ភ្នំពេញៈ​ អង្គការ​វេទិកា​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព ​(SRP​)​ ​អំពាវនាវ​ឲ្យ​មាន​ភាព​ជា​​​ដៃ​គូ​ឯកជន​សាធារណៈ​ដើម្បី​​ធានា​ការ​ផ្គត់ផ្គង់​អង្ករ​ពិភព​លោក​​ប្រកប​ដោយ​ស្ថិរភាព ​ខណៈ​វិស័យ​​នេះ​កំពុង​​ប្រឈម​​ផល​ប៉ះពាល់​​ជា​ច្រើន​ដោយ​សារ​ការ​ប្រែប្រួលអាកាស​ធាតុ​។​

នៅ​​ក្នុង​​​មហា​សន្និ​បាត​ប្រចាំ​ឆ្នាំ​​​​លើក​ទី​ ៨​ នៃ​វេទិកា​អង្ករ​ប្រកប​​ដោយ​ស្ថិរភាព ដែល​បាន​​រៀបចំ​​ឡើង​​នៅ​ខេត្ត​សៀមរាប​​​ នៅ​សប្ដាហ៍​នេះ ក្រុម​​ប្រតិភូ​​​ ១៥០ ​​នាក់ មក​ពី​សមាជិក​ភាព​ពិភព​លោក​របស់​ SRP ក្នុង​​ប្រទេស ​២៤ ​ជុំវិញ​ពិភព​លោក​ បាន​ពិភាក្សា​ភាព​ជា​ដៃគូ​ភាគី​ពាក់​​ព័ន្ធ​ជា​ច្រើន​​ ដើម្បី​ផ្លាស់​ប្តូរ​វិស័យ​​អង្ករ​ពិភព​លោក​។​

ពួក​គេ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​ក្រុមហ៊ុន​លក់​រាយ ​និង​យីហោ​នានា ចាំបាច់​ត្រូវ​ធ្វើ​ការងារ​រួម​គ្នា​​​ជា​មួយ​​ក្រុម​អ្នក​​វិទ្យា​សាស្ដ្រ​ គ្រឹះស្ថាន​​ហិរញ្ញវត្ថុ ​និង​ដៃ​គូ​អភិវឌ្ឍន៍​​ ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​​វៃឆ្លាត​ទៅ​លើ​អាកាស​ធាតុ​ក្នុង​ចំណោម​កសិករ​ស្រូវ​អង្ករ​ខ្នាត​តូច។​

SRP បាន​ឲ្យ​ដឹង​ថា​​៖ «​ភាគី​ពាក់​ព័ន្ធ​នានា​អាច​ធ្វើ​ការ​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការ​បង្កើន​ការ​អនុវត្ត​​ផលិតកម្ម​ឆ្លាតវៃ​​ផ្អែក​លើ​អាកាសធាតុ តាម​រយៈ​វិធី​សាស្ដ្រ​​សម្រប​សម្រួល​មួយ នឹង​ធានា​ការ​​ជំរុញ​គោល​នយោបាយ​ និង​​​បរិយាកាស​ទីផ្សារ​ ការ​ចាត់​វិធាន​ការ​​ចាំបាច់ ដូចជា​ឧបករណ៍​​ហិរញ្ញវត្ថុ និង​ឧបករណ៍​ទីផ្សារ​ កាត់​​បន្ថយ​ពន្ធ​នាំចូល​ និង​បង្កើត​ការ​លើក​ទឹក​ចិត្ត​ទីផ្សារ​ថ្មី​។​

អង្គការ​នេះ​ឲ្យ​ដឹង​ថា​៖​ «​វិធាន​​ការ​បន្ទាន់​ ចាំបាច់​ត្រូវ​កែ​លម្អ​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​អង្ករ​របស់​​ពិភព​លោក​ក្នុង​គ្រា​​មាន​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ ​និង​ការ​ខ្វះ​​ទឹក​​​ដល់​កសិករ​ដាំដុះ​ស្រូវ​​មាន​ដើម​ទុន​បន្តិច​បន្តួច​ ១៤​៤​ លាន​នាក់​របស់​ពិភព​​លោក​​»​។​

ព្រឹត្តិការណ៍​នេះ​​សហការ​រៀបចំ​ឡើង​ដោយ SRP ​អង្គការ​​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា ​និង​​ក្រុមហ៊ុន​ IFC ​ដោយ​មាន​ការ​ចូល​រួម​ធ្វើ​ជា​អធិបតី​ដោយ​លោក​ វេង​ សាខុន ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។​

លោក​ស្រី ​Kundhavi​ Kadiresan ជំនួយការ​អគ្គ​នាយក​ និង​​តំណាង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ របស់​អង្គការ​ស្បៀង​​អាហារ ​និង​​កសិកម្ម​ (FAO) របស់​អង្គការ​​សហ​ប្រជាជាតិ​ បាន​ឲ្យ​ដឹង​​ថា ស្ដង់​ដារ​នេះ​នឹង​ស្វែង​រក​ការ​បង្កើត​ទីផ្សារ​សម្រាប់​ស្រូវ​អង្ករ​ប្រកប​ដោយ​ស្ថិរភាព​ ឆ្លើយ​​តប​នឹង​តម្រូវ​ការ​រក​ប្រាក់​ចំណូល​សម្រាប់​កសិករ​ និង​ក្រុមហ៊ុន ​និង​ការ​ផលិត​ស្រូវ​អង្ករ​មាន​រសជាតិ​កាន់​តែ​ប្រសើរ​ សម្រាប់​អតិថិជន ​ខណៈ​កាត់​បន្ថយ​​ផល​ប៉ះពាល់​​លើ​បរិស្ថាន​​។​​

លោក​ស្រី​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​របស់​លោកស្រី​ នៅ​ក្នុង​​​មហា​សន្និបាត​របស់​ SRP ថា​៖ «​​SRP យក​ចិត្ត​​ទុក​ដាក់​ខ្លាំង​អំពី​ការ​ផ្ដល់​មធ្យោបាយ​ក្នុង​ការ​ផលិត​ស្រូវ​អង្ករ​​កាន់​តែ​ប្រសើរ​ គឺ​កាន់​តែ​ប្រសើរ​សម្រាប់​កសិករ ​កាន់​តែ​ប្រសើរ​សម្រាប់​បរិស្ថាន​ និង​កាន់​តែ​ប្រសើរ​សម្រាប់​កសិ​ពាណិជ្ជកម្ម​»។​ លោក​ស្រី​បន្ត​​​ថា​៖ «​​មាន​ការងារ​ច្រើន​ណាស់​ដែល​​យើង​ត្រូវ​ធ្វើ​។ ​​បើ​វា​​ពិត​ជា​ការងារ​ស្រួល​​ វា​នឹង​ត្រូវ​បាន​​ធ្វើ​​ឲ្យ​ហើយ​ត្រឹម​ពេល​នេះ​»។​

តាម​ការ​​ទទួល​យក​ស្ដង់ដារ​​​សម្រាប់​ការ​ដាំដុះ​ស្រូវ​ប្រកប​ដោយ​ស្ថិរភាព​របស់​ SRP ​កសិករ​ដាំដុះ​ស្រូវ​អាច​​​កាត់​បន្ថយ​​ការ​ប្រើប្រាស់​ទឹក​ និង​សារធាតុ​គីមី របស់​ពួក​គេ​ បង្កើន​ប្រាក់​ចំណូល​ និង​ការពារ​បរិស្ថាន​។​

សម្រាប់​ប្រទេស ​កម្ពុជា ​កាល​ពី​ឆ្នាំ ២​០១៨ ​ក្រុមហ៊ុន​ IFC​ ​ក្រុមហ៊ុន​ Mars ​Food and Battambang Rice Investment Co. Ltd បាន​ដំណើរការ​ភាព​ជា​ដៃគូ​ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​ស្ថិរភាព​នៃ​ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស ​កម្ពុជា​។​នេះ​បើ​តាម​ SRP។

SRP បាន​ឲ្យ​ដឹង​ថា ​ការ​កែ​លម្អ​ការ​ផលិត​ស្រូវ​អង្ករ​ និង​ការ​​លើក​កម្ពស់​ទំនាក់​ទំនង​ជា​មួយ​ចង្វាក់​តម្លៃ​អង្ករ​ពិភព​លោក​ នឹង​ជួយ​វិស័យ​កសិកម្ម​របស់​​កម្ពុជា​ ពង្រីក​លទ្ធភាព​ចូល​ទីផ្សារ​ បង្កើន​តម្លៃ​នាំចេញ និង​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​កសិករ​។​ ​​SRP បាន​បញ្ជាក់​ថា​៖ «​​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​ក្រោយ​កសិករ​​មាន​ដើម​ទុន​តូច​​ប្រហែ​ល​ ៩ ០០០ ​គ្រួសារ​ នឹង​ទទួល​​​ប្រយោជន៍​ពី​​ការ​ងាក​ទៅ​រក​ការ​អនុវត្ត​ការ​ធ្វើ​កសិកម្ម​ប្រកប​ដោយ​ស្ថិរភាព​ បច្ចេក​វិទ្យា​កសិកម្ម​វៃឆ្លាត និង​​ការ​បណ្ដុះ​បណ្ដាល​​ការ​យល់​ដឹង​​ផ្នែក​ហិរញ្ញវត្ថុ​»។​

ដោយ​បាន​ដាក់​ចេញ​​លើក​ដំបូង​កាល​ពី​ខែ​តុលា​ឆ្នាំ ​២០១​៥​ SRP បាន​ស្វែង​រក​ក្នុង​ការ​កាត់​បន្ថយ​​ផល​ប៉ះពាល់​​នៃ​ការ​ដាំដុះ​​ស្រូវ​ដល់​បរិស្ថាន។

នៅ​ក្នុង​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សហ​ប្រជាជាតិ ការ​​ផលិត​​ស្រូវ​​បាន​ប្រើប្រាស់​ទឹក​ស្រោច​ស្រព​ ៤០ ​ភាគរយ​របស់​ពិភព​លោក​ ​ហើ​យ​វាល​ស្រែ​​នៅ​​ទូទាំង​ពិភព​លោក​​​បំភាយ​​ឧស្ម័ន​មេតាន ​១០ ​ភាគរយ៕​LA