ឡុងដ៍ៈ លោក Boris Johnson នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេសបានប្រាប់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអាទិត្យថា លោកនឹងមិនពន្យារពេល Brexit ឲ្យហួសពីថ្ងៃទី ៣១ ខែ តុលា ឡើយ ដោយលោកបញ្ជាក់ថា សំណើចុងក្រោយបំផុតរបស់លោក គឺជាឱកាសចុងក្រោយដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ។
អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ដ្រីបានលើកឡើងថាលោក Johnson បានប្រាប់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា៖ «EU មិនគួរត្រូវបានលួងលោមឲ្យមានការជឿដោយយល់ខុសថា ចក្រភពអង់គ្លេសនឹងបន្តស្ថិតក្នុង EU បន្ទាប់ពីថ្ងៃទី ៣១ ខែតុលា នោះឡើយ»។
លោក Johnson បានឲ្យដឹងថាលោកនឹងមិនស្នើឲ្យមានការពន្យារពេលទៀតទេ បើទោះបីជាសមាជិកសភាចក្រភពអង់គ្លេសបានអនុម័តច្បាប់មួយកាលពីខែមុនដែលតម្រូវឲ្យរូបលោកត្រូវតែស្វែងរកការពន្យារពេល Brexit ផ្សេងទៀត ប្រសិនបើបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងមួយនៅត្រឹមពេលបញ្ចប់កិច្ចប្រជុំកំពូលរបស់ EU នាថ្ងៃទី ១៧ និងទី ១៨ ខែតុលា ខាងមុខ។
ប្រភពពីខុទ្ទកាល័យនាយករដ្ឋមន្ដ្រីបានឲ្យដឹងថាច្បាប់នេះ «កំពុងធ្វើឲ្យខូចការចរចា»។
ប្រភពដដែលបានបន្ថែមទៀតថា៖ «ចក្រភពអង់គ្លេសបានធ្វើការស្នើសុំដ៏សំខាន់មួយ ប៉ុន្តែពេលនេះវាដល់ពេលសម្រាប់គណៈកម្មការអឺរ៉ុបដែលត្រូវបង្ហាញឆន្ទៈក្នុងការសម្របសម្រួលផងដែរ។ ប្រសិនមិនមានការសម្របសម្រួល UK នឹងចាកចេញដោយមិនមានកិច្ចព្រមព្រៀង»។
មេដឹកនាំអឺរ៉ុបបានប្រតិកម្មដោយមិនពេញចិត្តចំពោះការស្នើសុំចុងក្រោយបំផុតរបស់ទីក្រុងឡុងដ៍។
ចក្រភពអង់គ្លេសបានជំរុញឲ្យ EU ត្រូវពង្រឹងការចរចាជុំវិញសំណើនេះ ខណៈមេដឹកនាំអឺរ៉ុបបានព្រមានថា ចក្រភពអង់គ្លេសត្រូវតែកែសម្រួលផែនការរបស់ខ្លួននៅក្នុងរយៈពេលជាច្រើនថ្ងៃ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយនៅខែនេះ។
លោក Stephen Barclay រដ្ឋមន្ដ្រី Brexit បានឲ្យដឹងថា ប្លុកនេះចាំបាច់ត្រូវបង្ហាញ «ភាពច្នៃប្រឌិត និងភាពបត់បែន» មុនថ្ងៃទី ៣១ ខែតុលា នៅពេលលោក Johnson បានប្ដេជ្ញាថា នឹងបញ្ចប់សមាជិកភាព EU រយៈពេល ៤៦ ឆ្នាំរបស់ប្រទេសនេះដោយមាន ឬមិនមានកិច្ចព្រមព្រៀង។
ជាមួយនឹង EU ស្នើឲ្យមានសំណើដែលកែតម្រូវឡើងវិញក្នុងរយៈពេលជាច្រើនថ្ងៃ អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីបានឲ្យដឹងថាលោក ម៉ាក្រុង បានយល់ព្រមក្នុងការហៅទូរស័ព្ទរបស់លោកជាមួយលោក Johnson ថា ការចរចារវាងក្រុមរបស់លោក Michel Barnier អ្នកចរចាជាន់ខ្ពស់របស់ EU និងមន្ដ្រីចក្រភពអង់គ្លេស គួរតែបន្តក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខទៀត ដើម្បីវាយតម្លៃ ប្រសិនបើកិច្ចព្រមព្រៀងមួយអាចធ្វើទៅបានត្រឹមចុងសប្ដាហ៍នេះ។
លោក Barclay បានបញ្ជាក់ថា គំនិតរបស់លោក Johnson បានដាក់ជាផ្លូវការទៅទីក្រុងប្រ៊ុចសែល រួចហើយវាគឺជា «តំបន់ចាប់ផ្ដើមមួយ» ហើយ «ការចរចាដ៏តានតឹង» នៅពេលនេះមានភាពចាំបាច់ខ្លាំង។
លោកបានប្រាប់ទូរទស្សន៍ BBC ថា៖ «យើងបានដាក់ចេញសំណើដ៏ប្រាកដប្រជាបំផុតដែលរួមទាំងការសម្របសម្រួលរបស់យើងផងដែរ»។
លោក Barclay បន្ថែមទៀតថារដ្ឋាភិបាលកំពុងពិចារណាការរៀបចំការបោះឆ្នោតសភា មុនពេលកិច្ចប្រជុំកំពូលរបស់ EU ដើម្បីបង្ហាញទីក្រុងប្រ៊ុចសែលថា ផែនការនេះមានការគាំទ្រពីសមាជិកសភា។
មេដឹកនាំអឺរ៉ុបតាមការរាយការណ៍បានឲ្យដឹងថា បានប្រឆាំងនឹងការស្នើសុំរបស់ចក្រភពអង់គ្លេសក្នុងការពិភាក្សាដំបូងលើសំណើនេះដែលត្រូវបញ្ចប់នៅចុងសប្ដាហ៍នេះ ហើយពួកគេនឹងបន្តជាថ្មីនៅថ្ងៃចន្ទ ដោយវានឹងត្រូវអស់ពេលវេលាមុនពេលកិច្ចប្រជុំកំពូល EU។
មិនមានភាពមិនដាច់ស្រេចទេ
លោក Johnson បានចាប់ផ្ដើមទូរស័ព្ទទៅមេដឹកនាំអឺរ៉ុបកាលពីចុងសប្ដាហ៍មុន ដើម្បីបញ្ចុះបញ្ចូលសំណើរបស់លោកដែលថ្លែងទៅកាន់លោកនាយករដ្ឋមន្ដ្រីហូឡង់ Mark Rutte កាលពីថ្ងៃសៅរ៍។
លោក Rutte បានសរសេរលើ Twitter ថា លោកបានប្រាប់លោក Johnson «ពីសំណួរសំខាន់ជាច្រើនអំពីសំណើរបស់ចក្រភពអង់គ្លេស» និង «មានការងារជាច្រើនត្រូវធ្វើមុនពេល» កិច្ចប្រជុំកំពូលរបស់ EU។
លោក Barnier និយាយក្នុងកម្មវិធីមួយក្នុងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ថា វានឹងមានការពិបាកខ្លាំងក្នុងការសម្រេចបានកិច្ចព្រមព្រៀង។
មេដឹកនាំចក្រភពអង់គ្លេសកំពុងសង្ឃឹមថា ការគំរាមកំហែងនៃការចាកចេញដោយមិនមានកិច្ចព្រមព្រៀងដ៏ច្របូកច្របល់ក្នុងរយៈពេលតិចជាង ៣ សប្ដាហ៍អាចបង្ខំឲ្យ EU ត្រូវធ្វើការសម្របសម្រួល។
លោក Barclay បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងគោរពតាមច្បាប់ដែលតម្រូវឲ្យលោក Johnson ត្រូវស្វែងរកការពន្យារពេលផ្សេងទៀត ប្រសិនបើមិនមានកិច្ចព្រមព្រៀងត្រូវសម្រេចបាន៕ LA