ភ្នំពេញៈ អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​កម្ពុជា​ (WWF-Cambodia) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជា​លើកដំបូង​ក្នុង​ការកសាង​ភាពជា​ដៃគូ​ពហុភាគី​សម្រាប់​ការលើកកម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។

លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា និង​លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ពីថ្ងៃ​ទី​ ១២ ខែ មករា ឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​បាន​លើកឡើងថា MoU ​នេះ​គឺជា​ឆន្ទៈ​រួមគ្នា​ក្នុង​ការគាំទ្រ​សកម្មភាព​ជា​ដៃគូ​ពហុភាគី​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​អាច​ចែករំលែក​ចំណេះដឹង និង​ព័ត៌មាន​ស្តីពី​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព ហើយ​អាច​ចូលរួម​ចំណែក​ទៅក្នុង​គោល​នយោបាយ​ជំរុញ​ខ្សែចង្វាក់​​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា MoU ​នេះ​ក៏​នឹង​ផ្តល់ឱកាស​ក្នុង​ការកសាង​សមត្ថភាព​ក្នុង​ការអនុវត្ត​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​ដើម្បី​លើកកម្ពស់​ការចូលរួម​ចំណែក​របស់​កសិករ​កៅស៊ូ​គ្រួសារ​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​របស់​ពួកគេ​។

អង្គការ​នេះ​បានឱ្យ​ដឹងថា កិច្ចសហការ​គ្នា​នេះ ស្ថិតក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ (BMZ) នៃ​ប្រទេស​អាល្លឺម៉ង់​តាមរយៈ​អង្គការ Welthungerhilfe​។ កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ពហុភាគី​នេះ​កំពុង​ត្រូវបាន​អនុវត្ត​ក្នុងប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​ប្រទេស​ថៃ និង​ភូមា​។

នៅ​ប្រទេស​កម្ពុជា កិច្ចសហប្រតិបត្តិការ​នេះ​មាន​រយៈពេល ៣ ​ឆ្នាំ ​ត្រូវ​បាន​ជំរុញ​ការចូលរួម និង​សហការ​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ រួមមាន រាជរដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​កសិករ​កៅស៊ូ​គ្រួសារ​ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ការជំរុញ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ និង​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​កសិករ​កៅស៊ូ​គ្រួសារ ជនជាតិដើម​ភាគតិច និង​កម្មករ​ក្នុង​ចម្ការកៅស៊ូ ជាដើម​។

លោក សេង ទៀក បានឱ្យ​ដឹងថា ការលើកកម្ពស់​ផលិតកម្ម​កៅស៊ូ​គ្រួសារ​ឱ្យមាន​និរន្តរភាព និង​ការទទួលខុសត្រូវ​តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​បច្ចេកទេស​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រទេស កម្ពុជា​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ និង​ចំណូល​សម្រាប់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធាន​ធម្មជាតិ តាមរយៈ​ការប្រើប្រាស់​ដី​ដាំ​កៅស៊ូ​ដែល​មាន​ស្រាប់​ឱ្យ​អស់​សុពលភាព និង​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​។

លោក សេង ទៀក បញ្ជាក់​ថា​៖ «​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​បើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​អង្គការ WWF កម្ពុជា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល​»​។

បច្ចុប្បន្ននេះ​កសិករ​កៅស៊ូ​គ្រួសារ​ ១០០ ​គ្រួសារ​ ដែល​រស់នៅ​ជុំវិញ​សហគមន៍​តំបន់​ការពារ​ចំនួន​ ៥ ​នៅ​ជិត​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​ក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF ហើយ​គម្រោង​នេះ​នឹង​បន្ត​ជំរុញ​ការចូលរួម​របស់​កសិករ​កៅស៊ូ​គ្រួសារ​រហូតដល់​ ៣០០ ​គ្រួសារ​ត្រឹម​ឆ្នាំ​ ២០២២​។

លោក ប៉ុល សុផា ថ្លែង​ថា​៖ «​ការកសាង​សមត្ថភាព និង​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​កសិករ​ដាំ​កៅស៊ូ និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ រួមទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ធ្វើឱ្យ​វិស័យ​កៅស៊ូ​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​ចីរភាព​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យដឹង​ទៀតថា ដើម្បី​ជា​ជំនួយស្មារតី​ក្នុង​ការអនុវត្ត​ផលិតកម្ម​កៅស៊ូ​ប្រកប​ដោយ​និរន្តរភាព អគ្គនាយកដ្ឋាន​កៅស៊ូ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អង្គការ WWF និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ (CRRI) ​បាន​សហការ​បោះពុម្ពផ្សាយ​សៀវភៅ​ណែនាំ​បច្ចេកទេស​សម្រាប់​ការអនុវត្ត​កសិកម្ម​ល្អ​ (GAP) ​នៃ​ការប្រមូល​ជ័រកៅស៊ូ និង​បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល ព្រមទាំង​បង្ហាញ​ការអនុវត្ត ដើម្បី​ទទួលបាន​បទពិសោធ​បច្ចេកទេស​ដោយផ្ទាល់​នៅតាម​ចម្ការកៅស៊ូ​គ្រួសារ​មួយចំនួន​ទៅដល់​កសិករ​ដាំដុះ​កៅស៊ូ​គ្រួសារ និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ​របស់​រាជរដ្ឋាភិបាល​សរុប​ចំនួន​ ៦០ នាក់​មកពី​ខេត្ត​ចំនួន ២០ ​នៃ​ប្រទេស​កម្ពុជា​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុង​បរិមាណ​សរុប ៣៤០ ០០០ តោន ដែលមាន​តម្លៃ​សរុប​ ៤៥៩ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២០​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ចេញ​តួលេខ​កៅស៊ូ​កាលពី​ដើម​ខែមករា ដែល​បង្ហាញ​ឱ្យ​ឃើញថា គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​ ៤០១ ៩១៤ ហិកតា ​ដោយ​ក្នុងនោះកៅស៊ូ​ឧស្សាហកម្ម​មាន​ចំនួន ២៤០ ៨១១ ហិកតា ​ដែល​ស្មើនឹង​ប្រមាណ​ ៦០ ភាគរយ​នៃ​ផ្ទៃដី​កៅស៊ូ​សរុប​ និង​ចំណែក​ក្រៅពី​នោះ​ជា​ចំនួន​កៅស៊ូ​គ្រួសារ​៕ LA