ភ្នំពេញៈ កម្ពុជា​បាន​ត្រៀម​អង្ករ​ប្រមាណ ៣០ ០០០ ​តោន​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទីម័រ​ខាងកើត នាពេល​ដ៏ឆាប់ៗ​ខាងមុខ​នេះ ដែល​ជា​ការបើក​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ កាលពី​ថ្ងៃទី​ ១៧ ខែមេសា កន្លង​ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន ហ្គ្រីត្រេដ​នៃ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ទីម័រ​ខាងកើត ប្រចាំ​កម្ពុជា​លោក Ermenegildo Kupa Lopes បាន​លើក​សំណើសុំ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ប្រទេស​ទីម័រ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ប្រទេស​។

ក្នុងជំនួប​ជាមួយ​លោក Ermenegildo Kupa Lopes ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ទីម័រ​ខាងកើត​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​អង្គារ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​ត្រៀម​អង្ករ​រួចរាល់​ហើយ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​ទីម័រ​ខាងកើត​។

លោក​បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​រៀបចំ​ត្រៀម​អង្ករ​ចំនួន ៣០ ០០០ តោន ​រួចជាស្រេច​សម្រាប់​នាំទៅ​ប្រទេស​ទីម័រ​ខាងកើត ហើយ​សូម​ស្នើសុំ​ឲ្យ​ភាគី​ទីម័រ​ខាងកើត​ពិនិត្យ​លទ្ធភាព និង​ផ្ដល់ដំណឹង​ជូន​ដល់​កម្ពុជា​វិញ​ផង​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ជំរុញ និង​លើក​ទឹកចិត្ត​វិស័យ​ឯកជន​ប្រទេស​ទីម័រ​ខាងកើត​ឲ្យ​ចូលមក​បើក​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​កម្ពុជា ដើម្បី​នាំចេញ​អង្ករ​ទៅ​ទីម័រ​ខាងកើត​វិញ​។

លោក Ermenegildo Kupa Lopes បាន​និយាយថា ប្រទេស​ទីម័រ​ពិតជា​មានបំណង​នាំយក​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ខ្លួន ហើយ​ទីម័រ​ខាងកើត​ក៏មាន​កសិផល​មួយចំនួន​ដែល​អាច​នាំ​មក​ទីផ្សារ​កម្ពុជា​វិញ​ផងដែរ​។ លោក​ប្រាប់​ទៀត​ថា ចំណែក​នៅក្នុង​វិស័យ​ប្រេងឥន្ធនៈ ប្រទេស​ទីម័រ​អាច​នឹង​ផ្ដល់ឱកាស​ការងារ​ចំនួន ៣ ០០០ កន្លែង​ជូន​ដល់​ប្រជាជន​កម្ពុជា​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា សព្វថ្ងៃ​កម្ពុជា​មាន​អង្ករ​ស្តុក​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អង្ករ​នាំ​ចេញទៅ​ប្រទេស​ទីម័រ​ខាងកើត​។ អង្ករ​ដែល​ទីម័រ​ចង់​បាន​ពី​កម្ពុជា​គឺជា​ប្រភេទ​អង្ករស​។

លោក​បន្តថា ទីម័រ​ខាង​កើត​ជា​ប្រទេស​ដែលមាន​សក្តានុពល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។ លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា យើង​សង្ឃឹមថា ទីម័រ​ខាង​កើត​នឹង​ក្លាយជា​ទីផ្សារ​ថ្មី និង​រឹងមាំ​របស់​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​»​។

តាម​លោក សារ៉ន ប្រទេស​ទីម័រ​ខាងកើត​មិន​ធ្លាប់​ទិញ​អង្ករ​ពី​កម្ពុជា​ទេ ខណៈ​កន្លង​មក​ប្រទេស​នេះ​តែងតែ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ហ៊ុន ឡាក់ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មេសា​ថា ទីម័រ​ខាងកើត​បាន​ស្នើសុំ​ទិញ​អង្ករ​ពី​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការខ្វះខាត​ស្បៀង​ដោយសារ​ជំងឺ​កូវីដ​១៩​។ លោក​ប្រាប់​ទៀត​ថា ទោះបី​យ៉ាង​ណា ទីម័រ​មិនទាន់​បាន​បញ្ជាក់​ពី​បរិមាណ​អង្ករ​ដែល​ត្រូវការ​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​ភាគី​ទីម័រ​បញ្ជូន​លិខិត​ជា​ផ្លូវការ​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា​ដោយ​បញ្ជាក់​ពី​បរិមាណ​រយៈពេល​នៃ​ការផ្គត់ផ្គង់ និង​លក្ខខណ្ឌ​ផ្សេងទៀត​រួមមាន ការវេចខ្ចប់ ការដឹកជញ្ជូន និង​ប្រភេទ​អង្ករ ជាដើម​»​។

របាយការណ៍​នាំចេញ​អង្ករ​បង្ហាញ​ថា ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៣៥៦ ០៩៧ ​តោន​កើនឡើង ៤២,៣៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ២៥០ ១៧២ ​តោន​។ រីឯ​ទឹកប្រាក់​ដែល​ទទួលបាន​នៅក្នុង​រយៈពេល​ខាងលើ​នេះ​មាន​ចំនួន ២៤១ ​លាន​ដុល្លារ​៕ LA