ភ្នំពេញៈ អង្ករផ្ការំដួលកម្ពុជា កាលពីម្សិលមិញត្រូវបានគេជ្រើសរើសជាអង្ករក្រអូបគុណភាពល្អផ្តាច់គេរបស់ពិភពលោកប្រចាំ ឆ្នាំ២០១៤ ក្នុងវេទិកាប្រកួតប្រជែងរសជាតិអង្ករពិភពលោក ដែលរៀបចំដោយស្ថាប័ន «បណ្តាញអ្នកជំនួញអង្ករ» ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ពានរង្វាន់អង្ករល្អជាងគេរបស់ពិភពលោកដែលកម្ពុជា ទទួលបានកាលពីម្សិលមិញគឺជាជ័យលាភីលេខ ១ ស្ទួនដែលទទួលបានជាមួយអង្កររបស់ ប្រទេសថៃ។ យ៉ាងណាក៏ដោយនេះជាពានរង្វាន់ដែលកម្ពុជាទទួលបានបីឆ្នាំជាប់ៗគ្នាគិតចាប់ពី ឆ្នាំ២០១២ មក។
វេទិកានៅឆ្នាំនេះបានធ្វើឡើងនៅកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ នេះជាលើក ទី៦ ហើយដែលវេទិកាប្រកួតប្រជែងអង្កររសជាតិឆ្ងាញ់របស់ពិភពលោកបានរៀបចំឡើង ហើយក្នុងចំណោមការប្រជែងទាំង ៦ លើកប្រទេសកម្ពុជា និង ប្រទេសថៃ បានទទួលជ័យលាភីស្មើគ្នាដោយម្នាក់ៗទទួលបានបីដង។
លោក Jeremy Zwinger ប្រធាន និង អគ្គនាយកបណ្តាញអ្នកជំនួញអង្ករបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ការប្រកួតរសជាតិអង្ករពិភពលោកនាឆ្នាំនេះមានប្រទេសផលិតអង្ករ ១៥ ចូលរួមហើយបានបញ្ជូនប៉ាន់នៃប្រភេទអង្ករសរុប ២៥។ ការវិនិច្ឆ័យដើម្បីផ្តល់ពានរង្វាន់នេះបានធ្វើឡើងដោយមានការចួលរួមពីចុងភៅលំដាប់អន្តរជាតិជាច្រើន ហើយបានពិនិត្យលើលក្ខខណ្ឌយ៉ាងច្រើនលើអង្ករដែលដាក់មកប្រកួតប្រជែងដូចជាពណ៌សម្បុរ ភាពឆ្ងាញ់ ភាពឈ្ងុញប្រវែងរបស់អង្ករ និងលក្ខខណ្ឌសំខាន់ជាច្រើនទៀត។
លោកបានឲ្យដឹងថា គណៈកម្មការទាំងអស់បានផ្តល់ពិន្ទុដោយសុក្រិត ហើយអង្ករពីប្រទេសកម្ពុជា និងថៃ បានទទួលពិន្ទុ ៥៣ ដូចគ្នា។
លោកថ្លែងថា៖ «អង្ករកម្ពុជាពិតជាអង្ករប្រណីតដែលសក្តិសមជាអង្កររសជាតិល្អបំផុតរបស់ពិភពលោកបីឆ្នាំជាប់ៗគ្នា» លោកបន្តថា បើទោះបីជាអង្ករពី ប្រទេសកម្ពុជា និងថៃបានទទួលពានរង្វាន់បីឆ្នាំដូចគ្នា តែកម្ពុជាបានទទួលបីឆ្នាំជាប់គ្នានៅឆ្នាំចុងក្រោយនេះ។
លោកអះអាងថា៖ «ដូច្នេះវាគឺជាកិត្តិយសដ៏ធំធេងមួយ។ ពេលអនាគតអង្ករកម្ពុជាពិតជាមានសក្តានុពលដ៏អស្ចារ្យខ្ញុំជឿជាក់លើគុណភាពអង្ករក្រអូបកម្ពុជា»។
វេទិកាប្រកួតប្រជែងរសជាតិអង្ករពិភពលោកប្រចាំឆ្នាំត្រូវបានរៀបចំឡើងលើកដំបូងតាំងពី ឆ្នាំ២០០៩។ អង្ករថៃ បានជាប់ជ័យលាភីនៅពីរឆ្នាំដំបូង បន្ទាប់មកអង្ករពី ប្រទេសមីយ៉ាន់ម៉ា បានទទួលពាននៅ ឆ្នាំ២០១១ ហើយចាប់ពី ឆ្នាំ២០១២-២០១៤ ពានរង្វាន់អង្ករល្អរបស់ពិភពលោកបានមកកម្ពុជាបីឆ្នាំជាប់ៗគ្នា។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា ជាអ្នកតំណាងអង្ករកម្ពុជា ដែលទទួលពានរង្វាន់បានឲ្យដឹងថា ការទទួលបានពានរង្វាន់អង្ករគុណភាពល្អផ្តាច់គេរបស់ពិភពលោកបីឆ្នាំជាប់ៗគ្នានេះគឺជាការសម្រេចបានដ៏ជោគជ័យក្នុងការកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
លោក ពុទ្ធិវុធ បញ្ជាក់ថា៖ «វាជាមោទនភាពសម្រាប់កម្ពុជាយើង។ យើងសង្ឃឹមថា កេរ្តិ៍ឈ្មោះអង្ករកម្ពុជានឹងកាន់តែល្បីឡើងលើឆាកអន្តរជាតិពីពេលនេះតទៅលោក Chookiat Ophaswongse ប្រធានកិត្តិយសសមាគមអ្នកនាំចេញអង្ករថៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញថា សមាគមលោកបានដាក់ប៉ាន់អង្ករ ៦ ប្រភេទក្នុងការប្រជែងនេះ ហើយការដែលទទួលបានជ័យលាភីស្ទួនជាមួយកម្ពុជានាពេលនេះគឺជាការសម្រេចបានដ៏ល្អ។
លោកបន្តថា លោកបានសង្កេតពីដំណើរវិវត្តន៍ដ៏វិជ្ជមានរបស់វិស័យអង្ករនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «អង្ករក្រអូបកម្ពុជានាពេលបច្ចុប្បន្នប្រភេទខ្លះគឺមានគុណភាពល្អជាងអង្ករថៃផង។ យើងពិតជារីករាយដែលបានឃើញការកើនឡើងដ៏ឆាប់រហ័សរបស់វិស័យអង្ករកម្ពុជា។ ខ្ញុំគិតថា កម្ពុជា និងថៃនាពេលអនាគត នឹងអាចសហការគ្នាក្នុងជំនួញអង្ករក្រអូប។ វានឹងក្លាយជាកិច្ចសហការដែលផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ»។
លោក សុក ដេវិដ អនុប្រធានក្រុមហ៊ុននាំចេញអង្ករ ហ្គោឌិន រ៉ាយស៍កម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ខណៈអង្ករកម្ពុជាត្រូវបានទទួលស្គាល់ច្រើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទទួលបានពានរង្វាន់បន្ថែមមួយទៀតនេះគឺជាភ័ស្តុតាងរឹតតែច្បាស់សម្រាប់ទីផ្សារសំខាន់ក្នុងការបង្កើនការចាប់អារម្មណ៍កម្ពុជា។
លោកបន្តថា កម្ពុជាមិនត្រឹមតែមានអង្ករក្រអូបតែមួយមុខប៉ុណ្ណោះនោះទេ តែកម្ពុជាក៏អាចផ្គត់ផ្គង់អង្ករគ្រប់ប្រភេទដល់ទីផ្សារផងដែរ។
លោកថ្លែងថា៖ «ប្រសិនបើអតិថិជនចង់បានអង្ករដែលមានតម្លៃទាបជាមួយនឹងគុណភាពអង្ករជាក់លាក់ណាមួយកម្ពុជាពិតជាអាចធ្វើបាន។ ខ្ញុំរំពឹងថា បរិមាណនាំចេញនឹងបន្តកើនឡើងនៅពីរទៅបីឆ្នាំបន្ទាប់ដើម្បីឈានដល់គោលដៅនាំចេញមួយលានតោនក្នុងពេលឆាប់ៗខាងមុខ»។
កម្ពុជាមានលទ្ធភាពនាំចេញអង្ករបាន ២៦៩ ៣៧០ លានតោនក្នុងរយៈពេល ៩ខែ ដំបូងគឺកើនឡើងត្រឹមតែ ១,២ ភាគរយប៉ុណ្ណោះធៀបនឹងចំនួន ២២៦ ១២៣ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះជាឱកាសដ៏អស្ចារ្យដែលកើតមានក្នុងកំណត់ត្រានៃប្រវត្តិអង្ករកម្ពុជា។ ខ្ញុំសង្ឃឹមថា កសិកររបស់យើងក៏នឹងទទួលបានប្រយោជន៍នេះផងដែរ ហើយនឹងត្រូវបានលើកទឹកចិត្តកាន់តែខ្លាំងឡើងក្នុងការបន្តផលិតអង្ករដែលមានគុណភាពល្អនេះទៀត»៕