ក្រុងឡុងដ៍ៈ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ផែនការ​ទិដ្ឋាការ​រហ័ស​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ជាន់ខ្ពស់ ក្រុម​អ្នកស្រាវជ្រាវ និង​ក្រុម​គណិតវិទូ ខណៈ​ដែល​ប្រទេស​នេះ​រៀបចំ​ប្រព័ន្ធ​អន្ដោប្រវេសន៍​ថ្មី​មួយ​សម្រាប់​ជីវិត​នៅក្រៅ​សហភាព​អឺរ៉ុប (Brexit)​។

លោកនាយក​រដ្ឋមន្ដ្រី Boris Johnson បាន​បង្ហាញ​ផែនការ​នេះ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល Brexit ឈានចូល​មកដល់​នៅ​ថ្ងៃទី​ ៣១ ខែមករា​។

ការបារម្ភ​អំពី​អន្តោប្រវេសន៍​ទ្រង់ទ្រាយ​ធំ​គឺជា​កម្លាំង​ជំរុញ​មួយ​នៅក្នុង​យុទ្ធនាការ​ឆ្នាំ​ ២០១៦ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ចាកចេញ ឬ​រក្សា​នៅក្នុង​សហភាព​អឺរ៉ុប (EU) ហើយ​លោក Johnson បាន​សន្យាថា​នឹង​បញ្ចប់​ការធ្វើ​ដំណើរ​ដោយ​សេរី​ជាមួយ​ប្លុក​នេះ​។

ប៉ុន្តែ​លោក​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​នៅពេល​យើង​ចាកចេញ​ពី EU ខ្ញុំ​ចង់​បញ្ជូន​សារ​មួយ​ថា ចក្រភព​អង់គ្លេស (UK) គឺ​បើកចំហ​គំនិត​ដែលមាន​ទេពកោសល្យ​ខ្លាំង​បំផុត​លើ​ពិភពលោក និង​ត្រៀម​រួចហើយ​ក្នុង​ការគាំទ្រ​ពួកគេ ដើម្បី​ប្រែក្លាយ​គំនិត​របស់​ពួកគេ​ឲ្យ​ទៅជា​ការពិត​»​។

ការធ្វើដំណើរ​ដោយ​សេរី​នៅ EU នឹង​បន្ត​រយៈពេល ១១ ​ខែ បន្ទាប់ពី Brexit ក្នុងអំឡុងពេល​អន្តរ​កាល​ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​អាច​ឲ្យ​ទីក្រុង​ឡុងដ៍ និង​ទីក្រុង​ប្រ៊ុចសែល​យល់ព្រម​លើ​ភាព​ជា​ដៃគូ​នៅពេល​អនាគត​ថ្មី​មួយ​។

រដ្ឋាភិបាល​សង្ឃឹមថា​នឹង​បង្ហាញ​ប្រព័ន្ធ​អន្ដោប្រវេសន៍​ដែល​ផ្អែកលើ​ពិន្ទុ​ថ្មី​មួយ នៅ​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២១ សម្រាប់​ពលរដ្ឋ EU និង​ពលរដ្ឋ​មិនមែន EU ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៅតែ​កំពុងដំណើរការ​នៅឡើយ​។

ប្រព័ន្ធ​ទិដ្ឋាការ​ទេពកោសល្យ​ពិភពលោក (Global Talent) ដែល​ត្រូវ​ប្រកាស​កាលពី​ថ្មីៗ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែក្រោយ ដើម្បី​ជំនួស​ផែនការ​ទិដ្ឋាការ (​ទេពកោសល្យ​ពិសេស​) កម្រិត​ទី​ ១​។

មាន​តែ​ទិដ្ឋាការ​ចាស់​ប្រហែល ៥៥០ ប៉ុណ្ណោះ​ត្រូវ​បានចេញ​កាលពី​ឆ្នាំ​ ២០១៨-២០១៩ ដែល​ទាប​ជាង​ច្រើន​ពី​កម្រិត​កំណត់​ចំនួន ២ ០០០ ហើយ​ក្រុមមន្ដ្រី​សង្ឃឹម​ថា ផែនការ​ទិដ្ឋាការ​ថ្មី​នេះ​ដែល​មិនមាន​កម្រិត​កំណត់​នឹង​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។

ទិដ្ឋាការ​នេះ​បើកចំហ​ចំពោះ​អ្នកដាក់​ពាក្យសុំ​កាន់តែ​ទូលំទូលាយ និង​ផ្ដល់​ផ្លូវ​កាន់តែ​ងាយស្រួល​ក្នុងការ​តាំង​លំនៅ​ក្នុង​ចក្រភព​អង់គ្លេស​។

រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​ដាក់ចេញ​នូវ​ទឹកប្រាក់​បន្ថែម ៣០០ ​លាន​ផោន (៣៥៦ ​លាន​អឺរ៉ូ​ស្មើនឹង​ ៣៩២ ​លាន​ដុល្លារ​) ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ការ «​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ពិសោធន៍ និង​វិទ្យាសាស្ដ្រ​គណិតវិទ្យា​ថ្មី​» ក្នុង​រយៈពេល ៥ ​ឆ្នាំក្រោយ​។

លោក Johnson បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ចក្រភព​អង់គ្លេស​មាន​ប្រវត្ដិសាស្ដ្រ​ប្រកប​ដោយ​មោទនភាព​មួយ​នៃ​ការរកឃើញ​វិទ្យាសាស្ដ្រ ប៉ុន្តែ​ដើម្បី​ដឹកនាំ​វិស័យនេះ និង​ប្រឈម​បញ្ហា​នៃ​អនាគត​ដែល​យើង​ចាំបាច់​ត្រូវ​បន្ត​វិនិយោគ​លើ​ការស្រាវជ្រាវ​ទេពកោសល្យ និង​ការស្រាវជ្រាវ​ទំនើប​បំផុត​៕ LA