមួយរវាងលោក Johnson និងលោក ត្រាំ ដោយអ្នកទាំង ២ មានទំនាក់ទំនងយ៉ាងកក់ក្តៅមុនពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានចូលកាន់អំណាចកាលពីខែមុន៕ KC