The Phnom Penh Post Search

Search form

អង់គ្លេស និង​ EU សម្រេច​​កិច្ច​ព្រម​ព្រៀង​​ស្តីពី​ដំណាក់​កាល​អន្តរកាល នៃ​ការ​ចាក​ចេញ​ពីសហភាព​​អឺរ៉ុប

Content image - Phnom Penh Post
ទង់​ជាតិ​របស់​ចក្រភពអង់គ្លេស និង​សហភាព​អឺរ៉ុប​ នៅ​មុខរដ្ឋសភា​អង់គ្លេស​ក្នុងទីក្រុង​ឡុងដ៏។ រូបថត AFP

អង់គ្លេស និង​ EU សម្រេច​​កិច្ច​ព្រម​ព្រៀង​​ស្តីពី​ដំណាក់​កាល​អន្តរកាល នៃ​ការ​ចាក​ចេញ​ពីសហភាព​​អឺរ៉ុប

ក្រុង​ព្រុចសែលៈ ចក្រភព​អង់គ្លេស និង​សហ​ភាព​អឺរ៉ុប​​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​​ជា​ប្រវត្តិសាស្រ្ត​មួយ​ស្តីពី​ដំណាក់​កាល​អន្តរកាល ដែល​នឹង​មើល​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ឡុងដ៏​នឹង​អនុវត្ត​តាម​ច្បាប់​របស់​ប្លុក​មួយ​នេះ​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​បន្ទាប់​ពីចែក​ផ្លូវ​គ្នា។

ប្រធាន​ក្រុម​អ្នក​ចរចា​របស់​សហភាព​អឺរ៉ុប​លោក Michel Barnier និង​សមភាគី​របស់​លោក​គឺលោក David Davis បាន​ឲ្យដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ ដែល​មេ​ដឹកនាំ​អឺរ៉ុប​នឹង​ចុះ​ហត្ថលេខា​នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​មួយ​នៅ​សប្តាហ៍​នេះ គឺជា «ជំហ៊ាន​ចុង​ក្រោយ» មួយ។

ភាគី​ទាំង​ពីរ ក៏​បាន​ព្រមព្រៀង​គ្នា​ផងដែរ​ស្តី​ពី​ដំណោះ​ស្រាយ​មួយ​សម្រាប់​បញ្ហា​អនាគត​នៃ​ព្រំដែន​របស់​អៀរឡង់ ពោ​ល​គឺ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បាន​ឲ្យ​ដឹង​ថា គ្មាន​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​ណា​ដែល​អាច​ទទួល​យក​គំនិ​ត​បែប​នេះ​នោះ​ទេ។

កិច្ច​ព្រមព្រៀង​ ដែលសម្រេច​បាន​បន្ទាប់​ពី​អ្វី​ដែល​លោក Barnier បាន​ហៅ​ថា​ជា​ចុង​សប្តាហ៍​នៃការ​ពិភាក្សា​ «ដ៏​ខ្លាំង​ក្លា» នៅ​ក្នុងទីក្រុង​ព្រុចសែល​នោះ​ ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ពិភាក្សា​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​មួយ ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ និង​បាន​ជំរុញ​ឲ្យ​ប្រាក់​​ផោន​អង់គ្លេស​ឡើង​ថ្លៃ។

លោក Barnier បានថ្លែង​ថា ដំណាក់​កាល​អន្តរកាល​នេះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ដែល​អង់គ្លេស​នឹង​ចាក​ចេញ​ពី​សហ​ភាព​អឺរ៉ុប គឺ​នៅ​ថ្ងៃ​ទី ២៩ ខែ មីនា ឆ្នាំ ២០១៩ រហូត​ដល់​ថ្ងៃទី ៣១ ខែ​​ធ្នូ ឆ្នាំ ២០២០។ ក្នុង​អំឡុង​ពេល​នេះ ចក្រភព​អង់គ្លេស «នឹងលែង​​ចូលរួម​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​សហ​ភាព​អឺរ៉ុប» ទៀត​ហើយ៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍