
ភ្នំពេញៈ ទោះបីក្រុមហ៊ុនអឹមហ្វូនត្រូវបានក្ស័យធនហើយក្តីប៉ុន្តែគេនៅឃើញមានអង់តែនជាច្រើនលើដំបូលអគារនៅរាជធានីភ្នំពេញ ដែលមិនដំណើរការនិងត្រូវបានប្រកាសដាក់លក់។
បច្ចុប្បន្នលោក អ៊ុករី អភិបាលបណ្តោះអាសន្នក្រុមហ៊ុនអឹមហ្វូន កំពុងស្វែងរកអ្នកទិញសម្ភារ និងឧបករណ៍ផ្សេងៗរបស់ក្រុមហ៊ុនដែលនៅសល់រួមទាំងអង់តែនផងដើម្បីសងលុយម្ចាស់បំណុល។ លោកបន្តថា៖ «យើងមាននៅសល់អង់តែនជាច្រើនតែយើងអត់សូវមានអ្នកចង់ទិញឧបករណ៍ទាំងនេះសោះ»។
លោកKevin Der Arslanian អ្នកវិភាគពាណិជ្ជកម្មប្រចំាវិទ្យាស្ថានស្រាវជ្រាវទីផ្សារនៅប្រទេសចិនលើកឡើងថាវានឹងមានបញ្ហាប្រឈមជាច្រើនក្នុងការលក់អង់តែនដែលនៅសល់នោះព្រោះថា ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ផ្សេងទៀតមិនមានតម្រូវការដោយសារពួកគេបានដំឡើងអង់តែននៅជិតនោះរួចទៅហើយ។
លោកបញ្ជាក់ថា៖ «អង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទជាច្រើនបានដំឡើងនៅជិតៗគ្នាដូច្នេះក្រុមហ៊ុនផ្សេងទៀតប្រហែលជាមិនចាំបាច់ត្រូវការអង់តែនទាំងនោះដើម្បីបន្ថែមលើប្រព័ន្ធដំណើរការរបស់ពួកគេឡើយ»។
នៅពេលដែលសួរថាតើប្រសិនបើលក់អង់តែននីមួយៗនឹងអាចមានតម្លៃប៉ុន្មានលោកអ៊ុក រី បានបញ្ជាក់ថា៖«វាអាស្រ័យលើការកំណត់របស់ទីផ្សារតាមរយៈការដាក់ឲ្យដេញថ្លៃនូវតម្លៃអង់តែននីមួយៗ»។
លោកម៉េង ឈរ ម្ចាស់ផ្ទះនៅម្តុំផ្សារដើមគដែលបានជួលទីតាំងលើដំបូលផ្ទះទៅឲ្យក្រុមហ៊ុនអឹមហ្វូនដើម្បីដំឡើងអង់តែនក្នុងកិច្ចសន្យា៣០០ដុល្លារក្នុងមួយខែបានឲ្យដឹងថាចាប់តាំងពីខែមករានេះមក លោកមិនដែលទទួលប្រាក់ពីការជួលទីតាំងនេះទៀតឡើយ។ បន្ថែមពីនេះគាត់មិនដែលមានព័ត៌មានឬកិច្ចពិភាក្សាណាមួយនៅឡើយទាក់ទងបញ្ហានេះនោះដែរ។
លោកបន្តថា៖«វាមិនបានជះឥទ្ធិពលអីដល់ស្ថានភាពគ្រួសារខ្ញុំឡើយ តែខ្ញុំគ្រាន់តែចង់ឲ្យមានការបញ្ជាក់ឲ្យបានច្បាស់ពីក្រុមហ៊ុនថាតើពួកគេនៅជួលបន្តឬ បញ្ឈប់»។ លោកបានបញ្ជាក់ថា តែវាជាការលំបាកដែរដោយសារក្រុមហ៊ុនបានក្ស័យធនទៅហើយ។
ម្ចាស់ផ្ទះម្នាក់ទៀតសូមមិនបញ្ចេញឈ្មោះដែលមានទីតាំងនៅខណ្ឌទួលគោកនិងបានជួលទីតាំងលើដំបូលផ្ទះរបស់គាត់ទៅឲ្យក្រុមហ៊ុន អឹមហ្វូនដែរនោះបានលើកឡើងថាកិច្ចសន្យានេះបានបញ្ចប់តាំងពីខែតុលាមកម្ល៉េះ ហើយបានធ្វើកិច្ចសន្យាថ្មីក្នុងតម្លៃ៥០០ ដុល្លារក្នុងមួយខែ។ តែចាប់តាំងពីមានកិច្ចសន្យាថ្មីនេះមកអ្នកស្រីមិនដែលបានទទួលប្រាក់ពីការជួលនេះឡើយ។អ្នកស្រីបន្តថា៖«ខាងក្រុមហ៊ុនអត់មានផ្តល់ដំណោះស្រាយអ្វីសោះគឺស្ងាត់ឈឹង។ បើសិនជាបន្តគួរផ្តល់ដំណឹង ហើយបើមិនបន្តទេសូមក្រុមហ៊ុនរុះអង់តែនចេញហើយសងលុយដែលជំពាក់ប្រាំមួយខែនេះមក»។
ក្រុមហ៊ុនអឹមហ្វូនបានជំពាក់បំណុលដល់ម្ចាស់បំណុលសរុប១៦០លានដុល្លារ។
លោក Peter Evans អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Budde ដែលស្រាវជ្រាវពីវិស័យទូរគមនាគមន៍ បានលើកឡើងថាទីផ្សារក្នុងវិស័យនេះហាក់មានសភាពស្មុគស្មាញដែលនេះអាចក្លាយជាផលវិបាកមួយដល់ក្រុមហ៊ុនក្នុងការចរចាលក់ឧបករណ៍របស់ខ្លួនដែលនៅសល់។
លោកបន្តថា៖«ក្រុមហ៊ុនអឹមហ្វូនគឺហាក់ដូចមានភាពលំបាកក្នុងការចរចាលក់អង់តែនដែលនៅសេសសល់ទាំងនោះ។ ខ្ញុំអាចនិយាយបានថាវាជាកិច្ចការដ៏លំបាកមួយសម្រាប់អ្នកទទួលខុសត្រូវចំពោះបញ្ហានេះ»។
ទោះជាយ៉ាងនេះក្តី លោក អ៊ុករី បានលើកឡើងថាការចរចាជាមួយភាគីដែលអាចទិញឧបករណ៍ទាំងនេះនឹងឈានទៅដល់ការសម្រេចនៅថ្ងៃណាមួយក្នុងពេលឆាប់ៗខាងមុខ៕