ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០ បាន​ស្នើ​សុំ​ជា​ថ្មី​ឲ្យ​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ណែនាំ​ដល់​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ​ផ្អាក​ការ​បង់​ប្រាក់​កម្ចី និង​ ការ​ប្រាក់​ យ៉ាង​តិច​ចំនួន ៣ ខែ​ដល់​អ្នក​ខ្ចី​ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩។

សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ​ចំនួន ១០៣ បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ៦ មេសា ឆ្នាំ​នេះ ឲ្យ​ដឹង​ថា ការ​ដាក់​ចេញ​វិធានការ​នេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ខ្ចី​ប្រាក់​នូវ​ឱកាស​ស្នាក់​នៅ​ផ្ទះ និង ​រក្សា​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជំងឺកូវីដ ១៩ ដែល​ពួកគេ​មិន​គួរ​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់​ដីធ្លី ឬ​ផ្ទះ​សម្បែង ប្រសិន​បើ​ពួកគេ​គ្មាន​លទ្ធភាព​បង់​ប្រាក់។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួមមាន អង្គការ សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស (LICADHO) និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) ជាដើម។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រាជ​រដ្ឋាភិបាល​ជួយ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដោយ​ដាក់​ចេញ​វិធានការ​ណែនាំ​ឱ្យ​វិស័យ​ហិរញ្ញ​វត្ថុ​ដែល​រក​ប្រាក់​ចំណេញ ដើម្បី​ជួយ​ទទួល​បន្ទុក​សេដ្ឋកិច្ច​ខ្លះ​របស់​អ្នក​ខ្ចី​ប្រាក់។

សេចក្តី​ការណ៍​នេះ ឲ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​កន្លង​មក មិន​បាន​ពេញ​លេញ​សម្រាប់​កម្ចី​ឥណទាន​ខ្នាត​តូច​ប្រមាណ ១០ ភាគរយ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ គឺ​មិន​គ្រប់​គ្រាន់ ដើម្បី​ដោះ​ស្រាយ​នឹង​ទំហំ​នៃ​វិបត្តិ​នេះ​ទេ៕